អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” បានធ្វើឲ្យមានការអបអរសាទរជាច្រើនដែលអ្នកឧកញ៉ាបានវិវត្តន៍ខ្លួនពីពលករធ្វើការនៅប្រទេសកូរ៉េ តស៊ូរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារហូតជួយសង្គមជាតិជាច្រើន។ មានប្រិយមិត្តជាច្រើនក៏បានចង់ដឹងពីប្រវត្តិ និងការរកស៊ីរបស់អ្នកឧកញ៉ាតាំងពីពេលធ្វើជាពលករនៅកូរ៉េ រហូតទទួលបានជោគជ័យយ៉ាងខ្លាំងបែបនេះ៖
ជីវិតកំសត់៖
ក្នុងវ័យ៣៤ឆ្នាំ អ្នកឧកញ៉ា ឡេង ភត្រា ដែលប្រិយមិត្តភាគច្រើនបានស្គាល់ឈ្មោះ ឡេង ណាវ៉ាត្រា ធ្លាប់បានរៀបរាប់ជីវីតកំសត់កាលពីអតីតកាលនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនកាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ ២០១៧ ថា៖ អតីតកាលខ្ញុំគ្រាន់ជាក្មេងក្រីក្រប្រចាំភូមិម្នាក់ ផ្ទះធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមជាប់នឹងដីចំនែកអាហារកុំថាឡើយម្ហូបគ្រប់គ្រាន់សូម្បីតែអង្ករក៍ដាច់ពេលដែរ។
បន្ទប់រៀននៃសាលាបឋមសិក្សាឃ្លាំង ខ្ញុំជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ទី៦ ដែលលោក គ្រូ អាន ជាគ្រូ និងជាមនុស្សដែលខ្ញុំគោរព ម្ដាយខ្ញុំជាស្ត្រីគ្រប់លក្ខដែលមានសុខភាពមិនសូវមាំទាំ ឪពុកខ្ញុំជាអ្នករែកដីតាមភូមិមិនចេះផឹកស្រាមិនសូវមានគេរាប់ ដែលអ្នកស្រុកនិងបងប្អូនមួយចំនួនមើលងាយហើយប្រមាថលើសពីការទទួលយកបាន ជាពិសេសមិត្តភក្តិគេនិយាយដៀមដាមនឹងប្រមាថឪពុករបស់ខ្ញុំជាញឹកញាប់។
មានពេលមួយនោះឪពុកខ្ញុំមិននៅទៅរែកដីឆ្ងាយមេឃភ្លៀងនៅផ្ទះអត់មានអង្ករនោះទេ ខ្ញុំ សំលឹងទៅម៉ែ ម៉ែកំពុងហូរទឹកភ្នែក មួយសន្ទុះក្រោយមកម្ដាយខ្ញុំចេញទៅក្រៅជាមួយបងប្រុសខ្ញុំ ហើយគាត់អោយខ្ញុំចាំផ្ទះ ខ្ញុំពរប្អូនស្រីដែលមានអាយុប្រហែលពីរឆ្នាំជាង ប្អូនប្រុសខ្ញុំយំទារបាយ ខ្ញុំបើកឆ្នាំងបាយគឺឃើញមានតែបាយកកមួយដុំប៉ុណ្ណោះ ប្អូនខ្ញុំស្រវ់ាយកទាំងអស់ ខ្ញុំវាយប្អូនឡើងយំ ព្រោះខ្លាចអស់បាយខានម៉ែ ម៉ោងប្រហែលបីល្ងាចហើយមិនឃើញម៉ែមកវិញសោះ
ប្អូនយំកាន់តែខ្លាំង ខ្ញុំក៏យំដែរ មេឃភ្លៀងយប់ងងឹតស្រាងៗបងប្រុសខ្ញុំមកដល់ជាមួយម្ដាយគឺខ្ញីស្រូវគេបានមួយតៅនឹងសុំបាយគេខ្លះមកជាមួយ គាត់ស្រវ៉ាពរប្អូនស្រីដែលកំពុងយំ ប្អូនប្រុសខ្ញុំយំផងទូពិតម្ដាយផង ហើយគាត់បន្ទោសខ្ញុំទាំងទឹកភ្នែកថាកូនហ្ហើយកូនម៉េចមិនអោយប្អូនស៊ីបាយ ពេលនោះខ្ញុំអាណិតម៉ែណាស់ហើយអាណិតប្អូនណាស់។
ការចាប់ផ្តើមរកស៊ី៖
ឆ្នាំ ២០១០ ដោយសារជីវភាពលំបាក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាកចេញពីស្រុកកំណើតនៅខេត្ត ព្រៃវែង។ នៅក្នុងបទសំភាសន៍នៅស្ថានីយ៍ទូរទស្សន៍ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រាប់ថាធ្លាប់លក់ហ្គាស លក់មី ដឹកស្រាលក់ និងបុកល្ហុងជាដើម តែគាត់បរាជ័យរហូត។ លុះក្រោយមកអ្នកឧកញ៉ា ធ្វើការនៅកូរ៉េបាន ២ឆ្នាំ (ឆ្នាំ២០១២) អ្នកឧកញ៉ា មានគំនិតរកស៊ី ក៏ប្រមែប្រមូលលុយកាក់បាន ១១០០០$ និងខ្ចីបងប្អូននិងធនាគារបានជាង ៣ ម៉ឺនដុល្លារទៀត ដើម្បីទិញដីមួយកន្លែងនៅម្តុំចោមចៅ ទំហំ 28m X 50m ក្នុងតម្លៃ ៤ម៉ឺនដុល្លារជាង។ មួយឆ្នាំក្រោយមក នៅឆ្នាំ២០១៤ អចលនទ្រព្យដំបូងរបស់អ្នកឧកញ៉ា លក់បាន ១២ម៉ឺនដុល្លារ ពោលគឺចំនេញបាន ៨ម៉ឺនដុល្លារ
ហើយអ្នកឧកញ៉ា បានបន្តទៅទិញដីតូចៗ ៤កន្លែងផ្សេង សម្រាប់ទុកចំណែក ស្រាប់តែចៃដន្យមានមិត្តភក្តិបានសុំចែកដីពីគាត់ 5m ដើម្បីធ្វើផ្ទះរស់នៅ ហើយក៏មានអ្នកសុំចែកដីជាបន្តបន្ទាប់ទៀត រហូតអ្នកឧកញ៉ា មានគំនិតពុះដីឡូត៌លក់ ដោយខ្ចីលុយគេបន្ថែមទៀត សម្រាប់ទិញដី នៅផ្លូវជាតិលេខ៣ ចូលហ៊ុនជាមួយមិត្តភក្តិ ២ នាក់ ចាប់ផ្តើមដំបូងនៅទំហំដី ២៥អា ស្នើនឹង ៣០ឡូត៍ រយៈពេលប្រហែល ៥ ទៅ ៦ ខែពង្រីកបានជាង ៧ហិកតា ជិត ៧០០ឡូត៌ (កាលនោះមួយឡូត៌ ១ ពាន់ដុល្លារជាង ទៅ២ ពាន់ដុល្លារជាង) ។
បន្ទាប់ពីទទួលបានជោគជ័យខ្លាំង អ្នកឧកញ៉ា បានបន្តទៅពុះដីឡូត៍លក់នៅតំបន់ព្រៃទទឹងខេត្តកំពង់ស្ពឺ ធ្វើបានជាង ៧០០ឡូត៍ទៀត ។ អ្នកឧកញ៉ាបានចាប់អារម្មណ៍ធ្វើផ្ទះនៅផ្លូវវេងស្រេង គម្រោងដំបូងមាន ១៥១ល្វែង ដោយត្រឹម៣ថ្ងៃលក់បាន ៧០ល្វែង និង ៣ ខែលក់អស់តែម្តង នេះជាការគាំទ្ររបស់បងប្អូនដោយសារតែជឿជាក់ លើភាពទទួលខុសត្រូវខ្ពស់របស់
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ អ្នកឧកញ៉ា បានមានប្រសាសន៍ប្រាប់ថា ផ្ទះល្វែងតម្លៃទាបបំផុតនៅទីក្រុង អ្នកឧកញ៉ា ផ្តោតទៅលើអ្នកមធ្យម និងអ្នកក្រោមមធ្យម ហើយបងប្អូនធ្វើការរោងចក្រក៏អាចទិញបានដែរ។ រឿងដែលអ្នកឧកញ៉ា លក់ក្នុងតម្លៃធូរថ្លៃបាន គឺដោយសារ អ្នកឧកញ៉ា រកទិញបានដីធូរថ្លៃ ដោយសារទិញពីអ្នកចង់លក់ និងអ្នកឧកញ៉ា បានផ្តាំថាកុំទិញដីដែលគេមិនចង់លក់។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់មានប្រសាសន៍ក្នុងនៅឆ្នាំ ២០១៨ ថាទ្រព្យ និងដីមានតម្លៃប្រហែល ១០លានដុល្លារ ក្រោយមកអ្នកឧកញ៉ា បានជោគជ័យរហូតដល់ឆ្នាំ ២០២១នេះ ទទួលបានងារជា អ្នកឧកញ៉ា។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយនឹងពលករ និងពលរដ្ឋរស់នៅប្រទេសកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរដល់ពលករខ្មែរជាច្រើននាក់ដែលបានខិតខំសន្សំប្រាក់ និងចំណេះជំនាញ ដែលបានមកពីធ្វើការងារនៅប្រទេសកូរ៉េទៅបង្កើតមុខរបរផ្សេងៗ រហូតទទួលជោគជ័យ ពិសេស អតីតពលករខ្មែរម្នាក់បានតស៊ូជោគជ័យ ក្នុងវិស័យអចលនទ្រព្យ គឺឧកញ៉ា ឡេង ណាវ៉ាត្រា ដែលសន្សំលុយតិចតួចបានពីកូរ៉េ យកទៅទិញដីធ្លី។
លោកឡេង ណាវ៉ាត់ត្រាដែលមានឈ្មោះដើម ឡេង ភក្រា ត្រូវបានមហាក្សត្រផ្តល់គោរមងារជាឧកញ៉ានៅថ្ងៃ ០៦ កក្កដា ឆ្នាំ ២០១៨។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយធ្វើផ្លូវថ្នល់សម្រាប់សង្គម និងបានជួយការងារសង្គមជាច្រើនផងដែរ ដូចជា៖ កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០១៩ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា យកថវិកាចំនួន ៨០លានរៀល ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ខែតុលា ឆ្នាំ ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិការហូតទៅដល់ ៦០ម៉ឺនដុល្លារ និងបានដឹកនាំតារាចម្រៀងក្នុងផលិតកម្ម របស់លោកចុះចែកអំណោយដោយផ្ទាល់តែម្ដងនៅ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ អំណោយដែលក្រុម គ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនមាន អង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។
ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនងាយរងគ្រោះ។