- ចំណេះដឹង

ទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧

អាជ្ញាធរជាតិអប្សរាបានធ្វើការចេញផ្សាយអំពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលវាគឺជាចម្ងល់ជាយូរ​មកហើយ​របស់​ប្រជាពលរដ្ឋកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ​ ទាក់ទងនឹងទម្រង់កាយ​វិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នក​ស្រាវជ្រាវ​ខ្លះ​យល់ថា ព្រះអង្គ​មានកាយ​វិការ​សមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ច្បាស់​តាមរយៈ​ការសន្និដ្ឋាន​របស់មតិ​នីមួយៗ​នៅ​ឡើយ។

សម្រាប់ការបង្ហាញពីភស្តុតាង​នៃកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលមានភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុង​កិច្ច​ប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់ លើកដៃប្រណម្យត្រឹមដើមទ្រូង។

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួន​នៃបដិមា​ព្រះបាទ​ជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។ ការរកឃេីញនេះ​ជាលទ្ធផលស្រាវជ្រាវថ្មីមួយ ដែលកើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំងនិងអាជ្ញាធរជាតិអប្សរា បាន​ជួយជា​បញ្ច័យ​ក្នុង​ការសន្និដ្ឋានអំពីទម្រង់កាយវិការនៃបដិមា។

ប្រភព៖spktliv

Leave a Reply

Your email address will not be published. Required fields are marked *