- ចែករំលែក

មិនគួរឲ្យជឿសោះ! ក្មេងស្រី​នេះ​ស្លាប់ ៥០០ ឆ្នាំ​មកហើយ ប៉ុន្តែ​អ្វីដែល​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​នឹង​ធ្វើឱ្យ​អ្នក​រន្ធត់ចិត្ត​

ឆ្នាំ​១៩៩៩ ក្រុម​អ្នក​បូរាណ​វិទូ​មួយក្រុម បាន​រកឃើញ​សាកសព​អប់​បង្កក​របស់​ក្មេង​៣​នាក់ នៅលើ​កំពូលភ្នំ Llullaillaco នៃ​ប្រទេស​អា​ហ្ស​ង់​ទីន មាន​កម្ពស់​ខ្ពស់ជាង​ទឹកសមុទ្រ​ប្រមាណ ៦៧០០ ម៉ែត្រ ។ ក្មេងៗ​ទាំង​៣​នេះ​រួមមាន​ក្មេងស្រី​អាយុ ៦ ឆ្នាំ ម្នាក់ ក្មេងប្រុស​អាយុ ៧ ឆ្នាំ ហើយនឹង​ក្មេងស្រី​ជំទង់​អាយុ ១៣ ឆ្នាំ ដែល​សាកសព​អប់​ទាំង​៣​នេះ​នៅ «​ទាំងមូល​» ស្ទើរ​ទាំងស្រុង ហើយ​គេ​បាន​ហៅ​ក្មេងៗ​ទាំងនោះ​ថា «​ក្មេង​នៃ​មនុស្ស​ទឹកកក Inca» ។​

អាស្រ័យ​ដោយ​រកឃើញ​នៅ​រយៈកម្ពស់ ៦៧០០ ម៉ែត្រ ប្រៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ទើប​សាកសព​ក្មេង​ទាំង​៣​នៅ​សភាព​ដើម​ស្ទើរ​ទាំងស្រុង ស្បែក​នៅមាន​សភាព​យឺត​យារ (elastic) ល្អ មើលទៅ​ហាក់ដូចជា​ពួកគេ​កំពុង​លង់លក់​ក្នុង​ដំណេក ។ ធម្មជាតិ​ពិតជា​ថែទាំ​គេ​ទាំង​៣​បានល្អ​មែនទែន ទោះបី​ពួកគេ​បាន​ស្លាប់​ទាំង​នៅ​វ័យក្មេង តាំងពី ៥០០ ឆ្នាំ មុន​ម្ល៉េះ ។​

​សម្លៀកបំពាក់​របស់​សាកសព​ទាំង​៣​ត្រូវបាន​គេ​រកឃើញ គ្រោង​ដោយ​កន្សែង​ធំ​ពណ៌​ក្រ​ម៉ៅ ដៃ​ទាំងសងខាង​ដាក់​លើ​ជង្គង់ ក្បាល​រាង​ឱន​ទៅមុខ ហើយ​សភាព​នៅ​ជុំវិញ​នោះ ពុំមាន​បង្ហាញ​សញ្ញា​ប្រតាយប្រតប់ ហើយ​លើ​រាងកាយ​ក៏​ពុំមាន​បន្សល់​ស្លាកស្នាម​ទារុណក្ម​អ្វី​ដែរ ។​

​ការឆ្លុះ​ថត G ស្កែ​ន ក៏​បង្ហាញថា ខាងក្នុង​សរីរាង្គ​ពុំមាន​រងរបួស​អ្វី ប្រអប់​ខ្លួន​នៅ​ស្អាត ហើយ​បេះដូង​ទៀតសោត​នៅ​បន្សល់​តំណកឈាម ។ ពិតជា​ពុំគួរ​ឲ្យ​ជឿ​! ។
ក្នុងចំណោម​សាកសព​ទាំង​៣ សាកសព​របស់​ក្មេងស្រី​វ័យ​ជំទង់​អាយុ ១៣ ឆ្នាំ គឺ​សុ​ក្រិត​ជាងគេ ។ ពួក​អ្នកវិទ្យាសាស្ត្រ​ហៅ​នាង​ថា «Ice Maiden» ឬ (​នាងក្រមុំ​ទឹកកក​) ។​

​ផ្អែក​តាម​រូបភាព​ថត​មើល​ខាងក្នុង​ក្រ​អោម​មាត់ គេ​នៅ​ឃើញ​មាន​ស្លឹក Coca ពណ៌​បៃតង​នៅសល់​១​សន្លឹក (​វត្ថុ​ធាតុ​ផលិត Cocain) ។​

​ក្រុម​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ Bradford (​អង់គ្លេស​) បាន​ដំណើរ​ការធ្វើ​វិភាគ​គីមី​លើ​សរសៃសក់​របស់​ពួ​គេ ហើយ​រកឃើញ​នូវ​អាថ៌កំបាំង​គួរ​ឲ្យ​សង្វេក​នៃ​មរណៈភាព​របស់​ក្មេង​ទាំង​៣ គឺ​ពួកគេ​បាន​ត្រូវ​បង្ខំ​ឲ្យ​បរិភោគ​ស្លឹក Coca និង​ស្រា​យ៉ាងច្រើន ។ បន្ទាប់ពី​ធ្លាក់​ក្នុង​សភាព​សន្លប់​លែង​ដឹងខ្លួន ក៏ត្រូវ​ក្រុមមនុស្ស​នាំយក​មកកាន់​ទីនេះ ដើម្បី​ធ្វើជា​វត្ថុ​បូជាយញ្ញ ។​

​តាម​បូរាណ​វិទូ Reinhard នោះ​ក្មេងៗ​ទាំង​៣​កាលពី​នៅរស់ ពួកគេ​សុទ្ធសឹង​មាន​សម្រស់​ស្អាត សុខភាព​មាំមួន ទើបត្រូវ​ក្លាយជា​ជម្រើស​សំរាប់​បូជាយញ្ញ ។ ជំនាន់​ដើម ជនជាតិ Inca តែង​ជ្រើស​យក​ក្មេងៗ ព្រោះ​គិតថា ពួកគេ​នៅ​ស្អាត​បរិសុទ្ធ ដើម្បី​ទុក​ធ្វើ​ពិធី​បូជាយញ្ញ ។​

​អ​បិ​យ៍​ជំនឿ​នេះ​ពុំ​មានន័យថា ពួកក្មេងៗ​ត្រូវ​កាប់សម្លាប់​ទេ​តែ​ឆ្លងកាត់​ការបូជា​យញ្ញ​នេះ ពួកគេ​នឹង​បាន​ទៅកាន់​ពិភព​នៃ​ពួក​ទេវតា ហើយ​រស់​នៅលើ​ឋានសួគ៌ ។ ម្យ៉ាងទៀត ពួកគេ​នៅ​អាចទាក់ទង​មក​ពិភព​លោកីយ៍​បាន តាមរយៈ​ពួក​គ្រូសិល្ប៍​! ។​

​អ​បិ​យ៍​ជំនឿ​បានបញ្ចប់​ជីវិត​ពួកគេ​ទាំង​នៅ​វ័យក្មេង​ពេញ​ស្រឡាញ់ ។ នេះ​ឬ​ជា​ឋានសួគ៌​សំរាប់​ពួកគេ​!? ៕​

Leave a Reply

Your email address will not be published. Required fields are marked *