អាថ៌កំបាំងនៃទីក្រុងអង្គរ និងប្រាសាទនានាទាំងអស់នៅកម្ពុជា ហាក់នៅជាអាថ៌កំបាំងនៅឡើយ ដែលធ្វើឱ្យប្រជាជននៅទូទាំងពិភពលោកមានភាពងឿយឆ្ងល់ នូវស្នាដៃដ៏អស្ចារ្យរបស់ដូនតាខ្មែរ ជាព្រលឹងនៃជាតិនិងអត្តសញ្ញាណ ដែលគ្មាន២ទេនៅលើលោក ដែលធ្វើឱ្យកូនខ្មែរមានមោទកភាព ដែលមានដូនតាដ៏អស្ចារ្យ។
ប្រាសាទមេបុណ្យខាងលិច ស្ថិតនៅលើកូនកោះចំកណ្តាលបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា នៃខេត្តសៀមរាប ដែលគេមើលទៅដូចជាប្រាសាទអណ្តែតលើទឹក។ ប្រាសាទនេះស្ថាបនាឡើងនៅក្នុងសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ស្ថិតក្នុងរចនាបថបាពួន ដើម្បីឧទ្ទិសដល់អាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទិ១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទិ២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។
ប្រាសាទនេះមានលក្ខណៈប្លែក ពិសេស សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំកណ្តាល និងពីរទៀតនៅចុងសងខាងនៃថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំនង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ។
អាថ៌កំបាំងនៃប្រាសាទមេបុណ្យខាងលិច ដោយសារបារាយណ៍ទឹកថ្លាព័ន្ធជុំវិញនេះ គឺជាបឹងបុរាណពោរពេញទៅដោយទឹកពេញមួយឆ្នាំ ក្រោយមកវាបានក្លាយជាតំបន់ទៅសម្រាកលេងរបស់ប្រជាជនទូទៅ។ ដោយសារតែឆ្លងកាត់ការជួសជុលកាលពីឆ្នាំ២០១៥ ក្រុមការងារជួសជុលប្រាសាទនៃអាជ្ញាធរអប្សរាបានបង្ហូរទឹកចេញអស់ពីបារាយណ៍ ដើម្បីងាយស្រួលក្នុងការដឹកគ្រឿងនិងសម្ភារៈយកទៅជួសជុល។ បើតាមការអះអាងរបស់លោក ហង្ស ពៅ អគ្គនាយករង អាជ្ញាធរជាតិអប្សរាទទួលបន្ទុកលើការងារជួសជុលប្រាសាទនេះថា ទឹកក្នុងបារាយណ៍នោះនឹងមានជាធម្មតាវិញក្រោយជួសជុលរួច។
អ្វីដែលពិសេស បារាយណ៍នេះ មិនមែនទាញទឹកតែពីទឹកភ្លៀងទេ មួយផ្នែកទៀតគឺតាមព្រែក តាមស្ទឹង ហូរកាត់នៅរដូវវស្សា។ ឧទាហរណ៍នៅបារាយណ៍ឥន្ទ្រតដាកឬបារាយណ៍លលៃគឺអាងទឹកបាយត្រូវបានរៀបចំឱ្យមានកន្លែងជ្រៅមួយឋិតនៅប្របមាត់ស្ទឹងរលួសនិងនៅទាបជាងមាត់ស្ទឹងនោះហើយបាតរបស់បារាយណ៍មានសភាពជ្រៅទៅៗពីរផ្នែកនៅចុងម្ខាងទៅចុងម្ខាងទៀត។ទឹកដែលគេទុកទុកអាចបើកទម្លាយចេញបានទៅតាមជំរាលធម្មជាតិនៃដីតាមបណ្ដាញនៃប្រឡែងទឹកបន្ទាប់មកកន្លែងនោះក៏ហូរចាក់ទៅក្នុងស្រះធំព័ទ្ធជុំវិញកំផែងប្រាសាទព្រះគោប្រាសាទបាគងនិងប្រាសាទព្រៃមន្ទីរ។នេះបើយោងតាមសៀវភៅ មគ្គុទេសក៏ អាណាចក្រអង្គរ។
តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច (សព្វថ្ងៃស្ថិតក្នុងសារមន្ទីរជាតិ)។ យោងតាមការបកស្រាយរបស់លោក ជីវ តាក្វាន់ បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើពស់អនន្តៈ បណ្តែតខ្លួនលើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ។
គួរជម្រាបជូនថា ប្រាសាទមេបុណ្យខាងលិចនេះឋិតនៅចម្ងាយ១១គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប នៅលើកោះចំកណ្ដាលបារាយណ៍ទឹកថ្លា ដែលមានប្រវែងបណ្តោយ៨គីឡូម៉ែត្រ និងទទឹង២,១គីឡូម៉ែត្រ។
អត្ថបទដោយ៖ នឹម ផានុន (Pranun)