ភ្ញាក់ផ្អើល! រកឃើញកាក់មាសបុរាណអាយុកាល១០០០ឆ្នាំជាង នៅអ៊ីស្រាអែល

យុវជនអ៊ីស្រាអែលបានជីករកឃើញកាក់មាសបុរាណអាយុកាលជាង ១,០០០ ឆ្នាំដោយចៃដន្យដែលត្រូវបានកប់នៅក្រោមដី។ សន្និដ្ឋានថាគឺជាកាក់មួយនៅក្នុងរាជវង្សអាប់បាសិដ អ្នកស្នងរាជ្យបន្តពីចក្រភពអ៊ីស្លាមនៅមជ្ឈឹមបូព៌ា។

កាក់មាសបុរាណរាប់រយកាក់ត្រូវបានគេរកឃើញនៅចំកណ្តាលប្រទេសអ៊ីស្រាអែល។ ហេតុការណ៍នេះបានកើតឡើងដោយចៃដន្យក្រោយពីក្មេងជំទង់ៗបានរួមគ្នាជីកដីបោសសំអាតតំបន់នោះដើម្បីរៀបចំសាងសង់លំនៅដ្ឋាន រហូតដល់រកឃើញកាក់មាសជាច្រើនដែលលាក់នៅក្នុងក្រឡដីឥដ្ឋកាលពីថ្ងៃទី ១៨ សីហាកន្លងទៅនេះ។

លោក Robert Cool អ្នកជំនាញផ្នែកកាក់នៅទីភ្នាក់ងារបុរាណវិទ្យាអ៊ីស្រាអែលបាននិយាយថា កាក់មាស ២៤ ការ៉ាត់ ចំនួន ៤២៥ នេះ ទំនងជាមានអាយុកាលប្រហែល ១.១០០ ឆ្នាំដោយគិតតាំងពីសតវត្សរ៍ទី ៩ នៃរាជវង្សអាប់បាសិដដែលមានអំណាចនៅមជ្ឈឹមបូព៌ា។ កាក់មាសសុទ្ធទំងន់ខ្នាតនេះ ត្រូវបានគេចាត់ទុកថាមានតម្លៃច្រើនណាស់នៅក្នុងយុគសម័យនោះ ដែលមានតម្លៃគ្រប់គ្រាន់ដើម្បីទិញវិមានប្រណីតនៅក្រុងអាល់ហ្វូស្តូត រដ្ឋធានីនៃប្រទេសអេហ្ស៊ីប ដែលមានភាពរុងរឿងនៅយុគសម័យនោះបាន។

លោក Cool សន្និដ្ឋានថា ម្ចាស់កាក់ប្រហែលជាមានឆន្ទៈវិលត្រឡប់មកយកកាក់វិញនៅថ្ងៃណាមួយព្រោះតែមានការកប់ក្រឡទុកក្នុងដីដើម្បីការពារការបំលាស់ទី តែក៏នៅមិនជ្រាបពីមូលហេតុពិតប្រាកដនៅឡើយថា ហេតុអ្វីទីបំផុតគេត្រូវទុកកាក់ដ៏មានតម្លៃទាំងនេះនៅទីនេះដោយមិនវិលត្រឡប់មកយកវិញ ហើយមិនទាន់មាននរណាម្នាក់អាចកំណត់ដឹងទេថា តើម្ចាស់កាក់ទាំងនេះជាអ្នកណា។

ទន្ទឹមនឹងនេះដែរ លោក Oz Cohen ជាយុវជនម្នាក់ដែលបានរកឃើញកាក់នោះបាននិយាយ ខណៈពេលដែលគាត់កំពុងជីកនៅតំបន់នោះ គាត់បានឃើញអ្វីដែលមិនធម្មតាត្រូវបានកប់នៅក្នុងដី ដែលដំបូងឡើយគាត់យល់ថាវាជាស្លឹកឈើស្តើងៗ ប៉ុន្តែនៅពេលដែលពិនិត្យមើលយ៉ាងច្បាស់ឃើញថាវាជាកាក់មាសបុរាណ។ ពួកគេពិតជារំភើបណាស់ដែលបានក្លាយជាផ្នែកមួយនៃការរកឃើញវត្ថុបុរាណដែលមានតម្លៃមហាសាលបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *