តើតែបៃតងមានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះសុខភាពប្រចាំថ្ងៃ?

តែ ជាភេសជ្ជៈដ៏ពេញនិយមមួយ ខណៈមនុស្សមួយចំនួន បានយកទឹកតែ មកទទួលទានជាប្រចាំជំនួសទឹកធម្មតាថែមទៀត។ ថ្វីបើមានភាពពេញនិយមបែបនេះក្តី ប្រហែលជាមានមនុស្សមិនច្រើនទេ ដែលបានដឹងពីអត្ថប្រយោជន៍នៃការទទួលទានតែបៃតងសម្រាប់សុខភាព។ ពេលនេះសារព័ត៌មានថ្មីៗ នឹងលើកយកអត្ថប្រយោជន៍មួយចំនួនពីការទទួលទានតែបៃតងមកបង្ហាញ។

តែ ត្រូវបានបែងចែកជាច្រើនប្រភេទដូចជា តែបៃតង តែខ្មៅ តែអ៊ូឡុង និងតែផ្ការុក្ខជាតិជាដើម។ ប្រភេទតែទាំងអស់នេះមានក្លិន រសជាតិ និងអត្ថប្រយោជន៍ ខុសៗគ្នា។ ការទទួលទានទឹកតែបានផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផ្លូវចិត្ត និងរាងកាយ ព្រោះវាបានជួយឱ្យមនុស្សមានអារម្មណ៍ធូរស្រាល និងជួយកាត់បន្ថយ ហានិភ័យនៃជំងឺមួយចំនួនផងដែរ។

ក្នុងចំណោមតែទាំងនោះ តែបៃតង ត្រូវបានរកឃើញថាអាចជួយបង្កើនសមត្ថភាពខួរក្បាលមនុស្សឱ្យដំណើរ ការបានល្អ។ ថ្លែងប្រាប់ទំព័រសុខភាពនៃទូរទស្សន៍CNN តាមEmail លោក Stefan Borgwardt ប្រធានផ្នែកវេជ្ជសាស្រ្តខាងវិកលចរិក និងព្យាបាលផ្លូវចិត្ត នៅសាកលវិទ្យាល័យ Lübeck របស់អាល្លឺម៉ង់ បានលើកឡើងថា នៅក្នុងការសិក្សាឆ្នាំ២០១៤ លោកបានផ្តល់តែបៃតងប៉ុន្មានដប ទៅអ្នកចូលរួមចំនួន ១២នាក់។ ជាលទ្ធផល លោក Borgwardt បានសង្កេតឃើញ តែបៃតង បានជួយបង្កើនប្រព័ន្ធខួរក្បាលឱ្យធ្វើការកាន់តែល្អជាងមុន។

នៅក្នុងឆ្នាំ២០១៧ អ្នកជំនាញរូបនេះ បានពិនិត្យលើការសិក្សាជាង១០០ករណី និងបានរកឃើញថា តែបៃតងល្អចំពោះអ្នកមានបញ្ហាផ្លូវចិត្ត ដោយសារវាជួយកាត់បន្ថយការថប់អារម្មណ៍ បង្កើនការយកចិត្តទុកដាក់ និងជាពិសេសជំនួយឱ្យខួរក្បាលមានការចងចាំល្អទៀតផង។

តែបៃតង ក៏រួមចំណែកយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយ រោគសញ្ញាជំងឺវង្វេងស្មារតី និងជម្ងឺធ្លាក់ទឹកចិត្តប្រសើរឡើងថែមទៀត។ ការសិក្សាមួយនៅក្នុងឆ្នាំ ២០១៨ ដែលបានធ្វើឡើង នៅកូរ៉េខាងត្បូង បានបង្ហាញថាអ្នកទទួលទានតែបៃតងច្រើន នឹងកាត់បន្ថយហានិភ័យនៃជំងឺ បាក់ទឹកចិត្តប្រមាណ ២១ភាគរយឯណោះ បើធៀបនឹងអ្នកមិនបានបរិភោគសោះ។

មិនត្រឹមតែជំនួយសុខភាពខួរក្បាល និងផ្លូវចិត្ត ប៉ុណ្ណោះទេ តែក៏មានអត្ថប្រយោជន៍ សម្រាប់សុខភាពរាងកាយផងដែរ។ វានឹងរួមចំណែកជួយ ឱ្យមនុស្សមានអាយុវែង អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូង ដូចជាការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ហើយក៏អាចជួយរលាយខ្លាញ់ក្នុងរាងកាយផងដែរ។

ក្នុងន័យនេះ ការទទួលទានតែបៃតងប្រហែល ១ពែងទៅ ២ពែង ពិតជាជួយដល់សុខភាពអ្នក។ វានឹងកាន់តែប្រសើរ ប្រសិនបើអ្នកទទួលទានក្រោយអាហារដែលល្អចំពោះសុខភាព ដូចជាបន្លែ និងផ្លែឈើជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *