អង់គ្លេស៖ មិនសរសើរមិនបាន ក្មេងប្រុសជនជាតិម៉ាឡេស៊ី ដែលមានវ័យទើបតែ ៣ ឆ្នាំម្នាក់រស់នៅចក្រភពអង់គ្លេស ទើបក្លាយជាសមាជិកវ័យក្មេងជាងគេបំផុតរបស់ Mensa UK ដែលជាសង្គមបញ្ញាអាយឃ្យូ (IQ) លំដាប់អន្តរជាតិធំជាងគេ និងចំណាស់ជាងគេបំផុតនៅលើពិភពលោក។
កាលពីពេលថ្មីៗនេះ ក្នេងប្រុសឈ្មោះ Muhammad Haryz Nadzim ត្រូវបានគេអញ្ជើញឱ្យចូលរួមជាមួយ Mensa បន្ទាប់ពីរូបគេទទួលបានពិន្ទុ ១៤២ ស្មើនឹង ៩៩.៧ ភាគរយ លើការធ្វើតេស្ត៍ Stanford-Binet IQ ។
នៅក្នងសេចក្ដីប្រកាសព័ត៌មានមួយរបស់លោក John Stevenage នាយកប្រតិបត្តិរបស់ Mensa បានសម្ដែងការពេញចិត្ត និងក្ដីសង្ឃឹមទៅកាន់ Haryz ថា៖Haryz បានគោរពតាមការអញ្ជើញរបស់យើង ក្នុងការចូលរួមជាមួយ Mensa ។ រូបគេនឹងជាក្លាយជាយុវជនម្នាក់ ដែលមានអនាគតភ្លឺស្វាង ហើយយើងរីករាយក្នុងការសូមស្វាគមន៍រូបគេមកកាន់ Mensa។
គួរឲ្យដឹងដែរថា យោងតាមវេបសាយផ្លូវការណ៍របស់ Mensa ដើម្បីអាចក្លាយជាសមាជិករបស់ Mensa UK បាន បេក្ខជនម្នាក់ៗត្រូវឆ្លងកាត់ការធ្វើតេស្ត៍ជាមុនសិន ។ ចំពោះកុមារ និងមនុស្សពេញវ័យដែលមានអាយុលើសពី ១០ ឆ្នាំកន្លះឡើងទៅ ពួកគេតម្រូវឲ្យមានការធ្វើតេស្ត៍ Mensa IQ ជាមុនសិន។ ចំណែកឯ កុមារអាយុក្រោម ១០ ឆ្នាំ ពួកគេត្រូវបានវាយតម្លៃដោយ អ្នកចិត្តវិទ្យាខាងអប់រំ ដើម្បីកំណត់ពិន្ទុអាយឃ្យូរបស់ពួកគេ។
អ្នកនាំពាក្យរបស់ Mensa លោក Charles Brown បានប្រាប់ឲ្យដឹងថា បើយោងតាមការវាយតម្លៃរបស់អ្នកចិត្តវិទ្យា ពិន្ទុរបស់ Haryz លើការធ្វើតេស្ត៍ Stanford-Binet IQ ជាផ្នែកមួយដ៏សំខាន់ ដែលជួយឲ្យគេអាចក្លាយជាសមាជិករបស់ Mensa ។ ដែលមុខវិទ្យាប្រលងរួមមាន គណិតវិទ្យា ការអាន ការទន្ទេញ និងសំណួរជាដើម។
ទន្ទឹមនឹងនេះ អ្នកស្រី Asyikin ដែលត្រូវជាម្ដាយ ក៏បានបង្ហើបថា Haryz គឺជាក្មេងម្នាក់ដែលចូលចិត្តការគូរគំនូរ និងការអានសៀវភៅវ។ អ្នកស្រីបន្តថា Haryz មិនត្រឹមតែចូលចិត្តការសិក្សាមួយមុខនោះទេ ប៉ុន្តែគេក៏ចូលចិត្តលេង ដូចនឹងក្មេងៗដ៏ទៃទៀតដែរ។ ហើយអ្នកស្រីសង្ឃឹមថា កូនប្រុសរបស់អ្នកស្រី នឹងអាចជួយដល់សង្គមជាច្រើននាពេលអនាគត។
ប្រភព៖Khmerload