- កម្សាន្ត

ភ្លែកគេ!! រាល់គ្នាណែនាំសណ្ឋាគារស្អាតៗ តែបុរសរូបនេះណែនាំសណ្ឋាគារ ដែលបរិយាកាសរន្ធត់ព្រឺសម្បុរ…

បុរសម្នាក់បាននាំអារម្មណ៍បងប្អូនទៅជួបជាសណ្ឋាគារតម្លៃ ២៥០បាត (ប្រហែល ៨ដុល្លារ) ដែលមានសភាពដ៏សែនស្ងាត់ជ្រងំ សាងបរិយាកាសនាំឱ្យបងប្អូនភ័យរន្ធត់និងព្រឺសម្បុរ។ គាត់បានឃើញស្នាមប្រឡាក់ដ៏អាថ៌កំបាំងមួយហូរចេញពីពិដាន គាត់បានបង្ខំចិត្តស្នាក់នៅទាំងភ័យខ្លាច ដោយសារតែតម្លៃវាថោក។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បណ្តាអ្នកលេងអ៊ីនធឺណេតបាននាំគ្នាចុច Like និងចែករំលែកការបង្ហោះរបស់អ្នកប្រើហ្វេសប៊ុកម្នាក់មានឈ្មោះថា Withya SaengSwang ដែលលោកបានចេញមកណែនាំ (Review) សណ្ឋាគារតម្លៃ ២៥០បាត (8$) ក្នុងមួយយប់ ដែលគាត់បានស្នាក់កាលពីយប់ថ្ងៃទី៩ ខែកញ្ញា កន្លងមក ស្ថិតក្នុងបរិយាកាសនាំអារម្មណ៍អ្នកទស្សនាព្រឺសម្បុរទៅតាមដែរ។

ម្ចាស់ហ្វេសប៊ុករូបនោះបានបង្ហោះ រូបភាពពីចំណុចផ្សេងៗរបស់សណ្ឋាគារ ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅបន្ទប់ ដែលសូម្បីតែរូបគាត់ផ្ទាល់ក៏មានការ យល់ស្របថាបរិយាកាសសណ្ឋាគារគឺស្ងាត់ជ្រងំគួរឱ្យខ្លាចដែរ។ លោកបាននិយាយថា “យប់នេះនឹងទៅជាយ៉ាងណាទេខ្ញុំ? បន្តោងព្រះក៏មិនបានយកមកតាមខ្លួនទៀត។ តើអ្វីដែលហូរមកនោះ វាជាស្នាមប្រឡាក់ធម្មតាឬជាឈាម? នេះប្រសិនបើនៅខាងក្រៅមិនមានភ្លៀងធ្លាក់ខ្លាំងទេ ខ្ញុំសុខចិត្តទៅបោះតង់គេងនៅក្នុងព្រៃវិញវាប្រសើរជាង.. តែបើគិតពីតម្លៃ២៥០ បាត (8$) វិញ ណ្ហើយ..ទ្រាំៗសិនទៅ” ។

រីឯគ្រឿងសង្ហារឹមនៅក្នុងបន្ទប់ គឺឆ្លាក់ចេញពីឈើចាស់ៗ របស់របរជាច្រើនស្ថិតក្នុងសភាពសភាពដុះស្នឹម ពុករលួយបាក់បែក និងពោរពេញទៅដោយសំបុកពីងពាង ប៉ុន្តែសភាពប៉ុនហ្នឹងគឺមធ្យមទេ អ្វីដែលធ្ងន់គឺស្នាមប្រឡាក់ ក្រហមៗ ត្នោតៗ ចេញពីពិដានហូរមកតាមជញ្ជាំង។

ក្រោយមកនៅពេលព្រឹកម៉ោង៧ បុរសរូបនោះបានបង្ហោះអាប់ដេតសារជាថ្មី ដែលក្នុងនោះគឺជារូបភាពដែលលោកមានភ្នែកខ្មៅងងឹតដូចខ្លាឃ្មុំផេនដា ជាមួយនិងការញាំស៊ុបក្តៅៗ ហើយនិយាយថា “នេះជាការចាកចេញ (Checkout) ព្រលឹមបំផុតក្នុងជីវិតរបស់ខ្ញុំ”។

ទោះជាយ៉ាងណាក៏ដោយ មានអ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិភាគច្រើនថា ពួកគេក៏យល់ស្របថាបរិយាកាសរបស់សណ្ឋាគារពិតជាគួរឱ្យរន្ធត់ដូច្នេះមែន បើទោះជាឱ្យស្នាក់នៅដោយមិនគិតប្រាក់ ក៏ពួកគេមិននៅដែរ។ ទន្ទឹមនឹងនោះមានអ្នកខ្លះ ក៏បានចំអន់បុរសរូបនោះលេងថា មានរូបសាក់ពេញខ្លួនខ្លាចខ្មោចធ្វើអី មានតែខ្មោចទេដែលខ្លាចលោកវិញនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *