មហាជនដែលតាមដានជីវិតឯកជនរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា បានជ្រាបហើយពីរឿងរ៉ាវស្នេហារបស់នាង ដែលគិតមកដល់ពេលនេះមានរយៈពេលជិតកន្លះឆ្នាំហើយ ដែលតារាចម្រៀងពេញនិយមរូបនេះ និង អតីតគូស្នេហ៍បានប្រកាសចែកផ្លូវគ្នាជាសាធារណៈកាលពីដើមខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ បន្ទាប់ពីអ្នកទាំងពីរភ្ជាប់ពាក្យហើយទទួលបានចំណងដៃកូនប្រុសម្នាក់ ធ្វើឱ្យនាងជាប់ឈ្មោះជាអ្នកមេម៉ាយកូនមួយទាំងវ័យក្មេង។
ក្រោយជួបជីវិតគ្រួសារមិនសមបំណង គេឃើញតារាស្រីរូបនេះតែងបង្ហាញភាពសោកសៅ ពិបាកចិត្ត និង ប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ប៉ុន្ដែមួយរយៈក្រោយមកនេះ ពេជ្រ សូលីកា ហាក់ធូរស្រាយបន្តិចម្ដងៗ ហើយអាចក្រោកឈរប្រឹងប្រែងធ្វើការរកលុយដើម្បីចិញ្ចឹមកូន និង ប្អូនស្រីក្នុងបន្ទុក ដែលបង្ហាញភាពរឹងមាំរស់នៅយ៉ាងរីករាយ និងមានក្ដីសុខ។
ដោយឡែក ក្រោយពីចែកផ្លូវជាមួយគូស្នេហ៍ និង ស្ពាយឈ្មោះជាអ្នកមេម៉ាយកូន ១ ជិតកន្លះឆ្នាំ ថ្មីៗនេះ អ្នកម៉ាកវ័យក្មេង ពេជ្រ សូលីកា បានធ្វើឱ្យមហាជនផ្ទុះចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញ Story អ៊ីនស្ដាក្រាមរបស់នាងបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសសង្ហាមួយរូប ទំនងជាអ្នកស្អំបេះដូងថ្មី។
ក្នុងនោះ អ្នកម៉ាក់វ័យក្មេងខាងលើ បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយនឹងបុរសរាងសង្ហាម្នាក់ ស្ដែងពីសកម្មភាពយ៉ាងស្និទ្ធស្នាល និង ពោលពាក្យយ៉ាងផ្អែមល្ហែមបែបជាគូស្នេហ៍ ប៉ុន្តែទោះជាយ៉ាងណា ពេជ្រ សូលីកា ពុំបានបង្ហាញមុខមាត់បុរសរូបនោះនៅឡើយទេ ពោលគឺបង្ហាញតែរូបរាងរបស់លោកប៉ុណ្ណោះ៕