- កម្សាន្ត

ភ្លែកមែន!! ពស់ថ្លាន់ញីមួយក្បាលបានទម្លាក់ស៊ុតដោយខ្លួនឯង ដោយមិនចាំបាច់មានពស់ឈ្មោល…

ក្រុមជីវវិទូភ្ញាក់ផ្អើលខ្លាំង ដែលពស់ថ្លាន់ញីមួយក្បាលនៅក្នុងសួនសត្វរបស់សហរដ្ឋអាមេរិក វាអាចទម្លាក់ស៊ុតដោយខ្លួនឯងបានរហូតដល់ទៅ ៧គ្រាប់ទាំងដែលវាមិនធ្លាប់បានដោយឈ្មោលជាង ១៥ឆ្នាំមកហើយក៏ដោយ។

កាលពីថ្ងៃទី១២ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា មានពស់ថ្លាន់ញីពូជ Ball python មួយក្បាលរស់នៅក្នុងសួនសត្វ St. Louis ដែលអាយុជាង ៦២ឆ្នាំ។ ពស់ថ្លាន់ញីមួយក្បាលនេះបានទម្លាក់ស៊ុតដោយខ្លួនឯងចំនួន ៧គ្រាប់នៅថ្ងៃទី២៣ ខែកក្កដាកន្លងមក។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺពស់ញីមួយក្បាលនេះបានទំលាក់ស៊ុត ដោយមិនបានដោយឈ្មោលអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។

ពស់ថ្លាន់ញីមួយក្បាលនេះ គឺមិនមានឈ្មោះទេ ប៉ុន្តែវាត្រូវបានគេហៅលេខរៀង ៣៦១០០៣ វាបានរស់នៅក្នុងសួនសត្វតាំងពីឆ្នាំ ១៩៦១ មកម៉្លេះ និងធ្លាប់បានទម្លាក់ស៊ុតជាលើកចុងក្រោយនៅក្នុងឆ្នាំ២០០៩។

លោក Mark Vanner ដែលជាជីវវិទូផ្នែកសត្វល្មូន និងសត្វលក្ខណៈពាក់កណ្តាលទឹកពាក់កណ្តាលគោក បានមានប្រសាសន៍ដោយភាពភ្ញាក់ផ្អើលថា៖ គាត់មិននឹកស្មានថា ៣៦១០០៣ អាចនៅទម្លាក់ស៊ុតបានទៀតនោះទេ ព្រោះថាវាចាស់ណាស់ទៅហើយ ក្រៅពីនេះទៀតវាក៏ខានដោយឈ្មោលអស់រយៈពេលជាយូរហើយដែរ។ ធម្មជាតិរបស់ពស់ថ្លាន់ពូជ Ball Python នេះ វាមានដើមកំណើតនៅអាហ្វ្រិកកណ្តាលនិងអាហ្វ្រិកខាងលិច វាអាចបង្កកំណើតបានដោយមិនចាំបាច់អាស្រ័យលើការរួមភេទ “reproduce asexually”។ ពស់ថ្លាន់ញីប្រភេទនេះវាអាចរក្សាទុកមេជីវិតឈ្មោលបាន ប៉ុន្តែតាមរយៈការពិសោធន៍មេជីវិតនោះវាអាចរក្សាទុកបានយ៉ាងយូរ ៧ឆ្នាំប៉ុណ្ណោះ។

លោក Vanner បានបន្តទៀតថា “ពួកយើងបាននិយាយថា ៣៦១០០៣ វាខានដោយឈ្មោលមករយៈពេលជាង ១៥ឆ្នាំ ប៉ុន្តែបើរាប់ឱ្យលំអិតទៅសឹងតែជិត ៣០ឆ្នាំហើយ”។ បច្ចុប្បន្នស៊ុតទាំង ៧ នោះមាន ២គ្រាប់បានខូចបាត់ទៅហើយ រីឯ ៣គ្រាប់ទៀតស្ថិតនៅក្នុងទូភ្ញាស់ហើយ ២គ្រាប់ផ្សេងទៀតកំពុងនាំយកទៅធ្វើការពិសោធន៍ហ្សែនដើម្បីបញ្ជាក់ថា តើវាបន្តពូជតាមរយៈផ្លូវភេទ ឬមិនមែន? ហើយលទ្ធផលនៃការពិសោធន៍នេះ អាចនឹងបញ្ជាក់បានក្នុងរយៈពេល មួយខែខាងមុខទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *