ទម្លាប់៣យ៉ាង ដែលធ្វើឱ្យអ្នកឡើងមុនមិនដឹងខ្លួន!!

ការឡើងមុនលើមុខ មិនធ្វើឱ្យយើងស្លាប់នោះទេ តែវាអាចធ្វើឱ្យយើងបាត់បង់ឱកាស និង មានផលរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ក្រៅពីធ្វើឱ្យយើងមើលទៅមិនស្អាត វាក៏បណ្តាលឱ្យយើងមានអារម្មណ៍រមាស់ ឈឺចាប់ នៅកន្លែងដែលវាឡើងដែរ។ ថ្ងៃនេះ អ្នកនឹងដឹងពីទម្លាប់៣យ៉ាង បង្កឱ្យកើតមុន ដែលយើងភាគច្រើនមិនបានគិតទៅដល់


១. ការថប់បារម្ភនិងភាពតានតឹង៖ មនុស្សដែលព្រួយបារម្ភអំពីអ្វីៗគ្រប់យ៉ាង តែងតែកើតមុនលើមុខរបស់ពួកគេ។ ពួកគេមានសម្ពាធផ្លូវចិត្តឬរាងកាយច្រើនពេក ដែលធ្វើឱ្យមានការបញ្ចេញអរម៉ូនស្រ្តេស។ អរម៉ូននេះជម្រុញឱ្យក្រពេញប្រេងនៅគល់រោម បញ្ចេញប្រេងច្រើនលើសកម្រិត ដែលបង្កឱ្យស្ទះ ហើយបង្កទៅជាមុន។ ប្រសិនបើអ្នកចង់បានទឹកមុខល្អឥតខ្ចោះ សូមព្យាយាមរក្សាចិត្តរបស់អ្នកឱ្យស្ងប់ ទោះនៅកាលៈទេសៈណាក៏ដោយ។


២.​​ កង្វះជាតិទឹក៖ មនុស្សមួយចំនួន នៅពេលដែលជក់នឹងការងារ មិនបានគិតដល់ការផឹកទឹកនោះទេ ដែលបណ្តាលអោយមានបញ្ហាស្បែក ដូចជាការឡើងមុនជាដើម។ ពេលដែលស្បែកខ្វះភាពសំណើម វាខំប្រឹងបញ្ចេញប្រេងបន្ថែម ដែលជាលទ្ធផលគឺធ្វើឱ្យងាយនឹងស្ទះរន្ធញើស ហើយបង្កទៅជាមុន។ ដើម្បីឱ្យស្បែករលោងស្អាត យើងត្រូវតែបំពេញតម្រូវការទឹកនៅក្នុងរាងកាយឱ្យបានត្រឹមត្រូវ។
៣. មិនងូតទឹកក្រោយពេលហាត់ប្រាណ៖ ដើម្បីលើកកម្ពស់អនាម័យផ្ទាល់ខ្លួន អ្នកត្រូវតែឆ្លៀតពេលងូតទឹក ក្រោយពេលដែលអ្នកហាត់ប្រាណរួច។ ចូរអ្នកកុំចំណាយពេលយូរពេក ក្រោយពេលការហាត់ប្រាណរួច។ រាល់ភាពកខ្វក់និងញើសដែលជាប់នៅលើខ្លួនរបស់អ្នក រួមជាមួយនឹងការកកិតនៃសម្លៀកបំពាក់ស្អិត បង្កើតបានជាបាក់តេរីដែលរំញោចដល់ការដាច់។ ​ចូរអ្នកសម្រាកបន្តិច ហើយទៅងូតទឹក ទើបជាការល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *