- ជំនឿ

ចឹងសោះ!! ហេតុផលដែលបុព្វបុរសរឺតាំងពី​​បុរាណ​កាលជឿលើកូនក្រក…

ជំនឿមន្តអាគមអូមអាម ជំនឿកូនក្រក ដែលខ្មែរយើងតាំងពីសម័យបុរាណ គ្រូលេងមន្តអាគមតែងតែមានជំនឿយ៉ាងមុតមាំថា របស់​​​នេះ​​ពិត​ជា​​ពូកែ​ស័ក្ដសិទ្ធិ អាចការពារ​សត្រូវមិនឲ្យ​មកបៀតបៀនខ្លួនបាន។ មកដល់សព្វថ្ងៃ ជំនឿនេះ​ត្រូវបានសាបរលាប​​ពី​ផ្នត់​​គំនិត​​ខ្មែរ​​​បន្តិច​​ម្ដងៗហើយ នៅសល់​ត្រឹមតែ​​ពាក្យបរម្បរា​ដែលឮតៗគ្នាប៉ុណ្ណោះ។

គ្រូអ្នកលេងមន្តអាគមមួយចំនួន​ដែលមានចិត្តពិសពុល កាចសាហាវព្រៃផ្សៃ អ្នកលេងមន្តអាគមទាំងនោះ ភាគច្រើនតែងតែ​មាន​កូន​​ក្រក​​ចាំ​ការពារ​​ខ្លួន​ជានិច្ច ព្រោះថា សូម្បីតែ​ប្រពន្ធកូន​ខ្លួនឯង​ក៏ហ៊ានសម្លាប់ដែរ ដើម្បីឲ្យខ្លួន​បានសម្រេច​មន្តអាគម ​បង្កើត​ជា​កូន​​ក្រក​នេះ។

ចំពោះជំនឿកូនក្រកនេះដែរ លោកតា បុន សយ មានវ័យ៨២ឆ្នាំ រស់នៅភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​​ប្រាប់​អ្នក​សារ​ពត៌មានយើងឲ្យដឹងថា បើតាមលោកតាលឺតៗ​ពីចាស់​បុរាណ បាននិទានត​គ្នា​ ទាក់ទងរឿង​កូនក្រក​នេះ​​ថា វាជា​វត្ថុ​ស័ក្តិ​សិទ្ធិ​​​ម្យ៉ាង​ដែលគ្រូមន្តអាគមចូលចិត្តលេង និងសែក​មន្តគាថា​ដាក់ទៅលើរបស់នោះ ដើម្បីឲ្យពូកែស័ក្តិសិទ្ធិ​នៅ​តាម​បម្រើ​ការពារ​ខ្លួន​​ជា​និច្ច។

លោក​តា​មានប្រសាសន៍បន្តទៀថា ចំពោះកូនក្រកនេះ គឺគេយកកូនមនុស្ស ឬកូន​សត្វដែលគេ​ពិឃាត​​យក​​ទៅ​ឆ្អើរឲ្យ​​ក្រៀម ​​រុំ​ដោយ​អំបោះ​​ឆៅ ​ហើយខ្មុកម្រ័ក្សណ៍ ប្រសិទ្ធី​​ឧបកិច្ចជាវត្ថុស័ក្ដសិទ្ធិ​​សម្រាប់ការពារខ្លួន ក្នុងពេល​មាន​អាសន្ន​ជាដើម។

លោកតាបានបន្ថែមទៀតថា កូនក្រកដែលរឹតតែងខ្លាំងពូកែស័ក្តិសិទ្ធិនោះ គឺមនុស្សមានកូនដំបូង ហើយកូននោះប្រុសទៀត គ្រូ​មន្ត​អាគម​​ខ្លះ​ ចង់​បាន​កូនក្រក​មកការពារខ្លួន នៅពេលដឹងថា​ស្រ្តីណាផ្ទៃពោះប្រហែល ៣ ឬ ៤ខែ គ្រូមន្តអាគម​អ្នកលេង​មន្តអាគម​នោះ អាច​​ទៅ​​លួច​ខ្វេះ ឬ វះពោះ​យកកូននោះ​មកឆ្អើរឲ្យក្រៀមរុំបោះឆៅ ហើយសែកមន្តអាគមគាថាដាក់លើកូនក្រក ដើម្បីឲ្យ​ក្លាយ​​ជាវត្ថុ​ស័ក្តិសិទ្ធិ អាច​ការពារ​គ្រោះ​មហន្តរាយផ្សេងៗ ការពារសត្រូវ ការពារពួកព្រាយបិសាច និងអាចផ្ដល់ដំណឹងផ្សេងៗ​ជាមុន​​ពី​សត្រូវ ដែលអាច​​នឹង​​កើត​​ឡើង​​នៅ​​ថ្ងៃ​​ខាងមុខ៕

ដោយ៖ អនត្តា
ប្រភព iknowblog.info

Leave a Reply

Your email address will not be published. Required fields are marked *