- សុខភាព

ទាំងបុរសនិងស្រ្តីគួរដឹង!! បើអ្នកជួបបញ្ហាស្បែកមុខស្ងួត អ្នកគួរដឹងចំណុចទាំងនេះក្នុងការព្យាបាលនិងការពារ…

គ្នាយើងមួយចំនួនអាចនឹងមានជួបបញ្ហាស្បែកមុខស្ងួត។ ប្រសិនជាស្បែកមុខស្ងួត អាចនឹងរបក ឬរមាស់ និងពេលខ្លះបង្កការឈឺចាប់ទៀតផង។ យើងអាចកាត់បន្ថយបញ្ហាស្បែកស្ងួតដោយផ្លាស់ប្ដូរទម្លាប់នៃការថែទាំស្បែករបស់យើងបាន។


១. ទម្លាប់ងូតទឹក
សម្រាប់គ្នាយើងចូលចិត្តងូតទឹកក្ដៅ គួរបន្ថយសីតុណ្ហភាពឲ្យនៅទាបជាងធម្មតាបន្តិចវិញឬឲ្យនៅក្ដៅឧណ្ហៗ ព្រោះទឹកក្ដៅអាចធ្វើឲ្យស្បែកស្ងួតជាងធម្មតា ដោយទឹកក្ដៅអាចកម្ចាត់នូវជាតិខ្លាញ់ធម្មជាតិនៅស្បែក។ ម៉្យាងទៀត ការងូតទឹកលឿនត្រឹម៥ទៅ១០នាទីក៏មានប្រយោជន៍ដល់ស្បែកស្ងួតដែរ។

២. លាងសម្អាតមុខថ្នមៗ
នៅពេលជ្រើសរើសផលិតផលសម្អាតមុខ យើងគួរចៀសវាងផលិតផលណាដែលមានផ្ទុកសារធាតុខ្លាំងៗដូចជាអាល់កុល retinoid ឬ alpha hydroxy acids (AHA)។ សារធាតុទាំងនេះអាចធ្វើឲ្យស្បែកស្ងួត និងបង្កការរលាកជាដើម។ ក្រៅពីចៀសវាងសារធាតុទាំងនេះ នៅពេលប្រើប្រាស់ផលិតផលសម្អាតមុខគួរលាបលើមុខថ្នមៗ និងកុំត្រដុសខ្លាំងៗ។ សម្រាប់អ្នកមានស្បែកស្ងួតគួរលាងសម្អាតមុខតែម្ដងបានហើយក្នុងមួយថ្ងៃគឺលាងសម្អាតនៅពេលយប់។ ម៉្យាងទៀត កុំខាត់ស្បែកមុខរាល់ថ្ងៃ គួរធ្វើម្ដងក្នុងមួយសប្ដាហ៍វិញ។

៣. ប្រើប្រាស់ទឹកផ្តល់សំណើម (Moisturizer)
គ្នាយើងគួរប្រើប្រាស់ទឹកផ្ដល់សំណើមជាប្រចាំ ជាពិសេសក្រោយពីងូតទឹកហើយ។ ទឹកផ្ដល់សំណើមគួរតែមិនមានក្លិនក្រអូប និងអាល់កុលព្រោះសារធាតុពីរនេះអាចបង្កការរលាក។ យើងអាចជ្រើសរើសទឹកផ្ដល់សំណើមប្រភេទប្រេងដែលជួយរក្សាសំណើមនៅស្បែក។ សម្រាប់គ្នាយើងមានបញ្ហាប្រេះបបូរមាត់គួរប្រើក្រែមរលោងដើម្បីជួយកាត់បន្ថយអាការៈនេះ។

៤. ប្រើឧបករណ៍រក្សាតុល្យភាពសំណើម (Humidifier)
ការប្រើឧបករណ៍រក្សាតុល្យភាពសំណើមក្នុងបន្ទប់អាចជួយផ្ដល់សំណើមក្នុងខ្យល់ និងបង្ការមិនឲ្យស្បែកស្ងួត។ យ៉ាងណាមិញយើងក៏គួរសម្អាតឧបករណ៍ឲ្យបានញឹកញាប់ចៀសវាងមានបាក់តេរីច្រើនក្នុងឧបករណ៍នោះ។

Leave a Reply

Your email address will not be published. Required fields are marked *