នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅទូទាំងរាជធានី និង ខេត្តកណ្តាល ដោយឡែកសម្រាប់បណ្តាខេត្តនានា ត្រូវប្រកាសនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ។
ក្រោយលទ្ធផលនៃការប្រឡងបានប្រកាសជាបន្តបន្ទាប់ ក្នុងនោះគេក៏ឃើញប្អូនៗបេក្ខជនជាច្រើនបានទន្ទឹងរង់ចាំអ៊ុតមើលលទ្ធផលប្រឡងរបស់ខ្លួនយ៉ាងអន្ទះសា ហើយមកដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ លទ្ធផលនៃការប្រឡងនៅទូទាំងប្រទេសក៏បានប្រកាសរួចរាល់ហើយដែរ។
ងាកមកតារាចម្រៀង ចាន់ សុបញ្ញា វិញ ក៏ទទួលបានលទ្ធផលល្អក្នុងការប្រឡងនេះដែរ ដោយម្ចាស់ពាន X Factor Cambodia រូបនេះ ទទួលបាននិទ្ទេស C ក្នុងការប្រឡងបាក់ឌុបឆ្នាំ ២០២២ នេះ។ ក្រោយទទួលបានលទ្ធផល ចាន់ សុបញ្ញា បានរៀបរាប់យ៉ាងរំភើបចិត្តនៅលើហ្វេសប៊ុកថា ៖ «ទីបំផុត កូនប្រុសរបស់ពុកម៉ែធ្វើបានហើយ ម្ចាស់ជីវិតកូន»៕