- សុខភាព

បើមិនចង់ឲ្យសក់លោកអ្នកខូចសូមកុំធ្វើរឿងនេះឲ្យសោះពេលកក់សក់ម្ដងៗ…

សម្រាប់គ្នាយើងស្រីៗ ពិតណាស់ការកក់សក់ គឺជារឿងចាំបាច់ ហើយប្រុសៗវិញសក់ក៏ជារឿងសំខាន់ដែរ ព្រោះថាជាផ្នែកមួយនៃសម្រស់ និងសុខភាពដែលត្រូវថែរក្សាជាប្រចាំ។ យ៉ាងណាមិញ ក៏មានចំណុចមួយចំនួន ដែលយើងគួរស្វែងយល់ថាអ្វីអាចជាបញ្ហាបង្កឱ្យសក់យើងឆាប់ខូច និងអាចបង្ការបាន។

១. កក់សក់ប្រញាប់ពេក
ជាធម្មតានៅពេលកក់សក់ យើងគួរមានពេលវេលាសម្រាប់កក់សក់ឲ្យបានត្រឹមត្រូវ។ នៅពេលកក់សក់ដោយប្រើសាប៊ូ គួរឈ្លីឱ្យសព្វស្បែកក្បាលរួចទុករយៈពេល ៥ ទៅ ១០ នាទី ដើម្បីឱ្យជាតិសាប៊ូជ្រាបបានល្អ ជួយធ្វើឱ្យសក់ទន់ និងមានប្រសិទ្ធភាព។ ការកក់ដោយប្រញាប់ពេកនឹងក្លាយជាការខាតពេលយើង ហើយគ្មានប្រសិទ្ធភាពទៀតផង។

២. កក់សក់ដោយដុស ឬញីខ្លាំងៗពេក
ឫសសក់គឺមានលក្ខណៈទន់ ដូចនេះនៅពេលដែលយើងកក់សក់ដោយប្រើកម្លាំងដៃដុសខ្លាំងៗនឹងធ្វើឱ្យសក់ប្រែជាឆាប់ខូច។ ការកក់សក់ត្រឹមបីដង ក្នុងមួយសប្តាហ៍គឺជាការប្រសើរ។ ជំនួសពីការកក់សក់ ដែលដុសឬញីខ្លាំងៗ យើងអាចឈ្លីដុសសក់ថ្នមៗ ដែលធ្វើឱ្យសក់យើងមិនឆាប់ខូច។

៣. ចូលចិត្តប្រើទឹកក្តៅច្រើន
គ្នាយើងខ្លះចូលចិត្តលាយទឹកក្តៅងូត និងកក់សក់ តែការកក់សក់ជាមួយទឹកក្តៅលាយបែបនេះញឹកញាប់អាចធ្វើឱ្យសក់ស្ងួត និងងាយខូច។ ផ្ទុយទៅវិញ ការប្រើទឹកត្រជាក់កក់សក់ជាការល្អ ដោយហេតុថាវាជួយរក្សាសំណើមស្បែកក្បាល និងធ្វើឱ្យសុខភាពសក់ល្អប្រសើរ។

៤. ប្រើប្រាស់ផលិតផលសម្រាប់សក់ច្រើនមុខ
ការប្រើប្រាស់ផលិតផលសម្រាប់ថែរក្សាសក់ក្បាលច្រើនពេកក្នុងពេលតែមួយ ក៏ធ្វើឱ្យសក់ឆាប់ខូចដែរ។ គប្បីប្រើប្រាស់ផលិតផលបំប៉នសក់តែមួយដែលត្រូវនឹងសក់ក្បាល គឺជាជម្រើសប្រសើរ។

៥. ប្រើកន្សែងជូតសក់
ការប្រើកន្សែងមកជូតសម្ងួតសក់ គឺធ្វើឱ្យសក់ឆាប់ខូច ពិសេសការត្រដុសជូតខ្លាំងៗ។ ជំនួសការជូតខ្លាំង យើងគួរយកកន្សែងមកផ្តិតសក់បន្តិចៗស្រាលៗ គឺជាជម្រើសប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *