- ចំណេះដឹង

កសិករចិញ្ចឹមគោគួរតែច្នៃអាចម៍គោមកចិញ្ចឹមជន្លេន ព្រោះជន្លេនមានទីផ្សារណាស់…

លោក សុខ បូរិន ជាម្ចាស់សិប្បកម្មផលិតម៉ាស៊ីផលិតចំណី កសិករ សហគ្រិន ដែលមានទីតាំងស្ថិត ភូមិ តាជោរិ៍ សង្កាត់ស្វាយតឿ ក្រុងនិងខេត្ដស្វាយរៀង។ ម៉ាស៊ីនផលិតចំណីសត្វដែលលោកបានច្នៃបង្កើតឡើង គឺមានដូចជាម៉ាស៊ីនផលិតហាន់ដើមចេក ម៉ាស៊ីកិនចំណីមាន់ទា និងម៉ាស៊ីនសូនចំណីត្រីជាដើម។

តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia ម្ចាស់សិប្បកម្ម កសិករ សហគ្រិន រូបនេះបានមានប្រសាសន៍ថា លោកមិនត្រឹមតែជាសិប្បករផលិតម៉ាស៊ីនតែមួយមុខនោះទេ លោកក៏ជាអ្នកស្រាវជ្រាវកសិកម្មតាមបែបសិរិរាង្គថែមទៀតផង។ លោកមានចិញ្ចឹមគោ និងសត្វផ្សេងៗទៀត ហើយក្នុងចំណោមសត្វទាំងនោះ ក៏មានចិញ្ចឹមជន្លេនផងដែរ។ ហើយមូលហេតុដែលលោកសម្រេចចិត្ដស្រាវជ្រាវក្នុងការចិញ្ចឹមជន្លេននេះ គឺដោយហេតុថា ជន្លេនមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការធ្វើកសិកម្ម។ មួយវិញទៀត ដោយសារលោកចិញ្ចឹមគោ ហើយកាកសំណង់ដែលនៅសល់ លោកបានយកវាទៅផលិតជាBiogas បន្ទាប់មកកាកសំណល់ដែលយកចេញពីឡ គឺត្រូវបានយកទៅធ្វើជាចំណីជន្លេន ឬចិញ្ចឹមជន្លេននោះឯង។

ម្ចាស់កសិដ្ឋានជន្លេនបានឲ្យដឹងថា លោកបានប្រឡូកក្នុងរបរចិញ្ចឹមជន្លេននេះ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដោយពេលចាប់ផ្ដើមដំបូង លោកចិញ្ចឹមមានពីរពូជ គឺពូជជន្លេនអាព្រិច និងជន្លេនក្រហម។ ក្រោយពីការធ្វើការសិក្សាស្រាវជ្រាវលើការចិញ្ចឹមជន្លេននេះ លោក បូរិន បានរកឃើញនូវបច្ចេកទេសក្នុងរៀបចំធ្នើរ និងបច្ចេកទេសក្នុងការចិញ្ចឹមដើម្បីឲ្យទទួលបានទិន្នផលខ្ពស់។ ជាងនេះទៀតលោក ក៏បានចែករំលែកបទពិសោធន៍និងផ្ដល់ពូជជន្លេនទៅកសិករក្នុងតំបន់ ដែលមានបំណងចង់សាកល្បងចិញ្ចឹមដូចលោកដែរ។

ដោយប្រឡូកក្នុងការចិញ្ចឹមជន្លេននេះអស់រយៈពេលជិត ៧ ឆ្នាំ លោក បូរិន បានបញ្ជាក់ទៀតថា ការចិញ្ចឹមជន្លេនគឺមានភាពងាយស្រួលខ្លាំងណាស់ ជន្លេនជាសត្វដែលចូលចិត្ដលាមកសត្វដូចជា អាចម៍គោ អាចម៍មាន់ និងអាចម៍ជ្រូកជាដើម។ ដូច្នេះសម្រាប់បងប្អូនកសិករដែលចិញ្ចឹមសត្វទាំងនេះ គួរច្នៃអាចម៍សត្វយកមកចិញ្ចឹមជន្លេន ព្រោះវាជាចំណីដែលមានប្រតេអុីនច្រើននិងល្អបំផុតសត្វចិញ្ចឹម។

គួរបញ្ជាក់ផងដែរថា ក្រៅតែពីលក់ជន្លេនក្នុងខេត្ដស្វាយរៀង លោក សុខ បូរិន ក៏មានលក់ពូជជន្លេនជាផើងផងដែរ។ ហើយមានបងប្អូននៅតាមបណ្ដាលខេត្ដនានា ក៏បានកម្មង់ទិញពូជពីលោកផងដែរ។ សម្រាប់បងបប្អូនដែលចង់ចេះបច្ចេកទេសចិញ្ចឹមជន្លេននិងទិញពូជ ឬចង់ទិញម៉ាស៊ីនកិនចំណីសត្វ អាចទាក់ទងទៅកាន់លោក សុខ បូរិន ដោយផ្ទាល់តាមរយៈលេខទូរសព្ទ៖ ០១៦ ៧២៦ ៧៦៤/ ០១១ ៧០៩ ៦៩៨៕

មានវីដេអូ

អត្ថបទដោយ៖ សារ ធូរ៉ា

Leave a Reply

Your email address will not be published. Required fields are marked *