បម្រែបម្រួលអ័រម៉ូន អំឡុងពេលពពោះ ធ្វើឲ្យស្រីៗយើងប្រែប្រួលរាងកាយយ៉ាងច្រើន។ បម្រែបម្រួលទាំងនេះ មិនត្រឹមតែមានលើអារម្មណ៍ និងរូបរាងប៉ុណ្ណោះទេ ថែមទាំងសម្រស់ និងស្បែកក៏ប្រែប្រួលដូចគ្នា។
ដោយសារស្បែកយើងត្រូវប្រឹងរីក យារតាមដំណាក់កាលពពោះ នឹងធ្វើឲ្យស្បែក បាត់បង់ភាពយឺត និងជាតិខ្លាញ់ដែលមាននាទីរក្សាសំណើមស្បែក ជាហេតុនាំឲ្យស្បែកស្ងួត បែកស្រកា និងឡើងក្រហម។ ស្រីៗពពោះភាគច្រើន ជួបបញ្ហានេះនៅលើតំបន់ពោះតែប៉ុណ្ណោះ តែក៏មានអ្នកខ្លះ មានអារម្មណ៍ថារមាស់ដៃ ទ្រូង និងភ្លៅផងដែរ។
២- សង្វារ
៩០% ក្នុងចំណោមស្រីៗពពោះ តែងជួបបញ្ហានេះ ហើយក៏ជាបញ្ហាគួរឲ្យភ័យខ្លាចបំផុត ចំពោះស្រីៗយើង។ សង្វារ ជាការដាច់ រហែកជាលិកាទ្រទ្រង់ក្រោមស្បែក ភាគច្រើនកើតឡើងនៅអំឡុងសប្តាហ៍ទី ១៣-២១ នៃការពពោះ ដោយមានពណ៌ផ្កាឈូក ក្រហម ឬស្វាយ។ តែក្រោយពេលសម្រាល ២-៣ សប្តាហ៍ អាចនឹងរលុបបាត់ទៅវិញបន្តិចម្តងៗ ដោយអ្នកខ្លះអាចនឹងបាត់ទាំងស្រុងតែម្តង។
៣- ឡើងសរសៃក្រហម
បញ្ហាស្បែកឡើងសរសៃក្រហម គឺដោយសារមានការឡើងប៉ោងខុសប្រក្រតីរបស់សរសៃឈាម។ បញ្ហានេះ កើតឡើងដោយការប្រែប្រួលអ័រម៉ូន និងកំណើនលំហូរចរន្តឈាម ហើយស្រីៗកំពុងពពោះ ងាយឡើងសរសៃក្រហមនេះនៅលើមុខ ទ្រូង ក ពោះ និងដៃ។ វាអាចមានរូបរាងជាចំណុចក្រហម មានសរសៃៗជុំវិញ មានរូបរាងដូចជើងពីងពាង។ តែបញ្ហានេះមិនធ្វើឲ្យរមាស់ ឬឈឺចាប់នោះទេ ដែលជាធម្មតា នឹងបាត់ទៅវិញក្រោយពេលសម្រាលរួច។ តែបើមិនបាត់ទៅវិញទេ អាចទៅព្យាបាល ដោយការបាញ់កាំរស្មី ដើម្បីបំបាត់បាន។
៤- រីកសរសៃវ៉ែន
ខុសពីការឡើងសរសៃក្រហម ករណីរីកសរសៃវ៉ែន ឡើងពកៗ ពណ៌ខៀវ ហើយធំជាងសរសៃវ៉ែនធម្មតា តែងកើតមានដូចគ្នា។ ទោះបីសរសៃវ៉ែនទាំងអស់អាចរីកបានមែន តែចំពោះស្រីៗពពោះ ភាគច្រើនឡើងវានៅជើង និងភ្លៅប៉ុណ្ណោះ។ ជាធម្មតា ការរីកសរសៃវ៉ែន មិនបង្កជាបញ្ហាអ្វីធំដុំនោះទេ តែពេលខ្លះ ក៏អាចធ្វើឲ្យឈឺតិចតួចដែរ។
៥- កើតមុន
អំឡុងសប្តាហ៍ទី ៦ នៃការពពោះ អ័រម៉ូនប្រូហ្គេស្តេរ៉ូន នឹងកើនឡើងយ៉ាងខ្លាំង ធ្វើឲ្យក្រពេញញើសបញ្ចេញសារធាតុសេបូមយ៉ាងច្រើន នាំឲ្យស្ទះរន្ធញើស និងបង្ករោគដោយបាក់តេរីលើមុខ ខ្នង និងទ្រូង។ ករណីខ្លះ បែរជាបានធូរស្រាលពីជំងឺមុនទៅវិញ ដោយសារកំណើនអ័រមូននេះ ទៅធ្វើឲ្យមានលំនឹងអ័រម៉ូន ដែលខ្វះមុនពេលពពោះ។
ដោយ Chamnan Amrith
ត្រួតពិនិត្យដោយ Chan Sineth
Cr Medical news for cambodia