- ការអប់រំ

ទើបសម្រាលកូនថ្មីៗ ប្រើប្រពន្ធធ្វើកិច្ចការផ្ទះមិនរើសមុខ ពេលជួបរឿងអកុសល១ទើបស្ដាយក្រោយ

លី​សា មាន​អាយុ ២៥​ឆ្នាំ ​រស់​នៅ​ប្រទេស​ចិន ទើប​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​ចាស់ទុំ​ផ្សំផ្គុំ​ និង​ជា​បុរស​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​ទេ។ ពេល​រៀបការ​រួច​ប្ដី​បាន​បបួល​ប្រពន្ធ​ឲ្យទៅ​រស់នៅ​ជាមួយខាង​គ្រួសារ​គាត់។ ប៉ុន្មាន​ខែ​ក្រោយ​មក នាង​មាន​ផ្ទៃពោះ និង​សម្រាល​បាន​កូនស្រី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​។​​បន្ទាប់​ពី​សម្រាលកូន​នៅ​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ផ្ដល់​គ្រឿង​ជំនួយ​សុខភាព និង​ជីវជាតិ​បំប៉ន​ជាច្រើន​ដើម្បីឲ្យ លី​សា ឆាប់​មាន​កម្លាំងកំហែង​ឡើងវិញ អាង​មាន​ទឹកដោះ​បំបៅកូន​។ គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ លី​សា បន្ត​ស្នាក់​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​ក្នុង​មន្ទីរពេទ្យ ព្រោះ​នាង​នៅ​ខ្សោយ ហើយ​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​។​

​ប៉ុន្តែ ម្ដាយក្មេក និង​ប្ដី​របស់​នាង​មិន​បាន​យល់ព្រម​ឲ្យ​នាង​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ទេ ជាពិសេស​ម្ដាយក្មេក ដោយ​គាត់​ប្រាប់ លី​សា ថា “​វា​ជា​ការ​ឆ្លងទន្លេ​តាម​ធម្មជាតិ មិន​ចាំបាច់​ត្រូវ​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​ច្រើន​ថ្ងៃ​ទៀត​ទេ​។ កូន​អាច​ចេញទៅ​ផ្ទះ​នៅ​ថ្ងៃស្អែក​បាន​ហើយ​”​។ គ្រាន់តែ​ឮ​ម្ដាយ​និយាយ​ដូច្នេះ​ភ្លាម លី​សា ស្រងាកចិត្ត​ភ្លែត​។ ពេល​នេះ​ក្នុង​ចិត្ត​របស់ លី​សា ចង់​តែ​ឲ្យ​ម្ដាយបង្កើត​មក​នៅ​ក្បែរ​ប្រសើរ​ជាង​។

​នៅ​ថ្ងៃ​បន្ទាប់ ប្ដី​របស់​នាង​ក៏​ទទូច​ឲ្យ​នាង​ចេញពី​មន្ទីរពេទ្យឲ្យ​បាន​លឿន​មុនកំណត់ ទាំង​នាង​មិនទាន់​រឹង​មាំ​ដោយ​និយាយថា “​ឆាប់​ទៅផ្ទះ​ទៅ ផ្ទះ​យើង​ប្រសើរ​ជាង​នៅ​មន្ទីរពេទ្យ​នេះ​”​។ ពេល​គ្រូពេទ្យ​របស់​នាង​បានឮ​ការស្នើ​របស់​ប្ដី គ្រូពេទ្យ​បាន​ជំទាស់​ភ្លាមៗ ដោយ​អះអាង​ថា “​លី​សា មិនទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ នាង​ត្រូវ​ការពិនិត្យ​តាមដាន​បន្ត​ទៀត​មុន​ត្រលប់​ទៅ​ផ្ទះ​វិញ​”​។

​ចំណែក​ប្ដី និង​ម្ដាយក្មេក​នៅ​តែ​ប្រកាន់​ជំហរ​រឹងរូស​ចំពោះ​ការសម្រេចចិត្ត​ពួកគេ​ដែល​ចង់​ឲ្យ​លីសា ឆាប់​ត្រលប់​ទៅ​ផ្ទះ​កាន់តែ​លឿន​កាន់តែ​ល្អ “​ព្រោះ​បើ​នៅ​មន្ទីរពេទ្យ​ទៀត ប្រាកដ​ជា​អស់ប្រាក់​កាន់តែច្រើន យើង​មិន​ចង់​ចំណាយ​ប្រាក់​អត់​បាន​ការ​ទេ យើង​អាច​មើលថែ​នាង​នៅផ្ទះ​ដូច​នៅ​មន្ទីរពេទ្យ​អីចឹង​ដែរ​”​។ ម្ដាយក្មេក​និយាយ​ទៅកាន់​គ្រូពេទ្យ​។​

​គ្រូពេទ្យ​៖ ​“មិន​កើត​ទេ បើ​លី​សា ត្រលប់​ទៅ​ផ្ទះ​ពេលនេះ នាង​អាច​នឹង​សម្រាក​មិន​គ្រប់គ្រាន់​។ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្ត្រី​ជា​ម្ដាយ​ថ្មីថ្មោង​ម្នាក់ ដើម្បី​សម្រាក​ឲ្យបាន​ច្រើន​ព្រោះ​ពេល​សម្រាលកូន​នាង​បាត់បង់​កម្លាំង​ថាមពល​ស្ទើរ​អស់​ពី​ខ្លួន​”​។ ឯ​លី​សា ដឹង​ថា​ខ្លួនឯង​នៅ​មិនទាន់​មាន​កម្លាំង​ក៏​យល់​ស្រប​តាម​គ្រូពេទ្យ​ដែរ បើ​ទៅ​ផ្ទះ​នាង​ប្រាកដជា​មិន​បាន​សម្រាក​គ្រប់គ្រាន់​មែន​ហើយ​។​

​ទោះ​មាន​ការជំទាស់​លើក​ហេតុផល​យ៉ាងណា ម្ដាយក្មេក និង​ប្ដី​បន្ត​ទាមទារ​រហូត​ឲ្យ លី​សា ចេញ​ពី​មន្ទីរពេទ្យ​ទាល់តែ​បាន​សម្រេច​។ ពេល​ទៅដល់​ផ្ទះ​មិន​បាន​ប៉ុន្មាន នាង​ត្រូវ​ម្ដាយក្មេក​ប្រើ​ឲ្យ​ធ្វើ​កិច្ចការ​ផ្ទះ ​នេះ​បន្តិច ​នោះ​បន្តិច​។ នាង​មាន​អារម្មណ៍​តូចចិត្ត ព្រោះ​មិន​បាន​មើលថែ​កូន​ទើប​កើត​គ្រប់គ្រាន់ ពេលខ្លះ​សឹង​មិន​បាន​មើលមុខ​កូន ឬ​បំបៅកូន​ផង​។​

​ម្យ៉ាងទៀត ម្ដាយក្មេក និង​ប្ដី​ម៉ៅស្វិតនេះ មិន​ចូល​ចិត្ត​ជួល​ស្ត្រី​មេផ្ទះ​ឲ្យមក​ធ្វើ​កិច្ចការ​កំប៉ិ​ក​កំប៉ុ​កបែប​នេះឡើយ ព្រោះ​គិតថា​ជាការ​ចំណាយ​លុយ​ខ្ជះខ្ជាយ ដោយសារតែ លី​សា ធ្លាប់ធ្វើ​កិច្ចការ​ទាំងអស់​នោះ​បាន​។ ទោះ​ប្ដី​ដឹងថា លី​សា បាន​តស៊ូ​ជំនះ​ជាមួយ​កិច្ចការ​ផ្ទះ​ទាំង​សុខភាព​មិន​ទាន់​រឹងប៉ឹង​យ៉ាងណា ក៏​ប្ដី​គិតថា វា​ជា​អ្វីដែល លី​សា គួរ​ធ្វើ​ក្នុងនាម​ជា​ប្រពន្ធ​ដែរ​។ លី​សា មិន​អាច​តប​ត​ជា​មួយ​ប្ដី និង​ម្ដាយក្មេក​បាន នាង​ក៏​ទ្រាំ​ធ្វើ​ទាំង​បង្ខំ​។ ពេលខ្លះ​ពិបាក​ពេក នាង​ចង់​ហៅ​ម្ដាយ​បង្កើត​មកជួយ​មើល​ថែខ្លួន ប៉ុន្តែ​ខ្លាចក្រែង​មាន​ជម្លោះ​ជាមួយ​ម្ដាយក្មេក​។​

​ថ្ងៃមួយ​ នាង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ខុស​ប្រក្រតី ឈឺក្បាល ងងឹតមុខ​ធី​ងធោង​ចង់​ផ្ទុះ រួច​ក៏​ទៅសុំ​គេង​ក្នុង​បន្ទប់ ហើយ​ប្រាប់​ប្ដី និង​ម្ដាយក្មេក​ឲ្យ​ហូប​បាយមុន​នាង​ទៅ​។ ពេល​ដើរ​ទៅ​ដល់​បន្ទប់​គេង នាង​បាន​ដួល​លើ​កម្រាល​ឥដ្ឋ​ម្នាក់ឯង ឯ​កូនស្រី​នាង​យំ​ខ្លាំងៗ​ព្រោះ​ដល់​ម៉ោង​ឃ្លាន​បៅ​ដែរ​។ ចំណែក​ម្ដាយក្មេក​កំពុង​ហូបបាយ​ក៏​បាន​ស្រែក​ឲ្យ​កូនប្រសារ​ស្រី​ថា “​កូន​យំ​ខ្លាំង​ប៉ុណ្ណឹង​ហើយ នៅ​ដេក​ដល់​ណា​ទៀត​? ពិត​ជាម៉ែ​អត់​បាន​ការ​មែន​!”

​ទោះ​ឮ​សម្លេង​ក្មេង​យំ ម្ដាយក្មេក និង​ប្ដី​បន្ត​ហូបបាយ​ធ្វើ​មិនដឹង រហូត​ពួកគេ​ហូបបាយ​អស់​។ បន្ទាប់​ពី​បាយ​រួច ម្ដាយក្មេក​បាន​ស្រែកហៅ​កូនប្រសារ​ម្ដងទៀត​ថា “​ហេ ដល់​ម៉ោង​លាងចាន​ហើយ​” ប៉ុន្តែ លី​សា នៅ​មិនទាន់​ដឹងខ្លួន ឬ​មាន​អ្នក​អើពើ​ទៀត​។ ប្ដី​ចាប់ផ្ដើម​សង្ស័យ ក៏​ដើរ​ចូល​ទៅ​បន្ទប់​គេង ស្រាប់តែ​ឃើញ លី​សា ដេក​ដួល​លើ​ឥដ្ឋ មិន​កម្រើក និង​មិន​ដកដង្ហើម​សោះ​។ ឃើញ​សភាព​ធ្ងន់ធ្ងរ​បែប​នេះ ប្ដី​បាន​ស្រែក​ផ្អើលឆោឡោ រួច​ក៏​នាំ​នាង​ទៅឲ្យ​ពេទ្យ​សង្គ្រោះបន្ទាន់​។​

​ជា​អកុសល ពេល​ទៅដល់​មន្ទីរពេទ្យ ពេទ្យ​ប្រាប់ថា លី​សា បាន​ស្លាប់​ហើយ​។ ពេទ្យ​បាន​ធ្វើ​កោសល្យវិច័យ​បង្ហាញថា លី​សា ស្លាប់​ដោយសារ​អស់កម្លាំង​ខ្លាំង​ពេក និង​ស្ដ្រេ​ស​ដោយ​ធ្វើឲ្យ​បេះដូង​នាង​កាន់តែ​ខ្សោយ​ទៅៗ​។ ប្ដី​បាន​ទ្រហោយំ​ស្ទើរគាំ​ងទាំង​មិន​ជឿ​ថា ប្រពន្ធ​ខ្លួន​ស្លាប់ ព្រោះតែ​ថ្មីៗ​ពេក​។ ប្ដី​បាន​និយាយ​ទាំង​យំ​ក្ដុកក្ដួល​នៅ​មុខ​សព​ប្រពន្ធ​ថា “​អត់​ទោស​ឲ្យ​បងផង ប្រពន្ធ​សម្លាញ់ លី​សា​! វា​ជា​កំហុស​បង​!! បងខុស​ហើយ មិន​សម​ធ្វើ​ដាក់​ប្រពន្ធ​បែបនេះ​ទេ​”​។​

​ភ្លាមៗ​នោះ ម្ដាយក្មេក​បាន​មកដល់​មន្ទីរពេទ្យ​តាម​ក្រោយ ទើប​ឃើញ​កូនប្រសារ​ផុតដង្ហើម​ទៅហើយ​។ ដំណឹង​នេះ​ដឹង​ដល់​ម្ដាយបង្កើត ធ្វើឲ្យ​គាត់​ខឹង​ខ្លាំង​ទប់​កំហឹង​ស្ទើរ​មិន​ជាប់​ចំពោះ​ប្ដី និង​ម្ដាយក្មេក រួច​សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​តែម្ដង​ដោយសារតែ​ភាព​អាត្មានិយម គិតតែ​ផលប្រយោជន៍​ខ្លួនឯង និង​ធ្វេស​ប្រហែស​ចំពោះ​ម្ដាយ​ទើប​សម្រាលកូន​រួច​៕

​គំនិត​អប់រំ​៖ រឿងរ៉ាវ​នេះ​ចង់បង្ហាញ​ថា ភាព​អាត្មានិយម​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ​។ ទាំង​ប្ដី និង​ម្ដាយក្មេក មិន​ស្ដាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ទើប​ធ្វើឲ្យ​អ្នក​ជំងឺ​ស្លាប់​។ មនុស្ស​ជឿ​តៗ​គ្នា​ថា មាន​តែ​ប្រពន្ធ​ទេ​ត្រូវ​បម្រើ​គ្រួសារ និង​ត្រូវ​ធ្វើ​តាម​គ្រប់​ពាក្យ​របស់​ស្វាមី​ខ្លួន ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​ទម្លាប់​គិត​សុញ​បែបនេះ​មិន​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ឡើយ គឺ​ប្ដី​ក៏​អាច​ធ្វើ​កិច្ចការ​ផ្ទះ​បានដែរ​។ ប្ដី​ប្រពន្ធ​សម័យថ្មី ត្រូវ​ចេះ​គោរព​គ្នា ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក មិន​រើសអើង​ការងារ​ឲ្យតែ​ទំនេរ​ដៃ​ត្រូវ​ជួយ​គ្នា បើ​ចង់​ឲ្យ​គ្រួសារ​មាន​សុភមង្គល​ពិតប្រាកដ។

Leave a Reply

Your email address will not be published. Required fields are marked *