- កម្សាន្ត

នរណាធ្លាប់ចង់ស្រមៃចង់ក្លាយជានារីអូតេសខ្លះ? តោះមកដឹងលក្ខណៈសម្បត្តិសំខាន់ៗដែលគេត្រូវការ…

ការងារ​ជា​នារី​បម្រើ​ការ​លើ​យន្តហោះគឺ​ជា​ការងារ​ដែល​នារី​ភាគ​ច្រើន​ស្រមៃ​ចង់​ធ្វើ ព្រោះ​មើល​ពី​ខាង​ក្រៅ​ ពួក​គេ​មាន​ការ​តុបតែងខ្លួន​ និង​សូម្បី​តែ​ការ​និយាយ​ស្ដី​ក៏​គួរ​ឱ្យ​ចង់​ស្ដាប់​។ ម្យ៉ាងវិញទៀត ភាគច្រើនពួកគេមានរូបសម្រស់ស្រស់សោភាសមសួនគួរទីស្រលាញ់ក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា។ ប៉ុន្តែ​តើ​សម្រស់​មួយ​មុខ​ អាច​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ជាប់​ក្នុង​តួនាទី​មួយ​នេះ​មែន​ទេ?

ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗ ដើម្បីក្លាយខ្លួនជាអ្នកអូតេស៖

១. អាយុ
សម្រាប់បេក្ខភាពដែលចង់ដាក់ពាក្យបម្រើការក្នុងវិស័យនេះមិនអាចមានអាយុច្រើនពេកនោះទេ។ ចំពោះបេក្ខនារី (ស្រី) ចាំបាច់ត្រូវមានអាយុមិនលើសពី ២៦ឆ្នាំនោះទេ។​ រីឯបេក្ខជន (ប្រុស) វិញ ត្រូវមានអាយុមិនលើសពី ២៦ ឆ្នាំនោះឡើយ។ ក្នុងនោះផងដែរ បេក្ខភាពត្រូវមានសញ្ញាតិជាខ្មែរ។

២. ទម្ងន់&កម្ពស់

បេក្ខជនទាំងពីរភេទត្រូវមានកម្ពស់ស្តង់ដាទៅតាមតម្រូវការរបស់ក្រុមហ៊ុន។ លក្ខខណ្ឌ​សម្រាប់​​ស្តង់ដារ​រូបរាង​របស់​បេក្ខនារី (ស្រី) ​ដែល​ដាក់​ពាក្យ​ធ្វើ​នារី​អូតេស​មិន​ត្រូវ​ខ្ពស់​ពេក ឬ​ទាប​ពេក​នោះ​ទេ។ ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ភាគ​ច្រើន​កំណត់​ស្ដង់ដារ​កម្ពស់​គឺ​មិន​ឱ្យ​ទាប​ជាង​១,៥៨ ម៉ែត្រ​ និង​មិន​ត្រូវ​ខ្ពស់​ជាង​ ១,៨ម៉ែត្រ​ (គិត​ទាំង​កែង​ស្បែក​ជើង​) ឡើយ។

ហេតុ​ផល​នៃ​ការ​កំណត់​នេះ ដោយ​សារ​​កម្ពស់​១,៥៨ម៉េត្រ​ឬ​លើស​នេះ​ នារី​អូតេស​អាច​ឈរ​ដាក់​កាបូប ឬ​អីវ៉ាន់​លើ​ទូរ​យន្តហោះ​បាន​ដោយ​ងាយ​ស្រួល​។ ចំណែក​បើ​នារី​ដែល​ខ្ពស់​ជាង​១,៨ម៉ែត្រ​អាច​នឹង​ខ្ពស់​ជ្រុល​ដែល​ពិបាក​សម្រាប់​យន្តហោះ​ខ្នាត​តូច​មួយ​ចំនួន​ដែល​មាន​ពិតាន​ទាបៗ។ ​

ដោយឡែកចំពោះបេក្ខជន (ប្រុស) ត្រូវមានកម្ពស់មិនទាបជាង ១៦៥ សង់ទីម៉ែត្រនិងទំងន់ត្រូវតែសមាមាត្រទៅនឹងកំពស់(អាស្រ័យទៅតាមច្បាប់ក្រុមហ៊ុន)។

៣. គុណសម្បត្តិផ្សេង

ជាទូទៅ បេក្ខភាពដែលបានដាក់ពាក្យត្រូវមានសញ្ញាបត្រ បរិញ្ញាបត្រ អាចប្រើភាសាអង់គ្លេសបានយ៉ាងល្អ ចេះចាប់ពី ២ ភាសាឡើងទៅ (ពិសេស ភាសាអន្តរជាតិ)។ ក្នុងនោះក៏តម្រូវឲ្យបេក្ខជនទាំងពីរភេទមានសុខភាពល្អ មិនពាក់វ៉ែនតា សម្រាប់អ្នកភ្នែកម្ញ៉ូបអាចពាក់ខនថេកឡេនពណ៏សបាន។

ជាមួយគ្នានេះដែរ អ្នកត្រូវមានដងខ្លួនស្អាត មិនមានស្នាមសាក់ ស្នាមមុន បូកបញ្ចូលទាំងមានស្នាមញញឹមស្រស់ស្អាត និងរួសរាយរាក់ទាក់។ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ស្រលាញ់ការងារ មានស្មារតីខ្ពស់ មានបុគ្គលិកលក្ខណៈល្អនិងសមរម្យធ្វើជាអ្នកបម្រើតាមយន្តហោះ។

អត្ថបទដោយ៖ កាន់ ដារ៉ា​ (Leadership Writer)

ម្ចាស់​ page៖ ផ្លូវជីវិត – The Way of Life

Leave a Reply

Your email address will not be published. Required fields are marked *