ដៃសំណាងមែន! អ្នករុករករ៉ែមាស អូស្ត្រាលីពីរនាក់ បានរកឃើញមាស២ដុំ តម្លៃប្រហែល ៣៥ម៉ឺនដុល្លារ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអូស្រ្តាលីបានរាយការណ៍អំពី៖ លោក Brent Shannon និងដៃគូរុករករ៉ែរបស់គាត់ម្នាក់ទៀតឈ្មោះថា Ethan West បានរកឃើញរ៉ែមាសចំនួន ២ដុំមានទម្ងន់ ៣.៥គីឡូក្រាម នៅក្នុងអណ្តូងរ៉ែមាសមួយក្នុងក្រុង Tarnakulla រដ្ឋ Victoria។

ដុំមាសទាំងពីរនោះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ ៣៥០,០០០ដុល្លារអូស្រ្តាលី (ប្រហែល ២៥ម៉ឺនដុល្លារអាមេរិច) បើសិនជាលក់ទៅឱ្យអ្នកប្រមូលទិញដុំមាសបែបនេះនឹងមានតម្លៃកើនឡើង ៣០ភាគរយបន្ថែមទៀត។

លោក West បានបង្ហើបថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះលោកបានរកឃើញមាសតូចៗរាប់ពាន់ដុំ ប៉ុន្តែលើកនេះវាពិសេសជាងសព្វមួយដង ព្រោះថាដុំមាសនេះវាមានទំហំធំ ហើយអ្វីដែលគួរឱ្យកត់សំគាល់ គឺពួកគេរកឃើញវាក្នុងថ្ងៃតែមួយទៀត។

នៅខែមករា ឆ្នាំ២០១៣ កន្លងមក ធ្លាប់មានអ្នកជីកមាសក្នុងក្រុងបាឡារ៉ាត់(Ballarat) ប្រទេសអូស្រ្តាលីដែរ ជីកបានដុំមាសទម្ងន់ ៥.៥គីឡូក្រាមដែរ ដែលកប់ក្នុងដីជម្រៅ ៦០សង់ទីម៉ែត្រ នាក្រុងបាឡារ៉ាត់ឆ្ងាយពីទីក្រុង Tarnakulla ភាគខាងត្បូងជិះប្រហែល មួយម៉ោង ដែលដុំមាសនោះមានតម្លៃយ៉ាងហោចណាស់ជាង ៣០ម៉ឺនដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *