- សុខភាព

បន្លែទាំង៨ មុខដែលជាឱសថធម្មជាតិជួយប្រឆាំងនឹងជំងឺទឹកនោមផ្អែម…

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង មានពពួកឱសថធម្មជាតិច្រើនប្រភេទណាស់ ដែលវាអាចជួយក្នុងការព្យាបាលជំងឺបានផងដែរ។ មានប្រភេទខ្លះគឺយើងងាយនឹងរកទិញ ឬមានប្រភេទខ្លះគឺងាយស្រួលនឹងដាំដុះសម្រាប់ការបរិភោគ ។ ថ្ងៃនេះគេហទំព័រសករាជយើងខ្ញុំ សូមណែនាំឱសថធម្មជាតិ និងបន្លែចំនួន ៨ មុខ ដែលអាចជួយប្រឆាំងនឹងជំងឺទឹកនោមផ្អែមឱ្យអ្នកទាំងអស់គ្នាបានដឹង ដើម្បីជាជំនួយដល់បងប្អូនជាច្រើន ដែលកំពុងមានការព្រួយបារម្ភអំពីហានិភ័យនៃជំងឺទឹកនោមផ្អែម ។ ប្រសិនបើយើងបានសិក្សា នោះយើងនឹងអាចរកឃើញការបរិភោគដើម្បីការពារទុកជាមុន ។

១. ផ្លែម្រះ

ផ្លែម្រះសំបូរទៅដោយសារធាតុចិញ្ចឹម ដែលអាចជួយដល់ការស្រូបយកជាតិស្ករគ្លុយកូស (Glucose) បានយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចជួយកាត់បន្ថយបញ្ហាជំងឺភ្នែកឡើងបាយផងដែរ ព្រោះថាជំងឺភ្នែកឡើងបាយគឺជាផលប៉ះពាល់មួយនៃផលប៉ះពាល់របស់អ្នកដែលកើតជំងឺទឹកនោមផ្អែម។

២. ផ្លែល្ពៅ

តាមរយៈការស្រាវជ្រាវបានឱ្យដឹងថា ផ្លែល្ពៅត្រូវបានណែនាំឱ្យបរិភោគទាំងសំបក ព្រោះដោយសារតែនៅក្នុងសំបកល្ពៅ សំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗ ដែលជួយរំញោចការស្ទះនៃសារធាតុ Insulin ដែលវាជះឥទ្ធិពលល្អដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែប្រសើរឡើង ដូច្នេះវាអាចជួយការពារជំងឺទឹកនោមផ្អែមបាន ។

៣. ស្លឹកកន្ទួត

ការនាំយកស្លឹកកន្ទួតមកបរិភោគជាបន្លែ ឬយកវាទៅចំអិនធ្វើជាម្ហូបឱ្យបានទៀងទាត់ វាជួយឱ្យរាងកាយទទួលបានវីតាមីន A និងវីតាមីន C ខ្ពស់ លើសពីនេះទៀតស្លឹកកន្ទួត ក៏អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានផងដែរ ។

៤. រមៀត

រមៀតគឺជាឱសថមួយប្រភេទដែលមានសារធាតុ អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានផងដែរ លក្ខណៈសម្បត្តិនៃរមៀតគឺស្រដៀងនឹងឈើឯម (Cinnamon) ដែរ ដូច្នេះបើបងប្អូនមិនចូលចិត្តញ៉ាំរមៀត បងប្អូនក៏អាចបរិភោគឈើឯមជំនួសវិញក៏បានដែរ ។

៥. ខ្ទឹមស

Peeled garlic in bowl

Peeled garlic in bowl
ខ្ទឹម ឬខ្ទឹមបារាំង ក្រៅពីវាជាបន្លែមួយប្រភេទដែលមិនអាចខ្វះបានក្នុងការចំអិនម្ហូបនីមួយៗហើយ បន្លែទាំងពីរនេះក៏មានគុណសម្បត្តិដូចគ្នាដែរ គឺវាអាចជួយរំលាយកំណកឈាម កាត់បន្ថយការស្ទះសសៃឈាម និងជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងចរន្តឈាមផងដែរ ។

៦. គ្រាប់កន្ធំថេត

វាជាបន្លែមួយដែលមានក្លិនខ្លាំង ប៉ុន្តែក៏ផ្តល់នូវរសជាតិឆ្ងាញ់មិនតិចទេ គ្រាប់កន្ធំថេតក៏អាចជួយប្រឆាំងនឹងជំងឺទឹកនោមផ្អែមផងដែរ ព្រោះថាវាមានលក្ខណៈសម្បត្តិដែលជួយកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម រួមជាមួយនឹងការជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ផងដែរ ។

៧. ស្លឹកបាស់

ជាប្រភេទបន្លែដែលអាចរកបរិភោគបានយ៉ាងងាយ នៅតាមរបង ឬលក់នៅតាមទីផ្សារ ស្លឹកបាស់ក៏អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានដែរ ។ ហើយនៅគ្រប់ផ្នែកនៃបន្លែស្លឹកបាស់នេះ មិនថាវាជា ដើម ឬស ផ្លែ និងស្លឹកសុទ្ធតែមានលក្ខណៈសម្បត្តិជួយប្រឆាំងនឹងជំងឺទឹកនោមផ្អែម វាក៏មានផ្ទុកនូវសារធាតុ beta carotene ផងដែរ ដែលសារធាតុនេះវាអាចជួយប្រឆាំងនឹងជំងឺមហារីក និងកាត់បន្ថយភាពចាស់ផងដែរ ។

៨. ត្រកួន

ចំពោះបន្លែត្រកួននេះមិនថានាំយកទៅ ស្លរ ឆាឬញ៉ាំស្រស់ៗក៏ឆ្ងាញ់ដែរ សំខាន់ជាងនេះទៅទៀត បន្លែត្រកួនក៏មានផ្ទុកនូវសារធាតុដែលស្រដៀងទៅនឹងសារធាតុ Insulin ដែលសារធាតុនេះវាអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម ដូច្នេះវាអាចជួយប្រឆាំងនឹងជំងឺទឹកនោមផ្អែម ។ ហើយវាក៏ជាប្រភេទបន្លែដែលសំបូរទៅដោយវីតាមីន A ផងដែរ សារធាតុចិញ្ចឹមទាំងនេះបានរួមចំណែកជួយដល់ការថែរក្សាភ្នែក និងកាត់បន្ថយរោគសញ្ញាក្តៅក្នុង ហើយវាក៏អាចព្យាបាលការទល់លាមកបានផងដែរ ។

ដូច្នេះយើងអាចមើលឃើញហើយថាមានបន្លែច្រើនប្រភេទណាស់ ដែលយើងធ្លាប់ស្គាល់ហើយពេលខ្លះយើងក៏បានបរិភោគស្ទើរតែរាល់ថ្ងៃដែរ ទាំងអស់នេះវាបានរួមចំណែកដល់ភាពធន់នៃជំងឺទឹកនោមផ្អែម ហើយវាក៏ផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនប្រភេទផងដែរ ។ ហេតុដូច្នេះក្នុងនាមយើងខ្ញុំជាមិត្តដ៏ល្អ ចង់ឱ្យអ្នកបងប្អូនបង្វែរការយកចិត្តទុកដាក់ លើការបរិភោគបន្លែ និងឱសថធម្មជាតិឱ្យបានច្រើន និងព្យាយាមរក្សាតុល្យភាពនៃការបរិភោគរបស់អ្នកឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានសុខភាពល្អក្នុងរយៈពេលវែង ៕

Leave a Reply

Your email address will not be published. Required fields are marked *