ខ្ទឹមសមានវត្តមានសឹងតែគ្រប់រូបមន្តធ្វើម្ហូបលើផែនដី។ វាមិនត្រឹមបន្ថែមរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងមានប្រសិទ្ធភាពព្យាបាលជំងឺជាច្រើនមុខទៀតផង។ទោះបីខ្ទឹមសឧស្សាហ៍ប្រើធ្វើជាម្ហូប ប៉ុន្តែបើគេទទួលទានវាឆៅ នោះខ្ទឹមសអាចប្រែក្លាយជាឱសថដ៏សក្តិសិទ្ធមួយ។
នៅពេលនិយាយដល់សុខភាពបេះដូង ខ្ទឹមសជួយបន្ថយសម្ពាធឈាម និងកូឡេស្ទើរ៉ូល ទប់ស្កាត់ជំងឺបេះដូងនិងគាំងបេះដូង ក៏ដូចជាជួយបញ្ចៀសនូវជំងឺក្រិនសរសៃឈាម។ខ្ទឹមសក៏មានប្រសិទ្ធភាពអស្ចារ្យសម្រាប់បញ្ហាសុខភាពប្រចាំថ្ងៃផងដែរ ដូចជា គ្រុនក្តៅ រាគរូស ផ្តាសាយតូច ផ្តាសាយធំ សត្វល្អិតទិចឬខាំ និងការឆ្លងជំងឺផ្សិត។
នៅពេលនិយាយដល់បញ្ហាសុខភាពទូទៅ ការទទួលទានខ្ទឹមសឆៅអាចជួយគ្រប់គ្រងរោគសញ្ញានៃជំងឺទឹកនោមផ្អែម ជំងឺស្ពោតឆ្អឹងនិងជំងឺមហារីកក្រពេញប្រូស្តាត។ខ្ទឹមសក៏ជួយជំរុញប្រព័ន្ធភាពស៊ាំ និងសមត្ថភាពរាងកាយក្នុងការកម្ចាត់ជាតិពុលផងដែរ។ ផ្សំខ្ទឹមសជាមួយខ្ទឹមបារាំង វាថែមទាំងអាចជួយលោកអ្នកកម្ចាត់ជាតិពុលគីមីគ្រប់មុខទៀតផង។
* តើត្រូវប្រើប្រាស់ខ្ទឹមសបែបណា?
ការទទួលទានខ្ទឹមសស្រស់ៗគឺជារឿងល្អបំផុត ដោយសារវាជាគ្រឿងផ្សំសកម្ម ហើយសារធាតុ Allicin ត្រូវបានធ្វើឱ្យសកម្មឡើងដោយសារប៉ះកម្តៅរបស់ខ្ទឹមស។ ដើម្បីទទួលបានលទ្ធផលល្អបំផុត ត្រូវបកសំបកខ្ទឹមសហើយកាត់ជាកង់ៗ និងទុកចោល ១៥ នាទី មុនពេលទទួលទានទាំងស្រស់។ ការកាត់ខ្ទឹមជាកង់ៗជួយឱ្យវាមានប្រតិកម្មជាតិគីមីមួយ ដែលធ្វើឱ្យសារធាតុ Allicin កាន់តែមានប្រសិទ្ធភាពស្រូបយកសារជាតិចិញ្ចឹមចូលក្នុងរាងកាយ។
ទាក់ទិនមូលហេតុដែលលោកអ្នកត្រូវទទួលទានវាពេលពោះទទេរ ចម្លើយគឺពិតជាសមញ្ញ។ នៅពេលពោះរបស់អ្នកពោរពេញដោយអាហារ វាពិបាកឱ្យរាងកាយធ្វើដំណើរការ និងស្រូបយកសារធាតុចិញ្ចឹមរបស់អាហារណាស់។
* វិធីល្អបំផុតដើម្បីបន្ថែមខ្ទឹមសចូលក្នុងរបបអាហាររបស់អ្នកគឺត្រូវលាយវាជាមួយទឹកឃ្មុំ៖
– យកខ្ទឹម ២ ទៅ ៣ ក្លែប ហើយកាត់វាជាកង់តូចៗ
– លាយវាជាមួយទឹកឃ្មុំមួយស្លាបព្រាពេញ
ទទួលទានទឹកឃ្មុំលាយជាមួយខ្ទឹមសរាល់ថ្ងៃពេលពោះទទេរ លោកអ្នកនឹងមានអារម្មណ៍ពោរពេញដោយថាមពល និងសុខភាពល្អក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ៕