- សុខភាព

ចង់បានប្រអប់ដៃទន់ស្រលូនស្អាតមែនទេ!! ប្រើវិធីទាំងនេះនៅផ្ទះ អាចជួយឱ្យ…

គ្នាយើងជាសុភាពនារី ពិសេសអ្នកដែលត្រូវធ្វើកិច្ចការផ្ទះច្រើន ក៏នៅតែប្រាថ្នាចង់បានឱ្យប្រអប់ដៃទន់ស្រឡូនស្អាត ទាំងម្រាមដៃ និងប្រអប់ដៃ ឱ្យមានភាពទាក់ទាញ។ ដើម្បីបានប្រអប់ដៃស្រឡូនបែបនេះអ្នកជំនាញផ្នែកសម្ផស្សផ្ដល់ជាគន្លឹះខ្លះៗ ដូចខាងក្រោម៖

១. ការឧស្សាហ៍លាងដៃ
ការលាងដៃញឹកញាប់ មិនត្រឹមតែជួយឱ្យស្បែកដៃយើងស្អាត មានអនាម័យ ជួយបង្ការយើងពីមេរោគ និងបង្កជំងឺផ្សេងៗទៀត។ យើងអាចលាងដៃជាមួយទឹកក្តៅឧណ្ហៗជាជម្រើសល្អ ដែលផ្ទុយពីទឹកត្រជាក់ពេក នាំឱ្យខូចស្បែកទៅវិញ។

២. ជ្រើសរើសសាប៊ូលាងដៃឱ្យបានត្រឹមត្រូវ
ស្រីៗយើងគួរចេះជ្រើសរើស និងប្រើសាប៊ូសម្រាប់លាងដៃដែលមានសារធាតុគីមីស្រាលៗ ផ្សំពីជ័រ ឬតែធម្មជាតិ ឬមានក្លិនឈើ ដែលល្អសមស្របសម្រាប់សម្អាតដៃ។

៣. ការប្រើឡេលាបផ្តល់សំណែមដល់ស្បែកដៃ
បន្ទាប់ពីងូតទឹករួច យើងក៏អាចប្រើប្រាស់ ឡេលាបដែលជួយរក្សាសំណើម និងធ្វើឱ្យស្បែកដៃមានភាពស្រស់ស្អាត។ ស្រីៗយើងគប្បីប្រើឡេលាបដែលស័ក្តិសមនឹងស្បែកយើង។

៤. ប្រើប្រេងធម្មជាតិ ឬទឹកឃ្មុំ
ទឹកឃ្មុំមានសមាសធាតុប្រឆាំងមេរោគ ដែលជួយសម្អាតដៃបានស្អាត។ យើងអាចប្រើទឹកឃ្មុំ ម្តងក្នុងមួយសប្តាហ៍ ដោយលាបថ្នមៗលើដៃ និងទុកចោលរយៈពេល ៥-១០នាទី រួចលាងជម្រះ នឹងទឹកក្តៅឧណ្ហៗ។ ម្យ៉ាងទៀត គ្នាយើងក៏អាចប្រើប្រេងអូលីវមកត្រាំដៃរយៈពេល៥នាទី ដែលជួយឱ្យស្បែកដៃ និងក្រចក ស្អាត និងមានសំណើម។

៥. សម្អាតប្រអប់ដៃ
សម្រាប់គ្នាយើង ចង់ឱ្យស្បែកដៃភ្លឺរលោងបន្ថែម គឺអាចយកក្រូចឆ្មារមកដុសស្បែកដៃ ដែលអាចជួយបំបាត់ស្នាម និងធ្វើឱ្យស្បែកដៃទន់ ភ្លឺរលោង ហើយវិធីទាំងនេះ សុទ្ធសឹងតែអនុវត្តនៅផ្ទះបាន ដោយពុំបាច់ចំណាយថវិកាច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *