- ព័ត៌មានថ្មីៗ

ទីបំផុតកម្ពុជា ទទួលជំនួយឥតសំណងពីសហភាពអឺរ៉ុប ជាមួយ និងប្រាក់កម្ចី ចំនួន៤៤៣លានអឺរ៉ូ ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ច…

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចី ចំនួន៤៤៣លានអឺរ៉ូ ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា អំឡុងកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការថ្លែងអំណរគុណរបស់ប្រមុខការទូតកម្ពុជានេះ បានធ្វើឡើង នៅទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានទី២៧ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានជាមួយសហភាពអឺរ៉ុប ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប ឆ្នាំ២០១៨-២០២២ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ឋភាព។ ដើម្បីអបអរសាទរទំនាក់ទំនងដ៏រឹងមាំរវាងអាស៊ាន និងសហភាពអឺរ៉ុប កិច្ចប្រជុំបានឯកភាពក្នុងការធ្វើការងារឆ្ពោះទៅរកការលើកកម្ពស់ជាផ្លូវការទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបបច្ចុប្បន្ន ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្រ្ត។ កិច្ចប្រជុំក៏បានសម្តែងនូវសេចក្តីសង្ឃឹមចំពោះការបញ្ចប់ការចរចា និងការប្រកាសជាផ្លូវការនូវការបញ្ចប់ការចរចាសម្រាប់កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាពអឺរ៉ុប (CATA) ដែលនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ វិស័យអាកាសចរណ៍ ក៏ដូចជាការអភិវឌ្ឍអាកាសចរណ៍នៅក្នុងតំបន់ទាំងពីរ។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប (ASEAN-EU FTA) និងបានឯកភាពគ្នាធ្វើការឆ្ពោះទៅបញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀងនេះឱ្យបានឆាប់រហ័ស។

ប្រទេសសមាជិកអាស៊ានក៏បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ក្នុងការផ្តល់កញ្ចប់ថវិកាពី «ក្រុមអឺរ៉ុប» (Team Europe) ដែលមានទឹកប្រាក់ចំនួនជាង ៨០០ លានអឺរ៉ូ (១,២៩ប៊ីលានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីកាត់បន្ថយ ផលប៉ះពាល់នៃជំងឺរាតត្បាតនេះ នៅក្នុងតំបន់អាស៊ាន។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាបានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចី ចំនួន៤៤៣លានអឺរ៉ូ ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ កម្ពុជាក៏បានបញ្ជាក់ឡើងវិញផងដែរនូវការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្រ្ត។ ចំពោះកិច្ចសហ-ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កម្ពុជាបានជំរុញឱ្យមានការបញ្ចប់នូវកិច្ចចរចាកិច្ចព្រមព្រៀង CATA និងកិច្ចព្រមព្រៀង ASEAN-EU FTA ឱ្យបានឆាប់រហ័ស។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា កម្ពុជាបានសម្តែងនូវការកោតសរសើរចំពោះសកម្មភាពគំរូនានារបស់សហភាពអឺរ៉ុប ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបានជំរុញឱ្យសហភាពអឺរ៉ុបធ្វើការលើកស្ទួយការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក្រោមក្របខ័ណ្ឌផែនការការងារទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់ សមាហរណកម្មអាស៊ាន៕

ប្រភព Fresh New

Leave a Reply

Your email address will not be published. Required fields are marked *