- ចំណេះដឹង, ចែករំលែក

អស្ចារ្យមែន! វ័យ១៤ឆ្នាំសោះ ក្មេងប្រុសម្នាក់នេះ អាចបង្កើតធនាគារ១ ​មានអតិថិជនរាប់ពាន់នាក់!

នៅក្នុងការរកស៊ីយើងមិនបាច់និយាយដល់ការបើកអាជីវកម្មធំទេ គ្រាន់តែការបើកអាជីវកម្មតូចមួយក៏មានបញ្ហាស្មុគស្មាញជាច្រើនដែលយើងត្រូវដោះស្រាយដែរ​ ទម្រាំតែអាចធ្វើឱ្យអាជីវកម្មនោះអាចដំណើរការយ៉ាងរលូននិងឈរជើងលើទីផ្សារបានយូរ។ ប៉ុន្ដែថ្ងៃនេះ យើងនឹងលើកយកនូវក្មេងប្រុសជនជាតិបេរ៉ូម្នាក់ដែលគាត់មានអាយុត្រឹមតែ១៤ឆ្នាំសោះ ប៉ុន្ដែគាត់អាចបង្កើតធនាគារមួយបានយ៉ាងជោគជ័យនឹងមានអតិថិជនរាប់ពាន់នាក់ប្រើប្រាស់សេវាកម្មធនាគាររបស់គាត់។

ដោយក្មេងប្រុសម្នាក់នោះមានឈ្មោះថា José Adolfo Quisocala ដែលគាត់គឺជាស្ថាបនិកនិងជា CEO នៃធនាគារ Banco del Estudiante។ ហើយបច្ចុប្បន្ននេះធនាគាររបស់គាត់មានបុគ្គលិកចំនួន៨នាក់ដែលសុទ្ធតែមានមនុស្សមានវ័យចាស់ៗជាងគាត់ និងមានអតិថិជនក្មេងៗប្រើប្រាស់សេវាកម្មធនាគាររបស់គាត់រហូតដល់ទៅ ៣០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Guardian។ដោយ José គឺជាក្មេងម្នាក់ដែលចេះមានគំនិតសន្សំសំចៃតាំងពីក្មេង ហើយដោយសារតែពេលទៅសាលាគាត់សង្កេតឃើញថា មិត្តភក្តិរបស់គាត់ភាគច្រើនចាយខ្ជះខ្ជាយមិនចេះសន្សំ ក៏ដូចជាដោយសារតែមើលឃើញថា​ ឃើញក្មេងៗក្រីក្រដទៃទៀតដើរលក់អីវ៉ាន់តាមស្ដុបមិនបានចូលសាលា ជាហេតុធ្វើឱ្យគាត់មានគំនិតចង់បើកធនាគារ ដើម្បីជួយដល់ក្មេងៗទាំងនោះអាចរកចំណូលនិងក្មេងសិស្សសាលាទាំងអស់ចេះសន្សំលុយតាំងពីវ័យក្មេងទៅ។

ដោយចាប់ផ្ដើមដំបូងគាត់បានយកគំនិតនឹងទៅប្រាប់គ្រូនិងឪពុកម្ដាយរបស់គាត់ ហើយគ្រូនិងឳពុកម្ដាយរបស់គាត់អត់បានចាប់អារម្មណ៍ជាមួយគំនិតគាត់ទេ ដោយសារតែគិតថាគាត់ក្មេង ប៉ុន្ដែហុស្សេ បានលើកយកគំនិតរបស់គាត់ឱ្យឳពុកម្ដាយគាត់ស្ដាប់រាល់ថ្ងៃ ដើម្បីបញ្ជាក់ថាគាត់ពិតជាចង់ដោះស្រាយបញ្ហានឹងពិតប្រាកដមែន រហូតដល់ឪពុកម្ដាយនឹងគ្រូគាត់ជឿហើយឱគាត់សាកល្បងធ្វើ។ ដោយសារតែមានការជួយជ្រោមជ្រែងពីគ្រូនៅសាលា និងឳពុកម្ដាយផងនោះ ជាហេតុធ្វើឱ្យ José អាចបើកធនាគារ Banco del Estudiante បានយ៉ាងជោគជ័យ។

ដោយឡែកសម្រាប់សេវាកម្មធនាគាររបស់ José វិញ គឺក្មេងៗទាំងអស់ត្រូវទៅបើកគណនីធនាគារសន្សំមួយ ហើយពួកគេអាចយកលុយទៅដាក់ដើម្បីសន្សំក៏បាន ឬក៏អាចយកសំរាមដូរយកលុយសន្សំដាក់កុងធនាគារក៏បាន ហើយបន្ទាប់មកខាងក្រុមការងារ José នឹងយកសម្រាមទាំងនោះយកទៅកែច្នៃ ហើយលក់ចេញជាលុយ បន្ទាប់មកឱ្យលុយនោះទៅកាន់ក្មេងៗទៅតាមតម្លៃនៃសំរាមដែលគេឱ្យមក។

ទន្ទឹមនឹងនេះផងដែរ តាមរយៈការទទួលសំរាមពីក្មេងៗដទៃយកទៅច្នៃនេះមិនត្រឹមតែជួយឱ្យធនាគាររបស់ខ្លួនដំណើរការ និងបានជួយឱ្យក្មេងៗជាច្រើននាក់បានលុយដើម្បីសន្សំទេ ប៉ុន្ដែវាក៏បានចូលរួមចំណែកជួយដល់បរិស្ថាននៅក្នុងប្រទេសបេរ៉ូមួយផ្នែកធំផងដែរ។ ហើយតាមរយៈជួយដល់បរិស្ថានដោយការប្រមូលសំរាមយកទៅកែច្នៃនេះ José ក៏ទទួលបានរង្វាន់និងបណ្ណសរសើរពីក្រសួងបរិស្ថាននៃប្រទេសបេរ៉ូផងដែរ។ លើសពីនេះទៀត គេក៏ទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងនិងរង្វាន់ផ្សេងៗជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ធនាគារ José គឺបង្កើតឡើងដើម្បីជួយដល់ក្មេងៗឱ្យចេះសន្សំលុយ តាមរយៈការយកលុយមកដាក់ឬយកសំរាមដែលអាចកែច្នៃបានមកប្ដូរ ហើយធនាគាររបស់គេអាចដំណើរការទៅបានយ៉ាងរលូនមួយចំណែកគឺដោយសារតែការកែច្នៃសំរាមនឹងឯង។ ហើយបើគិតមកទល់នឹងពេលនេះ ធនាគាររបស់ José មានអតិថិជនក្មេងៗជាង៣ពាន់នាក់៕ 

 ប្រភព​:business-Cambodia

Leave a Reply

Your email address will not be published. Required fields are marked *