តើដឹងទេបញ្ហាគេងមិនលក់ ជះឥទ្ធិពលអ្វីខ្លះដល់អ្នក ?

រាជធានីភ្នំពេញ ៖ យោងតាមការស្រាវជ្រាវ ជនជាតិអាមេរិកជាមធ្យមនិយាយថា ពួកគេមានអារម្មណ៍ងងុយគេង (សល់ងងុយ) ៣ ថ្ងៃក្នុងមួយសប្តាហ៍ ដោយសារតែ «គេងមិនបានស្កប់ស្កល់» ទន្ទឹមនឹងនេះមនុស្សមួយចំនួនទៀតមានអារម្មណ៍បែបនេះរហូតដល់ ៥ ទៅ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិត មួង ពៅពន្លឹក ដែលជាគ្រូពេទ្យជំនាញឯកទេសសុខភាពផ្លូវចិត្ត និងគេងមិនលក់ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះ និងព្យាបាលជំងឺអនឡាញ ។ វេជ្ជបណ្ឌិតមួង ពៅពន្លឹក ពន្យល់ទៀតថា ការគេងមានអត្ថប្រយោជន៍ច្រើនរាប់តាំងពីការជំរុញអារម្មណ៍ ជួយឱ្យផ្លូវចិត្តរឹងមាំ និងបង្កើនផលិតភាព រហូតដល់ការផ្តល់ថាមពលជួយដល់សុខភាពបេះដូង ។


ខាងក្រោមនេះ គឺជាបញ្ហាកង្វះដំណេករ៉ាំរ៉ៃដែលបង្កឱ្យមានបញ្ហាសុខភាពជាច្រើនទាំង ផ្លូវកាយ និងផ្លូវចិត្ត ៖

១. ប៉ះពាល់ដល់ការវិនិច្ឆ័យ និងសម្រេចចិត្តរបស់អ្នក ៖ នៅក្នុងការសិក្សាមួយ គេបានធ្វើការពិសោធន៍លើមនុស្សចំនួន ២៦ នាក់ ដែលតម្រូវឱ្យដេកមិនគ្រប់រយៈពេល ២ ថ្ងៃជាប់គ្នា ហើយដាក់តេស្តលើការសម្រេចចិត្ត ។ ជាលទ្ធផល អ្នកទាំងនោះដែលមិនបានដេកគ្រប់ គឺមានភាពលំបាកក្នុងការសម្រេចចិត្ត។

២. ប៉ះពាល់ជាអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នក ៖ យោងតាមសាស្រ្តាចារ្យ David Dinges ការគេងមិនគ្រប់អាចមានឥទ្ធិពលអវិជ្ជមានផ្សេងៗទៅលើមនុស្សម្នាក់ៗ ។ យើងដឹងថា វាធ្វើឱ្យយើងមានអារម្មណ៍ឆេវឆាវ និងឆាប់ខឹង ប៉ុន្តែវាក៏ធ្វើឱ្យយើងពិបាកបង្ហាញអារម្មណ៍វិជ្ជមាននៅលើមុខរបស់យើងដែរ។ អ្នកអាចក្លាយនឹងជាមនុស្សមុខក្រញ៉ូវ និងមិនស្រស់ស្រាយដោយសារតែគេងមិនបានគ្រប់គ្រាន់។ គ្រាន់តែឃើញទឹកមុខអ្នក អ្នកដទៃងាយស្រួលកាត់យល់ណាស់ ថាអ្នកមានអារម្មណ៍បែបណានោះ ។

៣. អាចធ្វើឱ្យអ្នកឡើងទម្ងន់ ៖ ការសិក្សាមួយដែលធ្វើឡើងដោយវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យឈីកាហ្គោ សហរដ្ឋអាមេរិក បានបញ្ជាក់ថា មានទំនាក់ទំនងរវាង ការកើនឡើងចំណង់អាហារ និងការគេងមិនគ្រប់គ្រាន់ ។ ពួកគេបានរកឃើញថា នៅពេលគេងលក់មិនគ្រប់ មនុស្សបានញ៉ាំអាហារផ្តេសផ្តាសមិនល្អសម្រាប់សុខភាព ។ អ្នកស្រាវជ្រាវ បានពន្យល់ថា ប្រសិនបើអ្នកគេងបានគ្រប់គ្រាន់អ្នកអាចគ្រប់គ្រងភាពចង់អាហាររបស់អ្នកបានកាន់តែប្រសើរ ជាពិសេសនៅពេលអ្នកឃើញអាហារមិនល្អ ។ ប៉ុន្តែគាត់ក៏បានបន្ថែមទៀតថា ប្រសិនបើយើងគេងមិនបានស្កប់ស្កល់នោះ យើងអាចនឹងចេះតែឃ្លានក្នុងម៉ោងពេលមិនទៀងទាត់ និងពិបាកក្នុងការទប់អារម្មណ៍ ។

+ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺគេងមិនលក់ សូមកុំភ្លេចចូលរួមស្តាប់ការបកស្រាយរបស់វេជ្ជបណ្ឌិត​ មួង ពៅពន្លឹក ដែលនឹងមានផ្សាយផ្ទាល់លើហ្វេសប៊ុកផេក របស់កម្មវិធី ទៅពេទ្យ (TOVPET) នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១នេះ ចាប់ពីម៉ោង ៧ ល្ងាចតទៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *