- ចំណេះដឹង, ចែករំលែក

តស៊ូចិញ្ចឹមម្តាយពិការ អានហើយពិតជារំជួលចិត្តខ្លាំងណាស់…(មានវីដេអូ)

មនុស្ស​កើត​មក​មាន​ជីវិត​​រស់​នៅ​លើ​ផែន​ដី​ដូច​គ្នា តែ​វាស​នា​មិន​ដូច​គ្នា​ទេ ហើយ​ក៏​មិន​អាច​កំណត់​វាសនា​របស់​ខ្លួន​ឯង​ដែរ​។ មនុស្ស​ខ្លះ​កើត​មក​លើ​គំនរ​ទ្រព្យ​សម្បត្តិ​រស់​នៅ​សុខ​ ដេក​ស្រួល​ ចង់​បាន​អ្វី​ក៏​បាន​ហ្នឹង​។ ប៉ុន្តែ​មនុស្ស​ខ្លះ​កើត​មក​ស្ថានភាព​លំបាក​លំបិន តែ​ក្រាញ​ននាល​ព្រោះ​តែ​ចង់​មាន​ជីវិត​រស់​នៅ​​សមរម្យ​ដូច​គេ​ដូច​ឯង។ ​ជាក់​ស្ដែង​យុវជន ៣​រូប​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ឆ្លង​កាត់​ជីវិត​លំបាក​នឹក​ស្មាន​មិន​ដល់​ រហូត​អាច​ទទួល​ជោគជ័យ​ក្នុង​ជីវិត​រៀង​ខ្លួន​។

តាំង មាន​រិទ្ធ និស្សិត​ចប់​បរិញ្ញាបត្រ​ ជំនាញ​គ្រប់គ្រង​រដ្ឋបាល នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រកម្ពុជា ​ឆ្លង​កាត់​ជីវិត​​ពោរពេញ​ដោយ​ការ​តស៊ូ ​តាំង​ពី​នៅ​តូច​ មិន​ដែល​ស្គាល់​អាហារ​ឆ្ងាញ់ រស់នៅ​ស្រួល ស្លៀកពាក់​ស្អាត​បាត​នោះ​ទេ ហើយ​លោក​ត្រូវ​ធ្វើ​ការ​រក​លុយ​តាំង​ពី​រៀន​នៅ​ថ្នាក់​ទី​២​មក​ម្ល៉េះ​។

តាំង មាន​រិទ្ធ មាន​ស្រុក​កំណើត នៅ​ខេត្ត​កំពង់ធំ ភូមិ​ឥន្ទ​កុមារ ឃុំ​កំពង់ស្វាយ។ លោក​មាន​បង​ប្អូន​៨​នាក់​ហើយ​លោកជា​កូន​ទី​៥ ក្នុង​គ្រួសារ​ បច្ចុប្បន្ន​មាន​អាយុ​ ២៩​ឆ្នាំ​ហើយ​ ។

រំឭក​ទៅ​អតីត​កាល​លោក​ត្រូវ​ទៅ​ធ្វើ​ការ​សំណង់ តាំង​ពី​រៀន​ថ្នាក់​ទី​២ ក្រៅ​ពី​ធ្វើ​ការ​សំណង់​ទាំង​កុមារ​ភាព លោក​ក៏​ធ្លាប់​ស៊ី​ឈ្នួល​ច្រូតកាត់​ឱ្យ​គេ​ដើម្បី​រក​លុយ​ជួយ​ព្យាបាល​ជំងឺ​ម្ដាយ​។ មក​ដល់​ថ្នាក់ទី៧ ​លោក​បាន​ចាកចេញ​ពី​ស្រុក​កំណើត​ទៅ​ធ្វើ​ការ ជា​អ្នក​លាង​ឡាន​នៅ​ព្រំដែន​ថៃ​ ។​ ​មិន​រួញរា​នឹង​ជីវិត​មួយ​នេះ​ឡើយ មាន​រិទ្ធ​ត្រូវ​ធ្វើ​ការ​សំណង់​​បន្ត​ទៀត ​តាំង​ពី​ថ្នាក់​ទី ១០​រហូត​ដល់​ថ្នាក់​ទី​១២។

​រៀន​ពូកែ តែ​គ្មាន​លទ្ធភាព​ដូច​គេ​។ ដល់​ឆ្នាំ ២០០៩ ​លោក​បាន​ប្រឡង​ជាប់​បាក់​ឌុប​តែ​គ្មាន​លុយ​រៀន​បន្ត​នោះ​ទេ​ លោក​ក៏​ត្រូវ​ចាកចេញ​ពី​ស្រុក​កំណើត​សារ​ជា​ថ្មី ទៅ​រស់នៅ​ខេត្ត​សៀម​រាប​​ ​ធ្វើ​ជា​អ្នក​រត់​តុ។ ​តស៊ូ​គង់​មាន​ឱកាស មាន​រិទ្ធ​ ប្រឡង​ជាប់​អាហារូបករណ៍ ១០០%​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។ ប៉ុន្តែ​មក​រស់​នៅ​ភ្នំពេញ​ដំបូង​ លោក​មិន​ស្គាល់​អ្វី​ទាំង​អស់​ ថែម​ទាំង​គ្មាន​លុយ​ច្រើន​ជាប់​ខ្លួន ​អង្ករ​ក៏​គ្មាន​ហូប​ ព្រោះ​អ្នក​ផ្ទះ​ពុំ​មាន​អង្ករ​ហូប​បាយ​នោះ​ទេ​។

ជីវិត​រសាត់​អណ្ដែត​ មក​នៅ​ភ្នំពេញ​លោក​ត្រូវ​ធ្វើ​ការ​សំណង់​ពេល​ថ្ងៃ​ ហើយ​រៀន​ពេល​យប់​ដើម្បី​រក​លុយ​រៀន​នឹង​គេ​។ ធ្វើ​ការ​សំណង់​​នេះ​គ្មាន​នរណា​ម្នាក់​ដឹង​ទេ រយៈពេល​២​ឆ្នាំ សូម្បី​តែ​មិត្ត​ភក្ដិ​ស្នាក់​នៅ​ជាមួយ​គ្នា​ក៏​លោក​មិន​ដែល​ឱ្យ​អ្នក​ណា​ដឹង​ដែរ​។

​ថ្ងៃ​ដែល​ទទួល​សញ្ញាបត្រ មាន​រិទ្ធ បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ កំពង់​ធំ​ដែល​ជា​ទឹក​ដី​កំណើត យក​សញ្ញា​បត្រ​ជូន​ម្ដាយ។ លោក​ប្រាប់​ថា ទៅ​ដល់​ម្ដាយ​លោក​សុំ​ស្ទាប​លោក រួច​និយាយ​ថា​កូន​​មក​រស់​នៅ​ភ្នំពេញ​យូរ​ធំ​ប៉ុណ្ណា​ហើយ​ ហើយ​ម្ដាយ​ពិត​ជា​ចង់​ឃើញ​សញ្ញាបត្រ​នោះ​ខ្លាំង​ណាស់​។ ដោយសារ​តែ​ពេល​លោក​ទៅ​ដល់​យប់​ជ្រៅ​ហើយ មើល​មិន​ឃើញ​ទើប​ព្រឹក​ឡើង​លោក លុតជង្គង់​ទាំង​ពីរ​យក​សញ្ញាបត្រ​ជូន​ម្ដាយ ហើយ​ទាំង​ម្ដាយ​លោក ទាំង​លោក​ផ្ទាល់​បាន​ស្រក់​ទឹក​ភ្នែក​រំភើប​ចិត្ត រក​ពាក្យ​អ្វី​និយាយ​មិន​បាន​ មាន​តែ​ទឹក​ភ្នែក​នេះ​ហើយ​ជួយ​បញ្ជាក់​ពី​ទំហំ​នៃ​ក្ដី​រំភើប​ដែល​លោក​មាន​។​​

Leave a Reply

Your email address will not be published. Required fields are marked *