- ចំណេះដឹង

ជំងឺមហារីកសម្លាប់អ្នកលឿនណាស់! វិធីងាយៗ កាត់បន្ថយ​ហានិភ័យកើតជំងឺនេះ!

ជំងឺមហារីកជាជំងឺដ៏កាចសាហាវមួយដែលកំពុងសម្លាប់មនុស្សយ៉ាងច្រើននៅលើពិភពលោក ហើយនៅក្នុងប្រទេសកម្ពុជាយើងក៏មានកើតច្រើនដែរ ហើយអត្រាអ្នកស្លាប់មានច្រើន ព្រោះតែ​ប្រជាពលរដ្ឋខ្មែរយើង​មិនបានទៅពិនិត្យសុខភាព ទុករហូតចេញរោគសញ្ញាដែលជាដំណាក់កាល​ពិបាក​ព្យាបាល ព្រោះមេរោគបានរីករាលដាលបាត់ទៅហើយ។ ជំងឺនេះកើតមានដោយសារការរីករូតលាស់ឥតឈប់ឈរនៃកោសិកាដែលមិនអាចគ្រប់គ្រងបាន។

ជុំវិញបញ្ហានេះ វេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតធ្លាប់បានលើកឡើងកាលពីឆ្នាំ២០១៧ ថា៖ បើតាមស្ថិតិចុងក្រោយរបស់អង្គការសុខភាពពិភពលោក អត្រាស្លាប់ដោយសារជំងឺមហារីកនៅប្រទេសកំពុងអភិវឌ្ឍមានកម្រិតខ្ពស់ជាងអត្រានៅក្នុងប្រទេសអភិវឌ្ឍហើយប្រហែល ២ដង។

លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា៖ ប្រភេទនៃជំងឺមហារីកនីមួយៗមានកត្តាហានិភ័យផ្សេងៗគ្នា ប៉ុន្តែកត្តាហានិភ័យដែលយើងជួបប្រទះញឹកញាប់ជាងគេនោះគឺ ការជក់បារីឬប្រើប្រាស់ថ្នាំជក់ ការពិសារជាតិអាល់កុល កត្តាចំណីអាហារ កត្តាបរិស្ថាន និងមេរោគមួយចំនួន។ ដោយឡែក មានជំងឺមហារីកតែប្រហែល ២០%ប៉ុណ្ណោះ ដែលបណ្តាលមកពីកត្តាគ្រួសារ និងតំណពូជ។

ចំពោះជំងឺមហារីកទូទៅ វិធីសាស្រ្តទាំង ៨ ងាយៗខាងក្រោមនេះ អាចជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកបាន៖
១- មិនជក់បារីឬប្រើប្រាស់ថ្នាំជក់
២- បន្ថយការពិសារជាតិអាល់កុលឲ្យនៅអប្បបរមា (គ្មានការសិក្សាបែបវិទ្យសាស្រ្តណាបានបញ្ជាក់ពី កម្រិតសុវត្ថិភាព safe limit នៃការពិសារជាតិអាល់កុលនោះទេ)

៣- ពិសារអាហារដែលមានជាតិ Fibers និង Anti-oxidants ខ្ពស់
៤- បង្កើនការពិសារបន្លែ និងផ្លែឈើ ព្រោះអាហារទាំងនេះមានសារធាតុ antioxidants ខ្ពស់ ដូចជា៖ beta-carotene, vitamin C, vitamin E, និង selenium ដែលជួយការពារមុខងារនៃកោសិកា

៥ – កាត់បន្ថយការពិសារសាច់ក្រហម (red meat) ឬសាច់ដែលកិនទុក (processed meat) ដូចជាhot dog សាច់កំប៉ុង សាច់គោ សាច់ជ្រូក សាច់ជៀម ជាដើម និងគួរពិសារសាច់សឲ្យបានច្រើន ដូចជា ត្រី សាច់មាន់។ល។
៦- ធ្វើលំហាត់ប្រាណជាប្រចាំដើម្បីបង្ការការលើសទម្ងន់ ព្រោះការលើសទម្ងន់ក៏ជាកត្តាហនិភ័យមួយដ៏សំខាន់ផងដែរសម្រាប់ជំងឺមហារីក និងជំងឺជាច្រើនមុខទៀត

៧- ចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគមួយចំនួនដែលជាមូលហេតុនាំឲ្យកើត ជំងឺមហារីក ដូចជាវ៉ាក់សាំង ប្រឆាំងនឹងវីរុស HPV (កាត់បន្ថយហានិភ័យក្នុងការកើតមហារីកមាត់ស្បូន) និងវីរុស HBV (កាត់បន្ថយហនិភ័យក្នុងការកើតមហារីកថ្លើម)
៨- ស្វែងរកសេវាបង្ការ ដោយការពិនិត្យសុខភាពជាប្រចាំ (screening)

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរគួរតែទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ៦ខែ ឬ១ឆ្នាំឱ្យបានម្តង ដើម្បីតាមដានសុខភាព និងការពារខ្លួនឱ្យបានល្អ ចៀសវាង​ទុកឱ្យជំងឺ​ធ្លាក់ដល់ដំណាក់កាលចុងក្រោយ។ បើយើងទៅពិនិត្យយើងអាច ដឹងថា មានរោគសញ្ញាដំបូងៗ អាចងាយស្រួលព្យាបាល មិនអស់​លុយច្រើន និង​ស្រួលព្យាបាល​ឆាប់ជាសះស្បើយ មិនប៉ះពាល់ខ្លាំង។ តែគួរឱ្យសោកស្តាយ ពលរដ្ឋខ្មែរនៅមិនទាន់មានទម្លាប់​ពិនិត្យសុខភាពឱ្យបានទៀងទាត់នៅឡើយ ដែលជាកត្តាប្រឈមធ្វើឱ្យពួកគេ​កើតជំងឺនានារហូតធ្លាក់ខ្លួនឈឺធ្ងន់ ទើបស្វែងរកពេទ្យព្យាបាល៕

អត្ថបទដោយ៖ម៉ន វុទ្ធា

Leave a Reply

Your email address will not be published. Required fields are marked *