- ចំណេះដឹង, ចែករំលែក

ព្រះពុទ្ធបដិមាដ៏ធំសំបើមមួយដែលគ្រប់គ្នាចង់ទៅឃើញឲ្យបានម្ដងក្នុងមួយជីវិត!

ប្លែក៖ រូបសំណាកព្រះពុទ្ធរូបដ៏ធំសំបើមអស្ចារ្យ ដែលភាសាអង់គ្លេសហៅថា Great Buddha of Thailand ឬ ភាសាថៃហៅថា พระพุทธมหานวมินทรศากยมุนีศรีวิเศษชัยชาญ គឺ ជាសំណង់ព្រះពុទ្ធដ៏អស្ចារ្យគ្មានពីរក្នុងប្រទេសថៃ។

ព្រះពុទ្ធរូបនេះ គឺជារូបសំណាកព្រះពុទ្ធធំបំផុតក្នុងប្រទេសថៃ និងធំបំផុតទីពីរក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន។ បើចំណាត់ថ្នាក់ទូទាំងពិភពលោកវិញព្រះពុទ្ធឈ្មោះថាមហាណាវមីន នេះឈរនៅលេខ រៀងខ្ពស់បំផុតទី៩ក្នុងភពផែនដី ជាមួយនឹងកម្ពស់ជិត១០០ម៉ែត្រ គឺប្រមាណ ៩២ម៉ែត្រ ឬ ៣០២ហ្វីតសាងសង់ ពីស៊ីម៉ង់ និងលាបពណ៌មាស ។

មានទីតាំងស្ថិតនៅវត្តប្រាសាទមឿង ស្ថិតនៅក្នុងខេត្តអាងថង ព្រះពុទ្ធនេះមានទទឹង មុខកាត់រហូត៦៣ម៉ែត្រ ឯណោះ ហើយត្រូវបានគេសាងសង់ក្នុងឆ្នាំ១៩៩០ គិតមកទល់សព្វថ្ងៃ សំណង់ជាទីសក្ការនេះ មានអាយុ៣០ឆ្នាំ ហើយ និងចាយថវិកាសាងសង់អស់ប្រមាណ ជាង១០៤លានបាត ឬ ជាង៣,៣លានដុល្លារសហរដ្ឋអាមេរិក ដែលបច្ច័យបានមកពីពុទ្ធបរិស័ទ ដែលមានជំនឿមុតមាំក្នុងព្រះពុទ្ធសាសនា នៃនគរថៃ។

អត្ថន័យ នៃ ព្រះនាមព្រះពុទ្ធ พระพุทธมหานวมินทรศากยมนีศรีวิเศษชัยชาญ គឺមានន័យថា ព្រះពុទ្ធរូបដ៏វិសេសក្រៃលែង នៃ ស្រុកវិសុទ្ធជ័យច័ន្ទ សង់ដើម្បីឧទ្ទិសថ្វាយអតីតព្រះមហាក្សត្រថៃភូមិពលអតុល្យតេជ ឬ រ៉ាម៉ាទី៩ ដែលសោយទិវង្គត កាលពីឆ្នាំ២០១៧ ជាព្រះរាជាមួយអង្គ ដែលជនជាតិថៃគោរពស្រឡាញ់ បំផុតកាលទ្រង់នៅមានព្រះជន្ម។

បច្ចុប្បន្ន ទីតាំងនេះបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ នៅក្នុងខេត្តអាងថង ដោយសំណង់ដ៏មហិមា នេះបានផ្ដល់នូវទស្សនីយភាពយ៉ាងពិសេស ទៅតាមរដូវកាល និងអាកាសធាតុមិនថា តែពុទ្ធបរិស័ទជិតឆ្ងាយ សូម្បី តែភ្ញៀវទេសចរ តែងតែប្រាថ្នាទៅ ឃើញឲ្យបានយ៉ាងហោចណាស់ ម្ដងក្នុងមួយជីវិត របស់ពួកគេដើម្បី បួងសួងសុំសេចក្ដីសុខ ក៏ដូចជាផ្ដិតយករូបភាពនៅទីនោះ។
  
ប្រភព khbillionaire.com

Leave a Reply

Your email address will not be published. Required fields are marked *