- ព័ត៌មានថ្មីៗ

យ៉ាប់ហើយពេលនេះ!! រដ្ធាភិបាលថៃរឹតបន្តឹងវិធានការសន្តិសុខនៅតាមបណ្តោយព្រំដែន ខណៈដែលករណីឆ្លងកូវីដនៅមីយ៉ាន់ម៉ា មានការកើនឡើងយ៉ាងគំហុក…

អាជ្ញាធរប្រទេសថៃនៅថ្ងៃសុក្រនេះ បានសម្រេចរឹតបន្តឹងវិធានការសន្តិសុខ នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងបានបើកយុទ្ធនាការធ្វើតេស្តរក COVID-19 នៅក្នុងតំបន់ក្បែរនោះ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ ខណៈដែលករណីឆ្លងថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

រូបភាពតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកនៅប្រទេសថៃ បានបង្ហាញពីសកម្មភាពប្រជាជននៅតាមព្រំដែន និងពលករចំណាកស្រុកមីយ៉ាន់ម៉ាជាច្រើននាក់ កំពុងឈរតម្រង់ជួរនៅក្រោមតង់ដើម្បីផ្តល់សំណាក នៅតាមមន្ទីរធ្វើតេស្ត COVID-19 ចល័តនានានៅទីនោះ ខណៈដែលមន្ត្រីយោធាថៃ បានដាក់ពង្រាយលួសបន្លាក្នុងព្រៃនៅតាមបណ្តោយព្រំដែន ដើម្បីរារាំងកុំឲ្យមានការលួចឆ្លងដែនខុសច្បាប់។

គួរជម្រាបថា រហូតមកដល់ពេលនេះ ប្រទេសទាំងពីរត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមិនមានករណីផ្ទុះឆ្លងរាលដាល COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ ដូចដែលបណ្តាប្រទេសមួយចំនួន ក្នុងទ្វីបអាស៊ីបានជួបប្រទះនោះឡើយ។ ប៉ុន្តែការកើនឡើងទ្វេដងនៃចំនួនករណីឆ្លងថ្មី នៅក្នុងប្រទេសមីយ៉ាន់ម៉ា នារយៈពេលចុងក្រោយនេះ បានធ្វើឲ្យប្រទេសជិតខាង ដូចជាថៃជាដើម មានការព្រួយបារម្ភជាខ្លាំង និងបានចាត់វិធានការភ្លាមៗចំពោះបញ្ហានេះ។ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃសុក្រនេះ បានរកឃើញករណីឆ្លងថ្មីបន្ថែមចំនួន ១១៥នាក់ ដែលនាំឲ្យករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ២,២៦៥ករណី ក្នុងនោះស្លាប់ ១៤នាក់ និងជាសះស្បើយ ៦២៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *