ជិតចូលឆ្នាំហើយ! សូមបងប្អូនខ្មែរ មកដឹងពីរណ្ដាប់ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាងមណ្ឌាទេវី

ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា​ អតិក្កន្តា​កន្លង​ទៅ​ហើយ​បាន ២៥៦៤ ត្រឹម​ថ្ងៃ​ចន្ទ​ ១៥​កើត​ ខែ​ពិសាខ លុះ​ដល់​ថ្ងៃ​អង្គារ​ ១ រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ​ត្រី​ស័ក​ តទៅ​ចូល​ពុទ្ធ​សករាជ​ ២៥៦៥ ។ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ឆ្លូវ នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ពុធ ៣ កើត​ ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា គ.ស ២០២១ នៅ​វេលា​ម៉ោង​ ៤ និង ០០​នាទី ។

ទេព​ធីតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​​គ្រប់គ្រង​ថែរក្សា​ជម្ពូ​ទ្វីប​មនុស្ស​លោក​ចាប់​ពេល​នេះ​តទៅ​​ ជា​ទេវ​ធីតា​មួយ​ព្រះអង្គ​ ជាអគ្គ​នាយិកា​ព្រះ​នាម មណ្ឌាទេវី ជា​បុត្រី​ទី៤ នៃ​កបិល​មហាព្រហ្ម​ គង់​នៅ​​ចាតុ​ម្ម​ហារាជិកា​ ទ្រង់​អម្ពរ​ពណ៌​អន (ខៀវខ្ចី) ​លម្អ​នៅ​ព្រះកាណ៌​ដោយសៀត​ផ្កា​ចម្ប៉ា អភរណៈ​កែវ​ពិទូរ្យ​ ភក្សាហារ​ទ្រង់​សប្បិ​ (ទឹកដោះ) ព្រហស្ថ​ស្ដាំ​ទ្រង់​ម្ជុល ព្រហស្ថ​ឆ្វេង​ទ្រង់​ឈើ​ច្រត់ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះនេត្រ​នៅ​លើ​ខ្នង​ គទ្រភៈ (សត្វ​លា) ​ជា​យាន​ពាហនៈ ។

ទើប​នាំ​អស់​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ​ធម្មមាលី​នាទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត​ ជាទីតំកល់​នូវ​ព្រះ​សិរសា​ កបិល​មហាព្រហ្ម​ ដែល​តំកល់​លើ​ពាន​មាស នាំ​​​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុរាជ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០​នាទី ។

​តទៅនេះសូមប្រជានុរាស្ត្រខ្មែរមកដឹងពីរណ្ដាប់ទទួលទេវធីតាឆ្នាំថ្មី​ ព្រះនាងមណ្ឌាទេវីដូចខាងក្រោមនេះ៖​

រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេង ៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍៖

១. បាយសី ៩ថ្នាក់មួយគូ
២.បាយសី ៧ថ្នាក់មួយគូ
៣.បាយសី ៥ថ្នាក់មួយគូ

៤.បាយសី ៣ថ្នាក់មួយគូ
៥.បាយសីប៉ាឆាមមួយគូ
៦.ស្លាធម៌មួយគូ

៧.ទឹកអប់មួយគូ
៨.ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ
៩.ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ

១០.ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១គូ
១១.ដូងឡៅមួយគូ
១២.ទឹកស្អាតពីរកែវ

សូមបញ្ជាក់ ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្ររាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ ។

ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ ។ លោកអ្នកអាចក្រាលសំពត់ពណ៍សក៏បានខៀវខ្ចីក៏បាន តាមអម្ពររបស់ទេពធីតា ។

ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា ៕

ប្រភព៖ ដកស្រង់ពី​សៀវភៅមហាសង្ក្រាន្ត ឯកឧត្ដម អឺុម បូរិន្ទ
អត្ថបទ៖ Tep Sovannmoly

Leave a Reply

Your email address will not be published. Required fields are marked *