- ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី (មានវីដេអូ)

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយដោយអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី មកកម្ពុជានាពេលថ្មីៗនេះ។ ជាមួយសារអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការធ្វើចត្តាឡីស័កដ៏ច្បាស់លាស់របស់សម្តេចផងដែរ។

សូមស្តាប់សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួនជាង២៣នាទី៖

គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលមុិញមាន វិជ្ជមានកូវីដ១៩​ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ ពីកម្ពុជា។ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន ប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ ទំនងទាំងអស់ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ។

ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅ ក៏មិនអាចជួបបានដែរ។ ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពី សាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមាន ជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់ តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។ សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។

ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេចនិងចុះហត្ថលេខា លើឯកសារនានារបស់រាជរដ្ឋាភិបាល បានដដែល។សមាជិករាជរដ្ឋាភិបាល អភិបាលខេត្តនិងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូន គោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់ តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភ ពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។