- ព័ត៌មានថ្មីៗ

បើកម្ពុជាគោរពសិទ្ធិមនុស្សពេញលេញវិញខាងអឺរ៉ុប នឹងពិចារណាផ្តល់ EBA ទាំងស្រុងមកឲ្យវិញ….

គណៈកម្មការអឺរ៉ុប បានជូនដំណឹងថា ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះទៅ ការដក២០ភាគរយ ឬ១ភាគ៣ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA បានចូលជាធរមានហើយ។ ទន្ទឹមនឹងនេះ គណៈកម្មការអឺរ៉ុប នៅផ្តល់ឱកាសដល់កម្ពុជា ដែលអាចទទួលបាន EBA ២០ភាគនោះមកវិញ បើកម្ពុជាធ្វើតាមសំណូមពររបស់គណៈកម្មការអឺរ៉ុប។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ជូនសារមកថា៖«បើរដ្ឋាភិបាលកម្ពុជា បង្ហាញការវិវឌ្ឍគួរកត់ឲ្យសម្គាល់ណាមួយ លើ [ការគោរព] សិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល គណៈកម្មការអឺរ៉ុប នឹងពិចារណាជាថ្មីពីសេចក្តីសម្រេច [នៃការដក EBA ២០ភាគរយនេះ] ហើយអាចនឹងផ្តល់ជូន EBA ដូចដើមវិញ»។
ការផ្តាច់ EBA ២០ភាគរយ មានន័យថា កម្ពុជា ត្រូវបង់ពន្ធលើមុខទំនិញប្រមាណ២០ភាគរយ ពេលនាំចូលទៅទីផ្សារអឺរ៉ុប។ គណៈកម្មការអឺរ៉ុប អះអាងថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់ខ្លាំង ទៅលើការនាំចេញផលិតផលមួយចំនួន រួមមាន សម្លៀកបំពាក់ ស្បែកជើង រួមទាំងផលិតផលធ្វើដំណើរ ដូចជាវ៉ាលី និង កាបូប ជាដើម ព្រមទាំងស្ករសផងដែរ។

គណៈកម្មការអឺរ៉ុប ចំណាយពេលដល់ទៅមួយឆ្នាំកន្លះ មុននឹងឈានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមនីតិវិធីដំបូងនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ មួយឆ្នាំក្រោយមក គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏សម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ពីកម្ពុជា។

ការសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ មិនទាន់ចូលជាធរមាន ឬមិនទាន់អនុវត្តភ្លាមៗនោះទេ ដោយទុកពេល៦ខែឲ្យកម្ពុជា ចរចា។ ប៉ុន្តែ ការចរចារវាងកម្ពុជានិងអឺរ៉ុបក្នុងរយៈពេល៦ខែមកនេះ មិនបានឈានដល់ចំណុចយល់ស្របគ្នាឡើយ។

អ្វីដែលអឺរ៉ុប ចង់បាន គឺទាមទារឲ្យកម្ពុជា ស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ។ តែកម្ពុជា បកស្រាយថា កម្ពុជាគ្មានបញ្ហាសិទ្ធិមនុស្សឬដើរខុសគន្លងប្រជាធិបតេយ្យនោះទេ។ ទីបំផុត ៦ខែក្រោយមក សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្តីពីការផ្តាច់ EBA ២០ភាគរយពីកម្ពុជា ក៏ចូលជាធរមាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA តាំងពីឆ្នាំ២០០១មក។ បច្ចុប្បន្ន ក្នុងតំបន់អាស៊ាន មានប្រទេសកំពុងអភិវឌ្ឍតែ៣ប៉ុណ្ណោះ គឺ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប្រទេសណា ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ប្រទេសនោះ អាចនាំទំនិញគ្រប់មុខ លើកលែងតែអាវុធ ទៅលក់នៅទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ៕
ប្រភពពី ថ្មីថ្មី

Leave a Reply

Your email address will not be published. Required fields are marked *