- ព័ត៌មានថ្មីៗ

ប្រវត្តិបដិមា“ជ័យពុទ្ធមហានាថ” ដែលបាត់ពីប្រាង្គកណ្ដាលប្រាសាទបាយ័ន សព្វថ្ងៃគេទុកនៅកន្លែងមួយ, ហេតុអ្វីព្រះភ័ក្រដូចទៅនឹងព្រះបាទជយវរ្ម័នទី៧ម្ល៉េះ? (វីដេអូ)

បដិមាព្រះពុទ្ធប្រក់នាគមួយអង្គមានព្រះនាម “ជ័យពុទ្ធមហានាថ ” ត្រូវបានបុព្វបុរសខ្មែរ កសាងឡើងតម្កល់ នៅក្នុងប្រាង្គកណ្តាល ប្រាសាទបាយ័ន ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ និងដើមសតវត្សទី ១៣។ ឆ្លងកាត់ពេលវេលារាប់រយឆ្នាំ សង្គ្រាមរ៉ាំរ៉ៃ ពីសម័យមួយទៅសម័យមួយ បដិមានេះត្រូវបានសត្រូវវាយ បំបែក ឬអាចវាយបំបែកក្នុងសង្គ្រាមសាសនា រវាងខ្មែរ អ្នកកាន់ព្រះពុទ្ធ និងខ្មែរអ្នកជឿលើព្រហ្មញ្ញសាសនា។ យ៉ាងណា ក្នុងឆ្នាំ១៩៣៣ បដិមានេះ ត្រូវរកឃើញកប់ក្នុងដីខាងក្រោមប្រាង្គកណ្តាល នៃប្រាសាទបាយ័នក្នុង ជម្រៅរហូត១៤ម៉ែត្រ នៅពេលអ្នកស្រាវជ្រាវបារាំង ឈ្មោះ George Trouvéធ្វើកំណាយនៅ កណ្តាលប្រាសាទនេះ។

ក្រោយពីធ្វើការជួសជុល បដិមាជ័យពុទ្ធមហានាថនេះហើយ ព្រះករុណាព្រះបាទស៊ីសុវត្ថិមុនីវង្ស បានរៀបចំព្រះរាជពិធីអភិសេកព្រះពុទ្ធបដិមា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៣៤ និងតម្កល់នៅក្នុងព្រះវិហារប្រាំពីរល្វែងរហូត មកដល់សព្វថ្ងៃ។ បដិមានេះមានកម្ពស់ ៣,៦០ម៉ែត្រ មានព្រះភ័ក្ត្រ ដូចទៅនឹងព្រះភ័ក្ត្រព្រះបាទជ័យវរ្ម័នទី៧ ធ្វើឲ្យអ្នកប្រវត្តិសាស្ត្រ សន្និដ្ឋានថា ព្រះអង្គទំនងជាចង់ភ្ជាប់និស្ស័យជាមួយព្រះ ទើបបញ្ជាឲ្យក្រុមជាងឆ្លាក់ឲ្យ ព្រះអង្គដូចទ្រង់។

វត្តព្រះវិហារប្រាំពីរល្វែង ស្ថិតក្នុងក្រុងអង្គរធំ ខេត្តសៀមរាប នៅពីក្រោយប្រាសាទសួរព្រ័ត្រ នៅខាងស្ដាំ ដៃនៃ ផ្លូវចេញពីព្រលានជល់ដំរីឆ្ពោះទៅកាន់ទ្វារជ័យ។ រយៈពេលជិត១០០ឆ្នាំហើយ ដែលបដិមា “ជ័យពុទ្ធមហា នាថ ” ត្រូវបានតម្កល់នៅព្រះវិហារប្រាំពីរល្វែង ហើយគ្មានការផ្លាស់ប្ដូរទេ មានតែការសង់រោងប្រាសាទពី ស៊ីម៉ងត៍ជំនួសឲ្យរោងឈើប៉ុណ្ណោះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *