- សុខភាព

អស់បារម្ភពីសក់ជ្រុះដោយគ្រាន់តែសាកល្បងវិធីធម្មជាតិទាំង៣យ៉ាងនេះ…

មិនមានអ្វីប្លែកទេបើគ្នាយើង ឃើញមានសក់ខ្លះជាប់នៅក្រាស ឬខ្នើយយើងនោះ ដែលនេះជារឿងធម្មតាទេ ព្រោះសក់យើងមានជ្រុះ មានដុះឡើងវិញ។ មនុស្សយើងភាគច្រើនមិនបានសម្គាល់ អំពីការជ្រុះសក់តាមធម្មជាតិនេះទេ តែថាបើជ្រុះច្រើនវិញយើងអាចដឹងបានដែរ ដូចជាភ្លាមៗស្រាប់តែជ្រុះសក់ច្រើន ឬសក់ក្បាលកាន់តែស្តើងទៅៗជាដើម។
បញ្ហាជ្រុះសក់នេះអាចបណ្ដាលមកពីបញ្ហាសហ្សែនតំណពូជ បញ្ហាស្រ្តេស បញ្ហាអ័រម៉ូនប្រែប្រួល ការប្រើប្រាស់ថ្នាំ និងការធ្វើសក់របស់យើងផងដែរ។

តើយើងអាចមានវិធីធម្មជាតិណាមួយអាចជួយកែកុនបញ្ហាសក់ជ្រុះនេះទេ?
១. ប្រេងដូង

ប្រេងដូងមានផ្ទុកអាស៊ីដខ្លាញ់ ដែលអាចជ្រាបចូលក្នុងសរសៃសក់ និងជួយកាត់បន្ថយការបាត់បង់ប្រូតេអ៊ីនពីសក់។ ប្រេងដូងអាចប្រើបានទាំងមុន ឬក្រោយពេលកក់សក់អាស្រ័យលើប្រភេទសក់របស់យើង។ បើសក់យើងជាប្រភេទសក់មានខ្លាញ់ យើងអាចប្រើប្រេងដូងពីរបីម៉ោងមុនពេលកក់សក់ ដោយម៉ាស្សាប្រេងដូងឲ្យសព្វស្បែកក្បាល និងសក់របស់យើង ។ បើយើងមានសក់ប្រភេទសក់ស្ងួតវិញ យើងអាចប្រើប្រេងដូងមុន ឬក្រោយពេលកក់សក់ប៉ុន្មានម៉ោងក្រោយ។ យ៉ាងណា ការប្រើប្រេងដូងនេះ ក៏មានការស្នើឲ្យមានការសិក្សាស៊ីជម្រៅបន្ថែមទៀតដើម្បីដឹងច្បាស់ថាពិតជាជួយដល់ការលូតលាស់សក់បានច្រើនកម្រិតណា។

២. ទឹកខ្ទឹមបារាំង

បើគ្នាយើងអាចទ្រាំនឹងក្លិនរបស់ខ្ទឹមបារាំងបាន យើងនឹងអាចរកឃើញពីប្រយោជន៍របស់វាមិនខាន។ ទឹកខ្ទឹមបារាំង មានប្រសិទ្ធភាពព្យាបាលបញ្ហាជ្រុះសក់ដុំៗ ឬដោយកន្លែងបាន ដោយជួយឲ្យកន្លែងជ្រុះនោះដុះសក់ឡើងវិញ។ ទឹកខ្ទឹមបារាំងក៏ជួយបង្កើនចរន្តឈាមផងដែរ។ យើងអាចកិន ឬគាបដើម្បីយកទឹកខ្ទឹមបារាំង រួចយកទឹកខ្ទឹមបារាំងមកលាបលើស្បែកក្បាល និងសក់ ទុកចោលចំនួន១៥នាទី ចាំកក់សាប៊ូសម្អាតចេញវិញ។

៣. ក្រូចឆ្មារ

ប្រេង ឬទឹកក្រូចឆ្មារស្រស់ គឺមានប្រយោជន៍ច្រើនជួយពង្រឹងគុណភាព និងការលូតលាស់នៃសក់ ដែលជួយរក្សាសក់ និងជួយឲ្យសក់ដុះបានល្អ។ យើងអាចយកទឹកក្រូចឆ្មារស្រស់លាបលើស្បែកក្បាល និងសក់ទុក១៥នាទី មុនពេលកក់សក់សម្អាតចេញវិញ។

គ្នាយើងត្រូវដឹងថាការថែរក្សាសក់តាមបែបធម្មជាតិនេះត្រូវការពេលវេលា និងមានផែនការ ព្រមទាំងត្រូវអនុវត្តជាប្រចាំទៀតផង ដើម្បីឃើញលទ្ធផល ដែលអាចត្រូវស៊ីពេលពីរបីខែក៏មាន។

Leave a Reply

Your email address will not be published. Required fields are marked *