- ជំនឿ

ពេលមនុស្សស្លាប់ហេតុអ្វីបានជាចាំបាច់ដាក់ផ្កា ទៀន និង ធូប ក្នុងដៃសព?

ជាទូទៅ​មិន​ថា​ នៅ​អតីតកាល ឬ បច្ចុប្បន្ន​ឡើយ នៅពេល​មាន​មនុស្ស​ស្លាប់ យើង​គ្រប់គ្នា​តែងតែ​ឃើញគេ​រៀបចំ​នូវ​ទៀន ធូប និង ផ្កា ចង​ជា​បាច់​ ឬ មួយ​ដុំដាក់​ក្នុង​ដៃ​បុគ្គល​អ្នកដែលស្លាប់នោះ ។ តើអ្នកឆ្ងល់​ទេ ​ហេតុអ្វី​បានជា​មាន​ការធ្វើបែប​នេះ​ឡើង ? តើ​គេ​ធ្វើបែបនេះ​ដើម្បី​អ្វី ? ហើយ​តើ​ជំនឿ​ដាក់​ទៀន ធូប និង ផ្កា ក្នុង​ដៃ​បុ​គ្ក​ល​ស្លាប់​នោះ ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​ដែរ ?។

​ដើម្បី​ជាក់ច្បាស់ នា​ថ្ងៃនេះ​ យើង​សូម​បង្ហាញ​ពី​ហេតុផល ក៏ដូចជា​អត្ថន័យ​ខ្លះៗ​ក្នុងជំនឿខ្មែរបុរាណ មក​ជូន​ប្រិយមិត្ត​អ្នកអាន​ឱ្យបាន​ជ្រាប តាមរយៈ​រឿងដំណាល​ពី​បុរាណកាល​របស់​ខ្មែរ​មួយ ដែល​រឿង​នោះ​មាន​ដំណាល​ដូចតទៅ ៖

«​កាលពីមុន​មាន​ភិក្ខុ​មួយ​ព្រះអង្គ (​មិនបាន​បញ្ជាក់​ឈ្មោះ​ពិត​) លោក​មាន​ញោមប្រុស​ម្នាក់ ដែល​ញោមប្រុស​របស់លោក​គឺជា​ព្រានព្រៃ សម្លាប់សត្វ​ច្រើនណាស់​តាំងពីក្មេង​រហូតដល់​ចាស់ ។ លុះ​វេលា​ជិត​នឹង​ស្លាប់ ញោមប្រុស​របស់​ព្រះ​ភិក្ខុ​នោះបាន​ភ្លឹកស្មារតី​ទៅ​ឃើញ​សត្វ​ដែល​ខ្លួន​បានសម្លាប់​ដោយ​អកុសលចិត្ត ក៏​ស្រែ​ប្រាប់​ឱ្យ​ភិក្ខុ​ជា​កូន​ជួយ ។

ភិក្ខុ​ជា​កូន​ដឹងថា ញោម​ជា​ឪពុក​មានកម្ម​ច្រើន បានជា​ភ្លឹក​ទៅ​ឃើញ​សត្វ​ធាតុ​ដូច្នេះ ទើប​ចាត់​មនុស្ស​ឱ្យ​ទៅរក​ផ្កា ទៀន និង ធូប យកមក​រៀបចំ​ដាក់​ក្នុង​ដៃ​ញោមប្រុស រួច​ប្រាប់ថា «​ចូរ​ញោម​ខំ​សម្លឹងមើល​ផ្កា ទៀន និង ធូប ជា​គ្រឿង​បូជា​ព្រះ​រតនត្រ័យ​នេះ​ឱ្យ​ជាប់​» ។ ញោមប្រុស​នៃ​ភិក្ខុ​នោះ ក៏កើត​សទ្ធា​ជ្រះថ្លា មាន​ចិត្តជា​កុសល ក៏​ធ្វើតាម​ពាក្យ​កូន ។ លុះដល់​ស្លាប់ទៅ គាត់​ក៏បាន​កើត​នៅ​នា​ស្ថានសួគ៌​» ។​
​ដោយសារ​តែមាន​ជំនឿ​ដូច​ក្នុង​រឿងព្រេង​បុរាណ​នោះ​ហើយ ទើបបានជា​មនុស្ស​ជាន់ក្រោយ​ធ្វើតាម​តៗ​គ្នា​រៀងរហូតមក ដោយ​ប្រាថ្នា​ឱ្យ​អ្នកជំងឺ​យក​គុណព្រះរតនត្រ័យ​ជាទី​ពឹង ហើយ​ទំនៀម​ដាក់​ទៀន ធូប និង ផ្កា ដាក់​ក្នុង​ដៃ​បុគ្គល​អ្នកស្លាប់​នោះ ក៏ត្រូវ​បាន​ខ្មែរ​ជំនាន់​ក្រោយ​ធ្វើជា​ប់តៗគ្នា​រហូតមកដល់​សព្វថ្ងៃនេះ​តែម្តងទៅ ។​

​សម្រាប់​រឿងដំណាល​ខាងលើនេះ យើង​បាន​ដកស្រង់​ចេញពី​សៀវភៅ «​ប្រជុំរឿងព្រេង​ខ្មែរ ភាគ​ទី ៩» ដែល​បោះពុម្ពផ្សាយ​ឡើងវិញ​តាមច្បាប់​ដើម ដោយ​គ្រឹះស្ថាន​បោះពុម្ព និង ចែក​ផ្សាយ​នៃ​ក្រសួង​អប់រំ យុវជន និង កីឡា នាឆ្នាំ ២០០៩ ។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *