- ជំនឿ

ដីបាក់ស្រុត កើតជារណ្តៅយក្សធំៗចំនួន៣ ជឿថាមានសត្វនាគបំលាស់ទី ក្រោយពីទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេស…

ថៃ៖ អ្នកភូមិនាំគ្នាផ្អើលមកចោមរោមមើលរណ្តៅយក្សចំនួន៣ កើតឡើងនៅចំកណ្តាលចំការកៅស៊ូ អ្នកភូមិជឿថាសត្វនាគបំលាស់ទី អាចនឹងនាំសំណាងមកឱ្យបន្ទាប់ពីមានទឹកជំនន់ នៅខេត្ត Loei។

អ្នកយកព័ត៌មានបានរាយការណ៍ថា (៨ សីហា) វេលាម៉ោង ១១:០០នាទី ទទួលបានការជូនដំណឹងពីលោក Pramuon Labjit ប្រធានសន្តិសុខយាមចម្ការកៅស៊ូអាយុ ៥០ឆ្នាំ អ្នកភូមិ Nang Dakbae ឃុំ Nam Suoy ស្រុក Moueng Loei ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់លិចភូមិ ស្រាប់តែដីនៅចម្ការកៅស៊ូបានបាក់ស្រុតជា ៣រណ្តៅ។

រណ្តៅទី១ មានទំហំ២ម៉ែត្រ និងជម្រៅ ១៩ ម៉ែត្រ។​ រណ្តៅទី២ មានទំហំ ៥ គុណ ៦ម៉ែត្រ និងជម្រៅ ១៩ម៉ែត្រ។ រណ្តៅទី៣ មានទំហំ ៥ គុណ ៥​ម៉ែត្រ ជម្រៅ ៨​ម៉ែត្រ មានទឹកពណ៌បៃតងពេញរណ្តៅទាំងអស់។​ ដោយសារតែខ្លាចក្រែងថាវានឹងបាក់ស្រុត រហូតដល់ធ្វើឱ្យមានគ្រោះថ្នាក់ ដូច្នេះហើយទើបគាត់ប្រញាប់ប្រញាល់ជូនដំណឹងដល់មន្ទីរពាក់ព័ន្ធឱ្យចុះមកស្រាវជ្រាវ។

មូលហេតុត្រូវបានគេសន្និដ្ឋានថា បន្ទាប់ពីមានទឹកជំនន់ជោរជន់ ធ្វើឱ្យទឹកជន់លិចភូមិចំនួន ៧ ក្នុងឃុំ Nam Suoy ស្រុក Moueng Loei កាលពីថ្ងៃទី ២ ខែសីហាកន្លងទៅ អាចបណ្តាលឱ្យទឹកក្រោមដីផ្លាស់ប្តូរទិសដៅហូរ រហូតធ្វើឱ្យដីនៅខាងក្រោមទន់បាក់ស្រុតទៅជារណ្តៅធំៗ។

លោក Pramuon Labjit ប្រធានសន្តិសុខយាមចម្ការកៅស៊ូបាននិយាយថា បន្ទាប់ពីបានទទួលដំណឹង ក៏បានធ្វើដំណើរមកពិនិត្យមើល និងបានទាក់ទងទៅការិយាល័យភូមិសាស្ត្រ និងការិយាល័យធនធានធម្មជាតិនិងបរិស្ថាន ដើម្បីឱ្យបញ្ជូនមន្រ្តីទៅពិនិត្យជាបន្ទាន់ ហើយប្រើខ្សែពួរដើម្បីបិទតំបន់នោះ មិនឱ្យអ្នកភូមិចូលទៅ ខ្លាចមានការបាក់ស្រុតដីនឹងបង្កឱ្យមានគ្រោះថ្នាក់។

ខណៈពេលដែលអ្នកភូមិនៅតំបន់នោះជឿថាជាសំណាងល្អរបស់អ្នកភូមិ ដែលពួកគេរំពឹងថានឹងមានរឿងល្អៗចូលក្នុងភូមិបន្ទាប់ពីត្រូវបានទឹកជំនន់ជោរជន់បំផ្លាញភូមិមក ដោយពួកគេសន្និដ្ឋានថា ជារណ្តៅសត្វនាគដែលបានបំលាស់ទីពីភូមិទៅចំការកៅស៊ូ ទើបបណ្តាលឱ្យមានរណ្តៅធំៗបែបនេះ។

ដែលពីមុនអណ្តូងទឹកនៅក្នុងភូមិមិនដែលរីងស្ងួតទេ ប៉ុន្តែនៅពេលនេះបែរជារីងស្ងួត ហើយមកកើតរណ្តៅយក្សថ្មីមួយនៅក្នុងចម្ការកៅស៊ូទៅវិញ។ ពួកគេសន្និដ្ឋានថាជារូងនាគដែលបានបំលាស់ទី ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលនាំគ្នាមកចោមរោមមើល ព្រមទាំងមកមើលលេខឆ្នោតក្រែងជាការនាំសំណាងទិញឆ្នោតត្រូវម្តង៕

ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *