ព្រឺសម្បុរខ្ញាកៗ! វត្ថុបុរាណខ្មែរដ៏ល្អឯកអាយុកាលពាន់ឆ្នាំ អាមេរិកឱ្យកម្ពុជាវិញ

រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឱ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរយើង។ ចម្លាក់នេះសង់ឡើងពីថ្មភក់ ស្ថិតក្នុងប្រាសាទក្រចាប់ ក្នុងសម័យអង្គរនាពាក់កណ្ដាលទី១ នៃសតវត្សទី១០ នៃគ.ស។

ចម្លាក់ព្រះស្កន្ទទេព គីជាព្រះនៃសង្គ្រាមរបស់សាសនាហិណ្ឌូ កម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោ នៅប្រាសាទក្រចាប់ ។ ប្រាសាទក្រចាប់ ជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០គ.ស.ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចយកវត្ថុបុរាណជាទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំអំឡុងកម្ពុជាស្ថិតក្នុងសម័យសង្គ្រាម និងអសន្តិសុខ។

ជាក់ស្ដែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរដ៏ល្អឯករូបចម្លាក់ព្រះស្កន្ទគង់លើក្ងោកនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលខាងមុននេះ។

ការវិលត្រឡប់មកវិញនៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសយើង ដែលបានចាកចេញពីមាតុភូមិកំណើតអស់រយៈពេលច្រើនឆ្នាំ កន្លងមកក្នុងអំឡុងសម័យសង្គ្រាម។

យើងខ្ញុំមានក្តីរំភើបឥតឧបមា នៅពេលដែលយើងអាចទទួលបានមកនូវវិញ សម្បត្តិវប្បធម៌ដ៏មានតម្លៃជាច្រើន ដែលត្រូវបាននាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា ជាអាទិ៍ រូបចម្លាក់ព្រះ ឥសូរនិងព្រះស្កន្ទ ដែលនឹងបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ ហើយជឿជាក់ថាបានយក ចេញពីកន្លែងតែមួយជាមួយនឹងរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក នៅក្នុងតួប៉មកណ្តាលនៃប្រាសាទក្រចាប់។

ការ ត្រឡប់មកវិញនៃរូបចម្លាក់ទាំងនេះ និងរបកគំហើញថ្មីៗជាបន្តបន្ទាប់ បានផ្តល់ឱ្យប្រជាជនកម្ពុជា និងពិភពលោក នូវការយល់ដឹងកាន់តែប្រសើរថែមទៀតអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរបុរាណ៕

អត្ថបទសម្រួលដោយ : Su In
ប្រភពពី សប្បាយ

Leave a Reply

Your email address will not be published. Required fields are marked *