ចិន៖ បុរសម្នាក់នៅប្រទេសចិនមានការរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលដឹងពីមូលហេតុនៃការក្អកមិនឈប់គឺដោយសារមានឈ្លើង២ក្បាលកំពុងតែទាមជាប់បំពង់ក និងរន្ធច្រមុះរបស់គាត់។
យោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា អ្នកជំងឺអាយុ៦០ឆ្នាំដែលមិនត្រូវបានគេប្រាប់ឈ្មោះ បានក្អកជាខ្លាំងអស់រយៈពេល២ខែមកហើយហើយដោយសារគាត់ក្អកខ្លាំងពេកមិនអាចទ្រាំទ្របានទៀត គាត់ក៏សម្រេចចិត្តស្វែងរកការព្យាបាល ទើបរកឃើញឈ្លើង២ក្បាលនៅក្នុងរន្ធច្រមុះនិងបំពង់ករបស់គាត់បែបនេះ។
គាត់បានប្រាប់ក្រុមវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យក្នុងទីក្រុង Longyan ថាគាត់ក្អកខ្លាំងណាស់ដោយមានទាំងស្លេសនិងឈាមមកជាមួយ។ ពេលស្កេនដំបូងមិនបានបង្ហាញអ្វីដែលខុសប្លែកនោះទេ ប៉ុន្តែក្រោយមកក្រុមវេជ្ជបណ្ឌិតបានចាប់ផ្តើមធ្វើការពិនិត្យទៅដល់ទងសួតរបស់គាត់ស្រាប់តែពេលនោះបានប្រទះឃើញឈ្លើង២ក្បាលកំពុងរស់នៅក្នុងខ្លួនគាត់។ យោងតាមសារព័ត៌មាន Apple Daily News បានរាយការណ៍ថា មានឈ្លើងមួយត្រូវបានគេរកឃើញនៅក្នុងរន្ធច្រមុះខាងស្តាំរបស់គាត់ ខណៈមួយផ្សេងទៀតត្រូវបានគេរកឃើញនៅក្រោមបំពង់ករបស់គាត់។
លោកវេជ្ជបណ្ឌិត Rao Guanyong បានយកចេញឈ្លើង២ក្បាលដែលមានប្រវែងប្រហែល១០សង់ទីម៉ែត្រដោយប្រើដង្កៀបចាប់ ក្រោយចាក់ថ្នាំសន្លប់ដល់អ្នកជំងឺ។
គេជឿជាក់ថា បុរសដែលជាញឹកញាប់ធ្វើការនៅក្នុងព្រៃនោះ បានផឹកទឹកជ្រោះដែលមានឈ្លើងចូលទៅដោយមិនបានដឹងខ្លួន។
វេជ្ជបណ្ឌិតបានបន្ថែមថា “នៅពេលដែលគាត់ផឹកដែលមានឈ្លើងគឺដោយសារពេលនោះវានៅតូចខ្លាំងពេក និងមិនអាចមើលឃើញដោយភ្នែកទទេ។ រយៈពេលមួយខែ ឬពីរខែក្រោយមកឈ្លើងទាំងនោះបានបឺតឈាមរបស់អ្នកជំងឺហើយរីកធំឡើង” ។
វេជ្ជបណ្ឌិតបានបន្តទៀតថា ឥឡូវអ្នកជំងឺកំពុងសំរាកព្យាបាលហើយនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ។