ល្អណាស់! បុណ្យក៏ធ្វើ ឯចំណេះចិញ្ចឹមបង្កងក៏ចែករំលែកដោយមិនគិតប្រាក់

ដោយមានការចាប់អារម្មណ៍លើទង្វើដ៏ល្អកាត់ថ្លៃមិនបាន ក្រុមការងាររបស់គេហទំព័រ Golpages Cambodia បានជជែកពិភាក្សាជាមួយនឹងបងប្រុសចិត្តបុណ្យម្នាក់ឈ្មោះ En Samnang ដែលបងប្រុសបានកសាងនូវកុសលផលបុណ្យជាច្រើនរាប់មិនអស់ក្នុងបុព្វហេតុការធ្វើទានដល់ជនក្រីក្រ និងការចែករំលែករឿងរ៉ាវល្អៗ ក៏ដូចជាបទពិសោធន៍ល្អៗដល់បងប្អូនប្រជាពលរដ្ឋទូទៅកន្លងមក។

នៅក្នុងកិច្ចពិភាក្សាជាមួយបងប្រុស En Samnang បងប្រុសបានថ្លែងប្រាប់ការងារយើងពីសកម្មភាពមនុស្សធម៌ជាច្រើនតាំងតែពីឆ្នាំ ១៩៩៥ មកម៉្លេះ។ ព្រោះតែកើតមកជាកូនកសិករម្នាក់ បងប្រុសបានយល់ច្បាស់ពីកង្វះខាតដែលមនុស្សជុំវិញខ្លួនកំពុងត្រូវការ ដែលជាហេតុធ្វើឱ្យបងប្រុស En Samnang បរិច្ចាគដីកេរមួយកន្លែងដែលមានបណ្តោយប្រហែល៨០មនិងទទឹងប្រហែល២០មតាំងពីឆ្នាំ២០០៩មកម៉្លេះ ដើម្បីកសាងសាលាឆទានសម្រាប់ប្រជាជនក្នុងភូមិប្រើប្រាស់ក្នុងន័យគោរពបូជាដល់ព្រះពុទ្ធសាសានា ហើយដីនោះក៏សម្រាប់ជីកស្រះទឹក ធ្វើអណ្តូងទឹក និងធ្វើបន្ទប់ទឹកផងដែរ ដែលដីនេះនៅជាប់នឹងផ្លូវមានទីតាំងនៅឯស្រុកកំណើតរបស់បងប្រុសផ្ទាល់គឺនៅភូមិទួលអំពិល ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្រៅពីនោះ បងប្រុសក៏បានជួយដល់ក្មេងកំព្រា និងមនុស្សចាស់ជរាក្នុងភូមិនោះ និងនៅតាមបណ្តាខេត្តផ្សេងៗផងដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ បងប្រុសក៏បានចែករំលែកបទពិសោធដែលបានឆ្លងកាត់ជាច្រើនឆ្នាំក្នុងការចិញ្ចឹមបង្កង ដោយមិនគិតប្រាក់ ដល់បងប្អូនខ្វះខាតជាច្រើនផងដែរ ដែលនេះគឺជាការលើកស្ទួយដល់បងប្អូនខ្មែរដូចគ្នាឱ្យយល់ច្បាស់ពីវិស័យចិញ្ចឹមបង្កង និងជាការបណ្តុះគំនិតបើកអាជីវកម្មដោយខ្លួនឯងផងដែរ។ នៅប្រទេសកម្ពុជាយើង បើសិនជាម្នាក់ៗមានសណ្តានចិត្តបុណ្យដូចបងប្រុស នោះក៏អាចជាការជួយកាត់បន្ថយនូវភាពក្រីក្របានខ្លះផងដែរ ព្រោះការចែកទានទាំងខ្លួនគ្មានទ្រព្យសម្បតិ្តស្តុកស្តម្ភពិតមិនមែនជារឿងងាយស្រួលនោះទេ៕

អត្ថបទដោយ៖ ផាត់យុទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *