- ចែករំលែក, ព័ត៌មានថ្មីៗ

រំភើបណាស់ ! អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគថវិកា ជួយទិញមន្ទីរពេទ្យ «នគរទេព»

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើនសម្តែងក្តីរំភើប និងកោតសរសើរយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ សំណាន បានបរិច្ចាគថវិកាចំនួន ២លានដុល្លារ ដើម្បីចូលរួម ជួយទិញមន្ទីរពេទ្យ «នគរទេព»។

      

អ្នកឧកញ៉ា គិត ម៉េង បានភ្ជាប់សារដ៏មានន័យមួយទៀតថា “ខ្ញុំ និងភរិយា ចំណាន មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចូលរួមជួយរាជរដ្ឋាភិបាលក្នុងការទិញមន្ទីរពេទ្យស្ត្រី«នគរទេព» ដែលកំពុងត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺកូវីដ-១៩ ហើយនឹងត្រូវប្ដូរឈ្មោះជា «មន្ទីរពេទ្យហ្លួងម៉ែ» ដើម្បីថ្វាយព្រះបរមរាជកិត្តិយសចំពោះព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។

នៅក្នុងពេលវេលាដ៏សំខាន់នេះ ការជួយដល់កិច្ចប្រឹងប្រែងយ៉ាងស្វាហាប់របស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង គឺជាការជួយខ្លួនយើងទាំងអស់គ្នា។ សកម្មភាពដ៏រហ័សនិងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតឱកាសឲ្យទទួលបានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយគុណភាពខ្ពស់ ពិតជាផ្ដល់នូវសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងការរាលដាល និងការសង្គ្រោះជីវិតប្រជាជនប្រកបដោយប្រសិទ្ធភាព។

ដូចនេះ ខ្ញុំ និងភរិយា មានកិត្តិយសក្រៃលែងដែលបានបរិច្ចាគថវិកាចំនួន ២លានដុល្លារ ដើម្បីចូលរួមសម្រេចគោលដៅដ៏មានអត្ថន័យមួយនេះ។

យើងទាំងអស់គ្នាសុទ្ធតែមានចំណែកក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩។ សូមយើងទាំងអស់គ្នាយកចិត្តទុកដាក់និងថែរក្សាសហគមន៍ ដោយចូលរួមអនុវត្តវិធានការ «៣ ការពារ និង ៣ កុំ» ក៏ដូចជាគោរពឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរក្សាសុខភាពនិងសុវត្ថិភាពទាំងឡាយរបស់ក្រសួងសុខាភិបាល។”៕

    

Leave a Reply

Your email address will not be published. Required fields are marked *