- កម្សាន្ត

មិនសរសើរមិនបាន!! នាយករដ្ឋមន្ត្រីឥណ្ឌាបានដើររើសសំរាមតាមឆ្នេរសមុទ្រ…

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានដើររើសសំរាមនៅរមណីយដ្ឋានឆ្នេរសមុទ្រមួយកន្លែងដែលលោកធ្វើជាម្ចាស់ផ្ទះទទួលជួបប្រធានាធិបតីចិន លោក ស៊ីជិនពីង។លោក ណារិនដ្រា ម៉ូឌី និងលោក ស៊ី ជីនពីង ជួបជុំគ្នានៅទីក្រុងមហាឡាពូរ៉ាមជាកន្លែងមានប្រាសាទបុរាណច្រើន ដែលមានអាយុកាលជាច្រើនសតវត្សរ៍ និងមានប្រជាប្រិយភាពផងដែរសម្រាប់ភ្ញៀវទេសចរ។

​ប៉ុន្តែ លោក ម៉ូឌី បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយបញ្ចេញវីដេអូអំពីខ្លួនលោកផ្ទាល់ ដើរនិងរត់ហាត់ប្រាណជាមួយនឹងការរើសសំរាមផងដែរនៅតាមឆ្នេរសមុទ្រនៅខាងក្រៅរមណីយដ្ឋានប្រណីតរបស់លោក។ លោកបានប្រមូលសំរាមដែលមានដូចជាសំបកដបជ័រប្លាស្ទិក សំបកចេក និងសំរាមល្អិតៗផ្សេងទៀតដាក់ក្នុងថង់ធំមួយ នៅក្នុងកិច្ចខំប្រឹងប្រែងចុងក្រោយបំផុតរបស់លោកដើម្បីបង្ហាញនូវការខ្វះខាតការសម្អាតនៅតាមទីសាធារណៈនៅឥណ្ឌា។

​លោកបានសរសេរបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមទ្វីតធឺថា “ខ្ញុំប្រមូលសំរាមនៅតាមឆ្នេរសមុទ្រនៅទីក្រុងមហាឡាពូរ៉ាម ខណៈដែលដើរហាត់ប្រាណ ហើយបានប្រគល់សំរាមនោះទៅឱ្យបុគ្គលិកសណ្ឋាគារម្នាក់នៅតំបន់ឆ្នេរសមុទ្រនោះ។” លោកបានសរសេរបន្តថា “ចូរយើងធានាថាទីសាធារណៈរបស់យើងស្អាតហើយមានសណ្តាប់ធ្នាប់។

​យើងត្រូវធានាថាយើងរស់នៅមានសុខភាពល្អ”។ ទីក្រុងនានារបស់ឥណ្ឌាមានកម្រិតបំពុលបរិយាកាសខ្ពស់បំផុតនៅលើពិភពលោកនិងមានភាពកខ្វក់បំផុតផងដែរ ដោយមានគំនរសំរាមនៅតាមមជ្ឈមណ្ឌលធំៗនៃទីក្រុងទាំងនោះ ដូចជានៅទីក្រុងញូវដែលី និងទីក្រុងមុំបៃជាដើម ដោយសារកំណើនទីក្រុងលឿននិង អភិបាលកិច្ចមិនល្អ។លោកណារិនដ្រាម៉ូឌី បានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ជ័រប្លាស្ទិចដែលប្រើបានតែមួយលើកហើយបោះចោល នៅត្រឹមឆ្នាំ២០២២តទៅ ៕