- Uncategorized

ជួយគាំទ្រផង!! ទីបំផុតខ្មែរអាចច្នៃផលិតចង្កឹះនិងឈើចាក់ធ្មេញ ដោយខ្លួនឯងហើយ….

របស់របរប្រើប្រាស់ប្រចាំថ្ងៃដែលមានចរាចរណ៍លើទីផ្សារកម្ពុជាយើងសព្វថ្ងៃភាគច្រើនគឺនាំចូលពីបណ្ដាលប្រទេសជិតខាង ខណៈអាជីវកម្មផលិតរបស់របរប្រើប្រាស់ទាំងនេះគឺចំណាយដើមទុនមិនសូវជាច្រើនប៉ុន្មានទេ បើធៀបនឹងរបរដទៃ។ បងប្អូនដែលមានបំណងចង់ចេញរកស៊ីតែមិនដឹងថាគួរចាប់មុខរបរអ្វី បងប្អូនអាចប្រឡូកក្នុងអាជីវកម្មទាំងនេះបាន ដែលអាជីវកម្មទាំងនេះមានដូចជា សិប្បកម្មផលិតចង្កឹះអនាម័យ និងសិប្បកម្មផលិតឈើចាក់ធ្មេញជាដើម។

ជាការពិតរបស់ប្រើប្រាស់ប្រចាំថ្ងៃទាំងពីរប្រភេទនេះខ្មែរយើងក៏អាចច្នៃផលិតដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុកបាន ប៉ុន្ដែហាក់មិនសូវមានអ្នកចាប់អារម្មណ៍លើអាជីវកម្មទាំងនេះប៉ុន្មានទេ ខណៈដែលរបរនេះចំណាយដើមទុនតែទៅលើម៉ាស៊ីនផលិតប៉ុណ្ណោះ។ រីឯវត្ថុធាតុដើមវិញ គឺមាននៅក្នុងស្រុកយើងស្រាប់ ដែលមានដូចជា ដើមត្នោតចាស់ៗ ត្នោតកំបុតចុង ឬដើមត្នោតដែលគេកាប់ចោលពេលសាងសង់ផ្លូវ(និយាយរួមទៅដើមត្នោតដែលគេលែងត្រូវការ ដូច្នេះវាមានតម្លៃទាប) និងដើមឬស្សី។

ដូច្នេះប្រសិនបើចង់បើកអាជីវកម្មធ្វើចង្កឹះឬឈើចាក់ធ្មេញនេះ បងប្អូនត្រូវកាមានដើមទុនមួយចំនួនដើម្បីទិញម៉ាស៊ីនផលិត ទីតាំងធំល្មម វត្ថុធាតុដើមសម្រាប់ផលិត និងកម្លាំងពលកម្ម (កម្មករ) មួយចំនួនផងដែរ។

ទន្ទឹមនឹងនេះដែរ សម្រាប់តម្លៃម៉ាស៊ីនបងប្អូនអាចធ្វើការសាកសួរទៅការដេប៉ូផ្គត់ផ្គង់គ្រឿងម៉ាស៊ីគ្រប់ប្រភេទ ហើយខាងដេប៉ូនីមួយៗនឹងប្រាប់ពីតម្លៃនិងទំហំដែលបងប្អូនត្រូវការ។ ពិសេសជាងនេះទៀតនោះ ដេប៉ូលក់ម៉ាស៊ីនផលិតចង្កឹះនិងឈើចាក់ធ្មេញ នឹងផ្ដល់ទាំងសេវាតំឡើងម៉ាស៊ីនជូនបងប្អូនដល់កន្លែងថែមទៀតងផង។

តោះងាកមកមើល អ្នកខេត្តព្រះវិហារផលិតចង្កឹះអនាម័យខ្មែរយើងម្តង

ជារួមសម្រាប់មុខរបរទាំងពីរដែលខ្ញុំបានលើកយកនិយាយខាងលើជាអាជីវកម្មដែលមិនទាន់មានអ្នកធ្វើទេ បើមានក៏មានតិចតួចនៅឡើយ តែតម្រូវការវាខ្ពស់ខ្លាំងណាស់ ព្រោះវាជារបស់ប្រើប្រាស់រាល់ថ្ងៃ។ ដូច្នេះសម្រាប់បងប្អូនដែលចង់ចេញរកស៊ីតែមិនដឹងថាគួរចាប់អាជីវកម្មអ្វី អាចសាកល្បងសិក្សា ពិចារណាលើរបរផលិតឈើចាក់ធ្មេញនិងចង្កឹះអនាម័យនេះបាន។

គួរបញ្ជាក់ផងដែរ ករណីម៉ាស៊ីនផលិតឈើចាក់ធ្មេញ ប្រហែលជាមិនទាន់មានអ្នកយកមកលក់ចែកចាយនៅឡើយទេ ដូច្នេះប្រសិនបើបងប្អូនចាប់អារម្មណ៍លើអាជីវកម្មនេះ បងប្អូនអាចធ្វើការទំនាក់ទំនងទៅដេប៉ូលក់គ្រឿងម៉ាស៊ីន ហើយធ្វើការកម្ម៉ងម៉ាស៊ីនដែលបងប្អូនត្រូវការ នោះគេនឹងនាំយកម៉ាស៊ីននោះមកជូនជាមិនខាន៕

អត្ថបទដោយ៖ សារ ធូរ៉ា

Leave a Reply

Your email address will not be published. Required fields are marked *