- ចំណេះដឹង

អាថ៌កំបាំងនៅពីក្រោយបាតុភូត «ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» ដែលកើតឡើងក្នុងមួយឆ្នាំពីរដងយ៉ាងទៀតទាត់!

កាលពីពេលថ្មីៗនេះ បាតុភូតព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតឡើងជាថ្មីទៀតហើយ ខណៈរៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងខ្លាំង ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានចម្ងល់ជាច្រើនចោទសួរទៅនឹងអាថ៌កំបាំង ដែលនៅពីក្រោយបាតុភូតដ៏មហស្ចារ្យនេះផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងចម្ងល់ខាងលើនេះ Fresh News Plus សូមលើកបង្ហាញនូវការពន្យល់បកស្រាយរបស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា គឺលោក អ៉ឹម សុខរិទ្ធី ដែលមានសេចក្ដីដូចតទៅ៖

លោក អ៉ឹម សុខរិទ្ធី បានពន្យល់ថា ចំណេះដឹងដែលសិក្សាអំពីព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថាវាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែវាជាការគន់គូរទុកជាមុនរបស់អ្នកប្រាជ្ញបុរាណខ្មែរ ដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីយល់ពីរឿងនេះ លោក អ៉ឹម សុខរិទ្ធី ពន្យល់ថា ជាដំបូងគេត្រូវសិក្សាពីទម្រង់នៃចក្រវាឡទូទៅ ហើយធៀបនឹងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត។
អ្នកប្រាជ្ញបុរាណខ្មែរបានរៀបចំប្លង់ប្រាសាទអង្គរវត្ត ស្នងឱ្យរូបភាពបង្រួមរបស់ចក្រវាទ្បនៅលើផែនដីតាមទម្រង់រូបវន្ត ដូចជា ការរៀបចំឱ្យមានមហាសមុទ្រ និងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តរបស់ចក្រវាទ្បជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រាវជ្រាវបានយកចំណុចក្រោយនេះមកពិចារណាតាមរយៈក្បួនតារាសាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាឡដែលបែងចែកជា ៤ យុគបន្តបន្ទាប់គ្នា។ យុគ គឺជាវដ្តសង្សារនៃចក្រវាឡទាក់ទងនឹងការកើត ការវិវត្ត និងបាត់បង់ទៅវិញ។ ចន្លោះនៃយុគនីមួយៗមានអន្តរកាលមួយ ទើបកើតជាយុគថ្មីមួយទៀត។

មួយវដ្តនៃចក្រវាឡមាន ៤ យុគ ដែលស្មើនឹង ៤,៣២០,០០០ ឆ្នាំនៅឋានមនុស្ស និងស្មើនឹង ១២,០០០ ឆ្នាំនៅឋានទេវតាប្រើនៅឋានសួគ៌ (១ ឆ្នាំនៅឋានសួគ៌ស្មើនឹង ៣៦០ ឆ្នាំនៅឋានមនុស្ស)។ មួយវដ្តនៃយុគនេះ ហៅថា «មហាយុគ ១»។ រយៈពេល ២,០០០ មហាយុគ ស្មើនឹងកល្ប ១ ហើយស្មើនឹង ១ យប់ ១ ថ្ងៃ នៅឋានព្រះព្រហ្មទេវតា ស្មើនឹង ៨,៦៤០,០០០,០០០ ឆ្នាំនៅឋានមនុស្ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាយុគនីមួយៗត្រូវបានបែងចែកជា ៤ យុគតូចៗទៀត ក្នុងនោះរួមមាន៖
១.ក្រឹតយុគ (គ្រឹត-យុគ) ឬយុគមាស មានអាយុកាល ១,៧២៨,០០០ ឆ្នាំនៅខានមនុស្ស ស្មើនឹង ៤,៨០០ ឆ្នាំនៅឋានទេវតា។ ក្នុងយុគនេះ មនុស្សលោកមានអាយុវែងៗ និងមានសេចក្តីសុខបរិបូរ។
២.ត្រេតយុគ ឬយុគប្រាក់ មានអាយុកាល ១,២៩៦,០០០ ឆ្នាំនៅឋានមនុស្ស ស្មើនឹង ៣៦០០ ឆ្នាំនៅឋានទេវតា។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន។

៣.ទ្វាបរយុគ (ទ្វា-បៈ-រៈ-យុគ) ឬយុគចំនួនលេខគត់គូ មានអាយុកាល ៨៦៤,០០០ ឆ្នាំនៅឋានមនុស្ស ស្មើនឹង ២,៤០០ ឆ្នាំនៅឋានទេវតា។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខល្មម។
៤.កលិយុគ (កៈ-លិ-យុគ) ជាយុគដែលប្រកបដោយជម្លោះ និងទោស មានអាយុកាល ៤៣២,០០០ ឆ្នាំនៅឋានមនុស្ស ស្មើនឹង ១,២០០ ឆ្នាំនៅឋានទេវតា។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើនទេ និងមានសេចក្តីសុខតិចតួចប៉ុណ្ណោះ។ តាមក្បួនតារាសាស្ត្រឥណ្ឌាគេជឿថា យុគនេះបានចាប់ផ្តើមតាំងពីឆ្នាំ ៣១០៣ មុនគ្រិស្ដសករាជមកម្ល៉េះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្បួនតារាសាស្ត្រឥណ្ឌា គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះច័ន្ទ និងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិ និងសុរិយគតិ។ ក្នុងដំណើរមួយគោចររបស់ព្រះអាទិត្យ ១ ឆ្នាំ ត្រូវបែងចែកជា ២ ដំណើរ គឺចំនួន ១៨៩ ថ្ងៃ និងចំនួន ១៧៦ ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទងនឹងវដ្តសង្សាររបស់ចក្រវាទ្បយ៉ាងដូច្នេះហើយ ទើបទំហំ និងប្រវែងនៃរចនាសម្ពន្ធសំខាន់ៗរបស់មហាប្រាសាទនេះ មានជាប់ទាក់់ទងទៅនឹងអាយុកាលរបស់យុគនីមួយៗ ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។

លោក អ៉ឹម សុខរិទ្ធី បានបន្តពន្យល់តាមរយៈលទ្ធផលនៃស្រាវជ្រាវនោះថា ខ្នាតដែលស្ថាបត្យករ និងវិស្វករបុរាណប្រើគឺ «ហត្ថ» ប៉ុន្តែប្រវែងរបស់ហត្ថនៅអាណាចក្រខ្មែរ តែងប្រែប្រួលទៅតាមសម័យកាល ពោលបើនៅសម័យអង្គរ រាជការខ្មែរប្រើខ្នាត ១ ហត្ថ ស្មើនឹង ០.៤៣៦ ម៉ែត្រនាពេលបច្ចុប្បន្ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមខ្នាតហត្ថនេះដែរ អ្នកស្រាវជ្រាវក៏បានស្វែងយល់បានអំពីប្រវែងរចនាសម្ពន្ធសំខាន់ៗរបស់ប្រាសាទអង្គរវត្ត ក្នុងនោះរួមមាន៖
១.ចម្ងាយស្ពានហាលឆ្លងកសិន្ធុនៅមុខអង្គរវត្ត មានប្រវែង ៤៣៩.៧៨ ហត្ថ
២.ចម្ងាយរានហាលចាប់ពីគុកតារាជ្យដល់ថែវទី២ មានប្រវែង ៨៦៧.០៣ ហត្ថ
៣.ចម្ងាយពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្ត មានប្រវែង ១២៩៦.០៧ ហត្ថ

៤.ចម្ងាយពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្ត មានប្រវែង ១៧៣៤.៤១ ហត្ថ
៥.រចនាសម្ពន្ធនៅជាន់បាកាន្តដែលមានប្រាង្គ ៥ សាងទ្បើងកាត់កែងគ្នាពីលិចទៅកើតមានប្រវែង ១៨៩ ហត្ថ និងពីជើងទៅត្បូងមានប្រវែង ១៧៦.៣៧ហត្ថ។ បើបូកចំនួនទាំងពីរ គឺសរុបបានចំនួន ៣៦៥.៣៧ ហត្ថ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះដោយចេតនា ដែលជាទំនៀមរបស់ជាងចេញ និងការបំពេញបង្គ្រប់ព្រមទាំងកាត់ចំនួនសេសសល់ចេញ តម្រូវឱ្យចំចំនួនគត់មកវិញ នោះយើងនឹងអាចយល់បានអំពីទំនាក់ទំនងនៃប្រវែងរចនាសម្ពន្ធសំខាន់ៗរបស់អង្គរវត្ត ទៅនឹងអាយុកាលរបស់យុគនៃវដ្តសង្សារបស់ចក្រវាឡ ទំនាក់ទំនងនោះអាចសង្ខេបមកដូច្នេះថា៖

១.ចម្ងាយដំណើរលើស្ពានហាល អាចប្រមាណនឹងអាយុកាលរបស់កលិកយុគ ដែលមានរយៈពេល ៤៣២,០០០ ឆ្នាំ។
២.ចម្ងាយដំណើរពីគុកតារាជ្យដល់ថែវទី២ អាចប្រមាណនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល ៨៦៤,០០០ ឆ្នាំ។
៣.ចម្ងាយដំណើរពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល ១,២៩៦,០០០ ឆ្នាំ។
៤.ចម្ងាយដំណើរពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ក្រឹតយុគ ដែលមានរយៈពេល ១,៧២៨,០០០ ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.រីឯប្រវែងនៅជាន់បាកាន្តដែលមានសំណង់កាត់កែងគ្នាសរុប ៣៦៥ ហត្ថនោះ វាត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្រ្តចែកជាពីរដំណើរ គឺ ១៨៩ ថ្ងៃ និង ១៧៦ ថ្ងៃ។
* តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នេះ? ហើយមានអ្វីពាក់ព័ន្ធនឹងអង្គរវត្ត?

លោក អ៉ឹម សុខរិទ្ធី បានពន្យល់តាមក្បួនតារាសាស្រ្តថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ។ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់ និងថ្ងៃ មានរយៈពេលស្ទើរតែស្មើគ្នានោះ គឺនៅពេលដែលព្រះអាទិត្យគោចរបាន ១៨៩ ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬថ្ងៃទី២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន ១៧៦ ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ ឬថ្ងៃទី២២ ខែកញ្ញា។ តាមក្បួនតារាសាស្រ្តសម័យទំនើប គេហៅបាតុភូតនេះថា «Equinox» (មកពីភាសាទ្បាតាំង aequus មានន័យថាស្មើ និង nox គឺរាត្រី) ហើយប្រសិនបើប្រែមកជាភាសាជាតិ គឺហៅថា «សមរាត្រី»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងក៏អាចសម្គាល់បានអំពីបាតុភូតនេះបានដែរ ប្រសិនបើយើងឈរបែរមុខទៅកើតត្រង់ ក្នុងវេលាណាដែលមានព្រះអាទិត្យរះទ្បើងចំពីមុខយើងត្រង់ បន្ទាប់មកទៀត រះទ្បើងត្រង់ចំកណ្តាលក្បាលយើង ហើយធ្វើឲ្យស្រមោល និងតួខ្លួនមនុស្សយើងត្រួតស៊ីគ្នា។

ដោយគន់គូរតាមក្បួនតារាសាស្ត្រ និងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករខ្មែរបុរាណ កសាងអង្គរវត្តឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង ដោយយកប្រាង្គកណ្តាលនៃមហាប្រាសាទទាំងមូលឱ្យដើរតួជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង ១៨៩ ថ្ងៃ និងបន្ត ១៧៦ ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង។

តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំៗ ព្រះអាទិត្យតែងរះលូតទ្បើងត្រង់តាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តចំនួន ២ ដងក្នុងមួយឆ្នាំជាទៀងទាត់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *