- សុខភាព

ទម្រាំរាងកាយអាចទ្រទ្រង់ ជីវិតមនុស្សឲ្យ​រស់រានបាន វាត្រូវ​ធ្វើការផ្លាស់ប្តូរកោសិកាថ្មីច្រើនដល់ម្លឹង ក្នុងមួយវិនាទី

ជាការពិតណាស់មនុស្សអាចរស់រានមានជីវិតបាន ដោយសាររាងកាយរបស់មនុស្សមានការផ្លាស់ប្តូរផ្សេងៗកើតឡើងគ្រប់ពេល។ ដោយឡែការស្រាវជ្រាវចុងក្រោយពីវិទ្យាស្ថានវិទ្យាសាស្ត្រ Weizmann របស់ប្រទេសអ៊ីស្រាអែលបានបង្ហាញថា ជាមធ្យមកោសិកាថ្មីចំនួន ៣,៨ លានសែល ត្រូវបានបង្កើតឡើងក្នុងរយៈពេលមួយវិនាទី ភាគច្រើនជាកោសិកាឈាមក្រហម។

ការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Natural Medicine គឺជាការគណនាថ្មីមួយ ដែលមានការប៉ាន់ស្មានអត្រានៃការបង្កើតឡើងវិញ និងការជម្រុះកោសិកា ជាមធ្យមរបស់មនុស្ស គឺស្ទើរតែស្រដៀងទៅនឹងការពិតបំផុត មិនធ្លាប់មានពីមុនមក ។

អត្រានៃការបង្កើតកោសិកាថ្មីគឺមានចំនួន ៣,៨ លានសែលក្នុងមួយវិនាទី នេះមានន័យថារាងកាយផលិតកោសិកាថ្មីប្រមាណ ៣,៣ ពាន់លានកោសិកាក្នុងមួយថ្ងៃ ដែលក្នុងនោះ ៨៦% ជាកោសិកាឈាមក្រហម និងកោសិកាឈាមស ហើយ ១២% ទៀតជាកោសិកា endothelial នៅសល់តែ ២% គឺជាកោសិការាងកាយផ្សេងៗទៀត ។

លទ្ធផលនៃការសិក្សាថ្មីនេះ បានបដិសេធជំនឿដែលមានជាយូរណាស់មកហើយថា រាងកាយរបស់មនុស្សផ្លាស់ប្តូរកោសិកាគ្រប់ប្រភេទ នៅក្នុងខ្លួនរហូតដល់អស់នៅរៀងរាល់ ៧ ឆ្នាំម្តង ប៉ុន្តែការពិតការផ្លាស់ប្តូរកោសិកាមានភាពស្មុគស្មាញច្រើន រីឯកោសិកាខ្លះមានអាយុតែពីរបីថ្ងៃប៉ុណ្ណោះ ខណៈពេលដែលកោសិកា សរសៃប្រសាទ នៅក្នុងខួរក្បាលនៃផ្នែក celebellum និងកោសិកាខ្លាញ់នៅក្នុងកែវភ្នែក នឹងមិនមានការផ្លាស់ប្តូរទេ វានឹងរស់នៅស្មើនឹង អាយុកាលមធ្យមរបស់មនុស្ស។

ទោះជាយ៉ាងណាក៏ដោយអត្រាគណនាថ្មីនៃការបង្កើត និងផ្លាសប្តូរកោសិកា វាគឺជាមធ្យមភាគស្តង់ដារដែលបានគណនាចេញពីគំរូមនុស្ស ដែលជាបុរសមានសុខភាពល្អអាយុចាប់ពី ២០-៣០ ឆ្នាំ ទម្ងន់ ៧០ គីឡូក្រាម កម្ពស់ ១៧០ សង្ទីម៉ែត្រ ។

ក្រុមស្រាវជ្រាវបានប្រើប្រាស់ព័ត៌មាន អំពីអាយុកាលកោសិកានីមួយៗ ពីការស្រាវជ្រាវកន្លងមក រួមទាំងការគណនា ម៉ាស់នៃកោសិកានីមួយៗ និងពីមធ្យមភាគនៃកោសិការាងកាយផងដែរ បន្ទាប់មកវាត្រូវបានគណនាម្តងទៀត  រហូតដល់ទទួលបានអត្រានៃការបង្កើត និងការផ្លាស់ប្តូរកោសិកាមនុស្សថ្មី ទាំងទម្រង់រាប់ក្រឡា និងជាគំរូបរិមាណសារធាតុ ។

ហើយការគណនាចុងក្រោយផ្តល់នូវលទ្ធផលខុសគ្នាបន្តិចបន្តួច ដោយគេបានរកឃើញថា រាងកាយមនុស្សមានការជម្រុះកោសិកាចាស់ ៨០ ក្រាមក្នុងមួយថ្ងៃ បរិមាណកោសិកាឈាមស្មើនឹង ៤៨% និង ៤១% នៃកោសិកា endothelial និងកោសិកាស្បែក ៤% និងខ្លាញ់ ៤% ។

ប៉ុន្តែការពិតនៃការបង្កើត និងការផ្លាស់ប្តូរកោសិការបស់បុគ្គលម្នាក់ៗ អាចខុសពីស្តង់ដារខាងលើបន្តិចបន្តួច ដោយយោងទៅតាមអាយុ ភេទទម្ងន់ កម្ពស់ និងស្ថានភាពសុខភាព ប៉ុន្តែតួលេខបានគណនានៅពេលនេះ វាមានប្រយោជន៍ជាពិសេស សម្រាប់យោងឱ្យការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ដែលមានគោលបំណងស្វែងយល់ពីមុខងារនៃសរីរាង្គផ្សេងៗ និងសិក្សាពីតួនាទីនៃការផ្លាស់ប្តូរកោសិកាក្នុងការព្យាបាលជំងឺធ្ងន់ធ្ងរផ្សេងៗទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *