- សុខភាព

ពេលក្តៅខ្លួនហេតុអ្វីបានជាគេមិនឲ្យងូតទឹក?ចុះបើងូតមានអ្វីកើតឡើង?

ពេលក្តៅខ្លួនងូតទឹកទឹកចូលសួតឬទេ? អ្វីទៅជាទឹកចូលសួត
ហេតុអ្វីបានមានជំងឺទឹកចូលស្រោមសួត?

ក) តើជំងឺទឹកចូលសួត និង ទឹកចូលស្រោមសួត ខុសគ្នាឬដូចគ្នា?
ជំងឺទាំងពីរនេះគឺខុសគ្នាស្រឡះ

– ករណីទឹកចូលសួត បានន័យថា ខ្លួនយើងចាល់ជាតិទឹកក្នុងខ្លួនច្រើនជ្រុលដោយប្រការណាមួយដែលបណ្តាលអោយជាតិទឹកទាំងនោះជ្រាបចូលទៅដក់ក្នុងថង់ខ្យល់របស់សួតដែលធ្វើអោយយើងហត់ខ្លាំង។ មូលហេតុអាចបណ្តាលមកពីខ្យោយបេះដូងដែលនាំអោយការច្របាច់ឈាមមិនបានល្អ គឺធ្វើអោយជាតិទឹកច្រាលមកក្នុងសួត រឺ មូលហេតុមួយទៀតមកពីខ្យោយតម្រងនោមខ្លាំងដែលមិនអាចបញ្ចេញជាតិទឹកបានល្អក៏បណ្តាលអោយច្រាលទឹកមកសួតដែរ។

– រីឯទឹកចូលស្រោមសួត គឺជារឿងមួយដោយឡែកដែលមានន័យថាមានការដក់ទឹកក្នុងស្រោមសួតដែលព័ទ្ធជុំវិញសួតអាចខាងឆ្វេង អាចខាងស្តាំ ឬទាំងសង្ខាងក៏មាន ដែលវាអាចបណ្តាលមកពីការរលាកស្រោមសួតខ្លួនឯងផ្ទាល់ឬមកពីការខ្យោយបេះដូង តម្រងនោម រឺក៏ថ្លើមដែលបណ្តាលអោយចាល់ជាតិទឹករហូតដល់ទៅដក់ក្នុងស្រោមសួត។

ខ) តើការងូតទឹកជាពិសេសនៅពេលក្តៅខ្លួនអាចបណ្តាលអោយទឹកចូលសួត ឬក៏ចូលស្រោមសួតបានដែររឺទេ?
ករណីនេះគឺពុំអាចកើតឡើងទេ។ ការយល់ឃើញបែបនេះគឺខុសទាំងស្រុង ផ្ទុយទៅវិញពេលក្តៅខ្លួនត្រូវព្យាយាមងូតទឹកអោយបានច្រើនដងដើម្បីជួយបញ្ចុះកំដៅក្នុងខ្លួន។

គ) តើជំងឺទឹកចូលស្រោមសួតមានរោគសញ្ញាដូចម្តេច?
– ក្អកស្ងួត ជាពិសេសនៅពេលប្តូរឥរិយាបទ ដូចជាក្រោកពីដេក ឬ ផ្អៀងខ្នួនជាដើម
– ហត់

– ឈឺទ្រូងផ្នែកចំហៀងឆ្វេងឬស្តាំ អាស្រ័យទៅលើការមានទឹកចូលស្រោមសួតខាងនោះ
– និងមានរោគសញ្ញាផ្សេងៗទៀតអាស្រ័យលើមូលហេតុបង្កនៃជំងឺនេះ។

ឃ) ហេតុអ្វីបានមានជំងឺទឹកចូលស្រោមសួត?
ជំងឺនេះមានមូលហេតុបង្កផ្សេងៗ ដែលភាគច្រើនគេជួបញឹកញាប់មានដូចជា៖
– រលាកស្រោមសួតដោយមេរោគបាក់តេរី ឬ របេងជាដើម

– ជំងឺមហារីកស្រោមសួត ឬក៏ មហារីកសរីរាង្គផ្សេងតែវារាលដាលដល់ស្រោមសួត
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតម្រងនោម

– ជំងឺក្រិនថ្លើម
– និងមូលហេតុផ្សេងៗជាច្រើនទៀត

ង) តើធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនេះ?
ជាទូទៅគ្រូពេទ្យធ្វើការវិភាគតាមរយៈថតសួតដោយកាំរស្មីអិច ឬ អេកូសួត និងជួនកាលអាចធ្វើការស្កេនសួត។ ភាគច្រើនតំរូវអោយមានការបូមទឹកស្រោមសួតដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ។

បើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការពិគ្រោះ និងព្យាបាលបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
អត្ថបទដោយ មន្ទីរពេទ្យកាល់ម៉ែត្រ

Leave a Reply

Your email address will not be published. Required fields are marked *