- ចំណេះដឹង

មានកូនខ្មែរតិចណាស់ដែលស្គាល់បា្រសាទមួយនេះ!! ចូលរួមអភិរក្សប្រាសាទចៅសាយទេវតាដែលជាមរតករូបីរបស់កម្ពុជា…

ប្រាសាទចៅសាយទេវតា ត្រូវបានស្ថាបនាឡើងនៅចុងស.វទី១១ ដើមស.វ.ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាប័ទ្មអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានទីតាំ ងស្ថិតនៅខាងកើតទ្វារជ័យនៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទធម្មនន្ទ។

ចំពោះការហៅឈ្មោះ ចៅសាយទេវតា មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ទេ តែបើ តាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះប្រាសាទនេះប្រហែលជាឈ្មោះមេទ័ពមានស្នាដៃល្អម្នាក់ក្នុងការធ្វើសឹកសង្គ្រាមឬអ្នកមានស្នាដៃក្នុងការធ្វើអ្វីមួយ។ សព្វថ្ងៃអ្នកស្រុកហៅឈ្មោះប្រាសាទនេះត្រឹមចៅសាយប៉ុណ្ណោះ មិនមានពាក្យទេវតានៅខាងចុងទេ នេះជាទម្លាប់របស់ខ្មែរដែលច្រើនប្រើឈ្មោះខ្លីៗ។

ប្រាសាទចៅសាយទេវតា មានរូបរាងតូចច្រឡឹង មានចម្លាក់ក្បូរក្បាច់ល្អវិចិត្រ រស់រវើក បែរមុខទៅទិសខាងកើតសំដៅស្ទឹងសៀមរាប មានស្រះ២ និងគូទឹកព័ទ្ធជុំវិញ តែបច្ចុប្បន្នស្រះនិងគូទឹករីងស្ងួតស្ទើរគ្មានរូបរាងដែលជំនួសដោយដើមឈើតូចធំជាច្រើនដុះក្នុងនោះ។

ថ្វីត្បិតប្រាសាទនេះស្ថិតនៅក្បែរប្រាសាទធំៗជាច្រើន តែហាក់ដូចជាស្ងប់ស្ងាត់ណាស់ព្រោះមិនសូវមានទេសចរចាប់អារម្មណ៍ច្រើនដូចប្រាសាទអង្គរវត្ត បាយ័ន និងតាព្រហ្មទេ។ លោក ឈួម ឆាត ប្រធានក្រុមគ្រប់គ្រងភ្នាក់ងារទេសចរប្រចាំការនៅប្រាសាទចៅសាយទេវតានិងប្រាសាទធម្មនន្ទ បានប្រាប់ថា ទេសចរដែលចូលមកមើលប្រាសាទទាំង២នេះក្នុង១ថ្ងៃបានប្រហែល២០០នាក់ជាងប៉ុណ្ណោះ ហើយភាគច្រើនជាជនជាតិចិន។ មូលហេតុដូច្នេះព្រោះប្រាសាទនេះតូច ហើយភ្ញៀវខ្លះមានរយៈពេលទស្សនាខ្លី ទើបពួកគេចាប់អារម្មណ៍តែប្រាសាទធំៗ។

ប្រាសាទនេះត្រូវបានជួសជុលដោយស្ថាប័នរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA ចាប់ពីឆ្នាំ១៩៩៨ ហើយបញ្ចប់នៅឆ្នាំ២០០៨។ មុនពេលជួសជុល ប្រាសាទនេះមានសភាពខូចខាតច្រើន ទោះជាតួកណ្ដាលនិងតួខាងកើតមានស្ថានភាពនៅល្អក៏ដោយ ប៉ុន្តែដំបូលនិងតួផ្សេងទៀតបានបាក់បែកស្ទើរទាំងអស់។ ជើងចម្លាក់និងជញ្ជាំងមួយចំនួនទ្រេតនិងខុសពីកន្លែងដើម។ អ្នកជំនាញបារាំងបានជួសជុលតួខាងលិចក្នុងទសវត្សឆ្នាំ១៩៥០ ប៉ុន្តែជើងចម្លាក់នៅកន្លែងផ្សេងទៀតខូចខាតតិចឬច្រើនដោយអន្លើ។

វិធីសាស្ត្រក្នុងការជួសជុលនិងអភិរក្សដែល CSA យកមកប្រើរួមមាន ការប្រមែប្រមូលនិង រៀបថ្មដែលនៅរាយប៉ាយឡើងវិញ រៀបចំជួសជុលជើងចម្លាក់និងយកទៅដាក់តាមកន្លែងដើម រៀបចំប្រព័ន្ធបង្ហូរទឹក ជួសជុលសំណង់ប្រាសាទ ពង្រឹងរចនាសម្ព័ន្ធ ស្ថាបត្យកម្ម ជួសជុលនឹងថែ ទាំថ្មដែលខូចខាត និងថ្មដែលល្អផ្សេងៗទៀត។ នៅពេលជួសជុលស្ថាប័ន CSA បានយកថ្មដែល នៅរាយប៉ាយមកដាក់កន្លែងដើមវិញបានចំនួនជាង៣០០០ដុំ។

ការងារអភិរក្សនេះបានចំណាយពេលជិតមួយទសវត្ស ការខូចខាតនិងគ្រោះថ្នាក់នៅប្រាសាទចៅសាយទេវតាត្រូវបានដោះស្រាយទាំងស្រុង ថ្មដែលបាក់ធ្លាក់បានរៀបចូលកន្លែងដើម ចំណែកថ្មខ្លះទៀតក៏ត្រូវបានជួសជុលនិងពង្រឹងឡើងវិញ ឱ្យមានសភាពដូចដើមទៅតាមរចនាប័ទ្ម លក្ខណៈស្ថាបត្យកម្ម រចនាសម្ព័ន្ធ សម្ភារៈសំណង់ និងបច្ចេកទេសសាងសង់៕

ប្រភព៖ apsaraauthority

Leave a Reply

Your email address will not be published. Required fields are marked *